COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Arsenal ឡើងទៅវគ្គ៣២ក្រុម ជាមួយវត្តមានអ្នកគាំទ្រលើកដំបូង ២ពាន់នាក់
× Arsenal ទទួលបានកៅអីទៅកាន់វគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League បន្ទាប់ពីយកឈ្នះ Rapid Wien ក្នុងលទ្ធផល ៤-១ នាការប្រកួតវគ្គសន្សំពិន្ទុពូល B។ នេះជាជំនួបលើកដំបូងរបស់កាំភ្លើងធំដែលមានអ្នកគាំទ្រចំនួន២០០០នាក់ចូលទស្សនាផ្ទាល់ ក្រោយបិទទ្វារកីឡដ្ឋានដោយសារ COVID-19។
ក្នុងជំនួបលើកទី៥ពូល B នៅកីឡដ្ឋាន Emirates នៅរាត្រីថ្ងៃទី៣ ខែធ្នូ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់២ពាន់នាក់ Arsenal បានបើកការវាយសម្រុករហូតរកបាន៣គ្រាប់មុនដែលធ្វើបានដោយ Alexandre Lacazette, Pablo Mari និង Edward Nketiah នៅក្នុងវគ្គទី១។ ចូលដល់តង់ទី២ ស្របពេលការប្រកួតដំណើរការបាន២នាទី កីឡាករជប៉ុន Koya Kitagawa ស៊ុតមួយគ្រាប់ឲ្យ Rapid Wien មុនពេល Emile Smith-Rowe បន្ថែមគ្រាប់ទី៤ឲ្យក្រុមលោក Mikel Arteta។ ចប់ការប្រកួតកាំភ្លើងធំឈ្នះក្រុមរបស់អូទ្រីស ៤-១។
នេះជាការអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលកីឡដ្ឋានលោកដំបូងរបស់ក្រុមដែលស្ថិតក្រុងឡុងដ៍ ក្រោយរយៈពេល ២៧១ថ្ងៃ បន្ទាប់ពីបម្រាមមិនឲ្យមានអ្នកទស្សនាផ្ទាល់ដើម្បីការពារការរាតត្បានៃជំងឺ COVID-19។
តាមរយៈជ័យជម្នះនេះ បាននាំលីគកំពូលអង់គ្លេសទទួលបានសិទ្ធិទៅកាន់វគ្គ៣២ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បើទោះការប្រកួតនៅសល់១លើកទៀតក្តី។ Arsenal រកបាន ១៥ពិន្ទុពីការប្រកួត៥លើក ឈរកំពូលតារាងពូល B ដោយនាំមុខក្រុមលេខ២ Molde ចំនួន៦ពិន្ទុ ខណៈ Rapid Wien នៅលេខ៣មាន៦ពិន្ទុ ឯ Dundalk ដែលចាញ់ Molde នៅរាត្រីថ្ងៃទី៣ ធ្នូនេះដែរ គ្មានពិន្ទុរាប់ និងអស់សិទ្ធប្រជែងទៅវគ្គបន្ត។ Molde និង Rapid Wien ត្រូវប៉ះគ្នានៅជំនួបចុងក្រោយ និងជាប្រកួតកាត់សេចក្តីថាក្រុមណាត្រូវឡើងទៅវគ្គបន្ត។
ក្រៅពី Arsenal ក្រុមរបស់អង់គ្លេសពីរទៀតរួមមាន Leicester City និង Tottenham Hotspur ជាក្រុមដែលបានកៅអីទៅវគ្គ៣២ក្រុម ក្រោយឆ្លងកាត់៥ប្រកួត រួមជាមួយ១៥ក្រុមទៀតដូចជា Roma, Slavia Prague, Bayer Leverkusen, Rangers, Benfica, Granada, PSV Eindhoven, SC Braga, Lille, AC Milan, Villarreal, Royal Antwerp, Dinamo Zagreb, Hoffenheim និង FK Crvena Zvezda។ ១៤ក្រុមទៀតនឹងត្រូវកាត់សេចក្តីក្នុងការប្រកួតចុងក្រោយតាមពូលនៅសប្តាហ៍ក្រោយ។
Tag:
Europa League
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com