COVID-19
ជាតិ
ក្រសួង ឲ្យ​បុគ្គលិក​ផ្សារ​ទំនើប ធនាគារ និង កន្លែង​អាជីវកម្ម​នានា វាស់​កម្ដៅ​៣​ដង​ក្នុង​១​ថ្ងៃ
04, Dec 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សុខា​ភុ​បាល ចេញ​វិធាន​ការណែនាំ​បន្ថែម ដើម្បី​ពង្រឹង​ការការពារ​ការឆ្លង​កូ​វីដ​-១៩ ពិសេស​នៅតាម​ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។ ក្រសួងសុខាភិបាល ណែនាំ​ថា បុគ្គលិក​នៅតាម​ទីតាំង​ទាំងនោះ ត្រូវ​ពាក់​ម៉ាស់​ឬ​ពាក់​របាំងមុខ និង​វាស់​កម្ដៅ​ឲ្យ​បាន​៣​ដង​យ៉ាងតិច ក្នុង​១​ថ្ងៃ​។


​សេច​ក្ដ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ចេញ​ថ្ងៃទី​៤​ធ្នូ​នេះ បាន​ប្រាប់​ទៅ​ម្ចាស់​អាជីវករ​ផ្សារ​ទំនើប ធនាគារ និង​កន្លែង​អាជីវកម្ម​ផ្សេងៗ ឲ្យ​ត្រូវ​ពង្រឹង​វិធានការ​បង្ការ​ការឆ្លង​កូ​វីដ​-១៩ ដោយ​ណែនាំ​ឲ្យ​បុគ្គលិក​បម្រើការ​ងារ​ទាំង​អស់ ឲ្យ​ពាក់​ម៉ាស់​ឬ​របាំងមុខ​ការពារ​ជាប្រចាំ អំឡុងពេល​បំពេញការងារ ហើយ អតិថិជន​ទាំងអស់ ក៏ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប់​ជានិច្ច​ដែរ​។ 
 
​ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ម្ចាស់​ធនាគារ ផ្សារ​ទំនើប និង ហាង​នីមួយៗ​ត្រូវ បំពាក់​ម៉ាស៊ីន​វាស់​កម្ដៅ ឬ​ទែ​ម៉ូ​ម៉ែត្រ សម្រាប់​វាស់​កម្ដៅ​ដោយ​ដៃ រួមទាំង​អាល់កុល ឬ​ជែ​ល​លាងដៃ​នៅ​គ្រប់​ច្រកចេញចូល​។ ក្រសួង បន្តថា ម្ចាស់​អាជីវកម្ម​ទាំងនោះ ត្រូវ​រៀបចំ​ទីតាំង​ឈរ​ឬ​អង្គុយ សម្រាប់​បុគ្គលិក  និង​អតិថិជន​របស់ខ្លួន ដោយ​រក្សា​គម្លាត​សុ​វត្តិភាព​យ៉ាងតិច​១​ម៉ែត្រ​កន្លះ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។ 
 
​ក្រសួងសុខាភិបាល បន្ថែមថា ម្ចាស់​អាជីវកម្ម​ក៏ត្រូវ​ដាក់​ស្លាក​សញ្ញា​ណែនាំ​ពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ពេល​ក្អក​-​កណ្ដាល នៅ​ទីតាំង​ដែល​អាច​មើលឃើញ​ផងដែរ​។ ក្រៅពីនេះ ម្ចាស់​អាជីវកម្ម​ត្រូវ​ស្វាគមន៍​គ្នា​តាម​ការលើកដៃ​សំពះ ចៀសវាង​ចាប់ដៃគ្នា​។ 
 
​ក្រសួងសុខាភិបាល ក្រើនរម្លឹក​អ្នកគ្រប់គ្រង​ឬ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ឲ្យ​រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ភ្លាម បើ​ជួប​ករណី​សង្ស័យ​ឬ​ឃើញ​នរណាម្នាក់​មាន​សញ្ញា​ក្នុង​និយមន័យ​នៃ​កូ​វីដ​-១៩៕ 

Tag:
 COVID-19
  វិធានការ​
  ធនាគារ​
  ផ្សារ​ទំនើប​
  វាស់​កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com