ពីនេះ ពីនោះ
សុខភាព
នៅពេល​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ កុំ​រំលង​អាហារ​ទាំងនេះ​
09, Dec 2020 , 6:59 pm        
រូបភាព
​តើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​មែន​ទេ​? ជា​ញឹកញយ​ភាពមិនប្រក្រតី​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ប៉ុន្តែ​កុំ​បារម្ភ​! វា​មិនមែនជា​អ្វីដែល​មិនអាច​ទប់ស្កាត់ ឬ​គ្រប់គ្រង​បានឡើយ​។ ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ៖

 
១. ត្រី​សម្បូរ​ខ្លាញ់​
 
​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ព្រមទាំង​ប្រូតេអ៊ីន​ជួយ​កាត់បន្ថយ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ក៏ដូចជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។ លើសពីនេះទៅទៀត​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ល្អ​សម្រាប់​សុខភាព​សន្លាក់ឆ្អឹង បេះដូង និង​ខួរក្បាល​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ឳ្យ​បាន ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​សំខាន់បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​។ ជាតិ​ស​សៃ​ជួយ​ពន្យឺត​បរិមាណ​នៃ​ជាតិ​ស្ករ​ដែល​ត្រូវ​បញ្ចេញ​ទៅក្នុង​ឈាម​ដែល​រក្សា​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យមាន​ស្ថេរភាព​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​បន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៣. បន្លែ​ប្រភេទ cruciferous
 
​រួមមាន​ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា ស្ពៃក្ដោប និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​ក្រៅពី​មាន​ផ្ទុក​សមាសធាតុ sulfur ឬ glucosinolates ខ្ពស់​ដែល​អាច​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ហើយ​នោះ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ វីតាមីន A វីតាមីន C និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ គួរឱ្យកត់សម្គាល់​។​
 
៤. គ្រាប់ពូជ​
 
​គ្រាប់ពូជ​រួមមាន​គ្រាប់ល្ង គ្រាប់​ជី គ្រាប់​ល្ពៅ និង​គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​ជាតិ​ស​សៃ​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​ដែល​កំពុង​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​នេះ​។​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​អ្នក​ក៏​គួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​រាល់ថ្ងៃ​ផងដែរ​ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នេះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​ជាតិ​ស​សៃ​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៦. ខ្ទឹមស​និង​ខ្ទឹមបារាំង​
 
​ខ្ទឹម​ទាំងពីរ​នេះ​មាន​ផ្ទុក​សារធាតុ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ទប់ស្កាត់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ខ្ទឹមស និង​ខ្ទឹមបារាំង​ឱ្យបាន​ញឹកញាប់ ឬ​រួមបញ្ចូល​វា​ក្នុង​អាហារ​ជា​គំនិត​ប្រសើរ​បំផុត​។​
 
៧. តែ​បៃតង​
 
​តែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ catechins,  polysaccharides និង epigallocatechin gallete ដែល​ជួយ​បញ្ចុះ ក៏ដូចជា​គ្រប់គ្រង​ការ​ស្រូបយក​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​តែ​បៃតង​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បាន​ដល់​ទៅ ៤២​ភាគរយ​។​
 
៨. សូកូឡា​ខ្មៅ​
 
​មាន​ផ្ទុក​សារធាតុ catechins ដែល​អាច​គ្រប់គ្រង​ការផលិត​ជាតិ​ស្ករ​របស់​រាងកាយ​។ ទោះជា​យ៉ាងណា​ការ​ទទួលទាន​សូកូឡា​ខ្មៅ គឺ​ពិតជា​ល្អ​ជាង​សូកូឡា​លាយ​ទឹកដោះគោ​។ សូកូឡា​ជួយ​បង្កើន​ភាពប្រែប្រួល​នៃ​អាំង​ស៊ុយ​លីន​ដែល​ធ្វើឱ្យ​រាងកាយ​អាច​ផ្លាស់​ទី​ជាតិ​ស្ករ​ទាំងអស់​ចេញពី​កោសិកា​ឈាម ដូច្នេះ​អ្នកនឹង​មាន​ថាមពល​កាន់តែ​ប្រសើរ​ពេញ​មួយថ្ងៃ​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា​សូកូឡា​ខ្មៅ​ដែល​អ្នក​ជ្រើសរើស​មាន​ផ្ទុក​ជាតិ​កា​កាវ ៧០ ភាគរយ​និង​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ​។​
 
​ប្រយ័ត្ន​! ការប្រកាន់​ខ្ជាប់​នូវ​របប​អាហារ​គួបផ្សំ​នឹង​ការធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ក៏​ជា​កត្តា​សំខាន់បំផុត​ផងដែរ​ប្រសិនបើ​ចង់​រក្សាបាន​នូវ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រក្រតី​។ ហើយក៏​កុំ​ភ្លេច​ទទួលទាន​ថ្នាំ​ដែលមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​វេជ្ជបណ្ឌិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com