ជាតិ
សង្គមជាតិ
ស្ត្រីខ្មែរម្នាក់ ដែលអះអាងថាមេខ្យល់បង្ខំឲ្យរៀបការជាមួយបុរសចិន ត្រូវបានសង្គ្រោះហើយ ស្រ្តីខ្មែរ ដែលត្រូវមេខ្យល់បង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិន ពេលត្រូវបានជួយសង្គ្រោះ (រូបពីគណនីហ្វេសប៊ុកឈ្មោះ Jian Wang)
× ស្ត្រីខ្មែរម្នាក់ ដែលអះអាងថា នាង ត្រូវមេខ្យល់បង្ខំឲ្យរៀបការជាមួយបុរសជនជាតិចិន ហើយរងទុក្ខលំបាកនោះ ត្រូវបានអាជ្ញាធរកម្ពុជានិងអាជ្ញាធរចិន បានរកឃើញហើយ។ គេទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយថា បច្ចុប្បន្ន នាងកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងស្ថានអគ្គកុងស៊ុលកម្ពុជា ក្នុងប្រទេសចិន។
លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះថា អាជ្ញាធរកម្ពុជា កំពុងរៀបចំឯកសារ ដើម្បីបញ្ជូនស្ត្រីខ្មែររូបនោះ មកកម្ពុជាវិញ។ យ៉ាងណា លោក ពុំទាន់ដឹងច្បាស់នោះទេថា អាជ្ញាធរ នឹងបញ្ជូននាង មកកម្ពុជានៅថ្ងៃណា។
ម្យ៉ាងទៀត លោក ក៏មិនទាន់ទទួលបានព័ត៌មានលម្អិតពីស្ត្រីរូបនោះដែរ ជុំវិញប្រវត្តិរបស់នាង ដែលចាញ់បោកមេខ្យល់។ លោក អះអាងថា ស្ថាប័នរបស់លោក នឹងសហការជាមួយក្រសួងការបរទេសនិងក្រសួងសង្គមកិច្ច ដើម្បីសម្ភាសនាង នៅពេលនាង មកដល់កម្ពុជាវិញ។ លោក បញ្ជាក់ថា គោលបំណង គឺដើម្បីដឹងព័ត៌មានពីមេខ្យល់ ដែលបោកនាង ហើយនឹងឈានទៅដល់ការស្វែងរកមេខ្យល់នោះ យកទៅផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ច ចាប់ផ្តើមជួយធ្វើអន្តរាគមន៍ នៅពេលឃើញស្ត្រីខ្មែររូបនោះ បង្ហោះព័ត៌មានពីខ្លួននាងនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយត្រូវបានចែករំលែកតៗគ្នា។ នាង ប្រាប់ថា នាង អាយុ២០ឆ្នាំ មានផ្ទះនៅស្រុកស្នួល ខេត្តក្រចេះ។ នាង ផ្តល់ព័ត៌មានលើបណ្តាញសង្គមថា មេខ្យល់បង្ខំនាងឲ្យរៀបការជាមួយបុរសជនជាតិចិន ហើយបើនាង មិនព្រមរៀបការទេ មេខ្យល់នោះ នឹងយកនាងទៅលក់ឲ្យធ្វើស្រីពេស្យា។
នាង សរសេរទៀតថា នាង ចង់មានសេរីភាព និងចង់វិលមកកម្ពុជាជួបជុំគ្រួសារវិញ។ នាង បានអំពាវនាវដោយអមជាមួយរូបភាពយំនៅលើបណ្តាញសង្គមថា៖«ពេលនេះ ខ្ញុំ [មាន] សម្ពាធខ្លាំងណាស់ ត្រូវគេ បិទសិទ្ធិសេរីភាព ហើយគេបង្ខំឲ្យមានកូនឲ្យគេឲ្យឆាប់ទៀត នៅក្នុងផ្ទះ ចេញក្រៅមិនបាទេ សូមសម្តេចពុក ហ៊ុន សែន និងបងៗសិទ្ធិមនុស្ស ជួយខ្ញុំផង»៕
Tag:
ស្ត្រីខ្មែររងគ្រោះនៅចិន
មេខ្យល់
ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com