ជាតិ
សេដ្ឋកិច្ច
ពឹង​ដង្ហើម​ថៃ​លើ​ការនាំចេញ​មៀន​ប៉ៃលិន​ទៅ​ចិន សហគមន៍​អ្នក​ដាំ​មិន​ចង់​បន្ត​បែប​នេះឡើយ​
04, Dec 2020 , 5:10 pm        
រូបភាព
ស្ត្រី​ជា​កម្មករ កំពុង​រៀបចំ​មៀន​ប៉ៃលិន​ដាក់​ក្នុង​កញ្ច្រែង កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។​
ស្ត្រី​ជា​កម្មករ កំពុង​រៀបចំ​មៀន​ប៉ៃលិន​ដាក់​ក្នុង​កញ្ច្រែង កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។​
​ប៉ៃលិន​៖ ជាង​៨​ឆ្នាំ​មកហើយ​ដែល​ប្រជាកសិករ និង​សហគមន៍ ដាំ​មៀន​ប៉ៃលិន (​ឬ តា​ងែ​ន​) នាំ​ដំណាំ​ខ្លួន​ទៅ​ទីផ្សារ​ប្រទេស​ចិន តាមរយៈ​ថៃ​ដោយ​ជ្រក​ក្រោម​និ​មិ្ម​ត​សញ្ញា ឬ​ពាក្យ Made in Thailand​។ ជា​រៀងរាល់ឆ្នាំ មៀន​ប៉ៃលិន ត្រូវបាន​ប្រជា​សហគមន៍​ដឹកជញ្ជូន​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ក្នុង​ខេត្តបាត់ដំបង បានត្រឹមតែ​៨​ពាន់​តោន​ប៉ុណ្ណោះ​នាំទៅ​ចិន ខណៈ​លទ្ធភាព​ក្នុងការ​ផលិត​បាន​រហូត​២,៥​ម៉ឺន​តោន​។


 
 
​បើតាម​ប្រជា​សហគមន៍ មៀន​ប៉ៃលិន ដែល​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​ប្រទេស​ថៃ​ក្នុងការ​នាំទៅ​ចិន​កន្លងមកនេះ គឺ​តែងតែ​ជួប​បញ្ហា​បិទ​ច្រកព្រំដែន​(​កម្ពុជា​-​ថៃ​)​រាល់​ឆ្នាំ​នៅពេល​រដូវ​ជន់​មៀន​ប៉ៃលិន និង​នៅពេលដែល​ភាគី​ថៃ​មិន​ពេញ​ចិត្តនឹង​កម្ពុជា​។ 
 
​រាល់​រដូវ​ដែល​ប្រជាកសិករ​ឬ​ប្រជា​សហគមន៍​ប្រមូល​ផល​មៀន​ប៉ៃលិន គឺ​ត្រូវ​បង្ខំចិត្ត​ពឹងផ្អែក​លើ​ឈ្មោះ​ប្រទេស​ថៃ​ដើម្បី​នាំទៅ​ចិន តាមរយៈ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​ប្រទេស​ថៃ​ហើយ​បញ្ជា​ទិញ​មៀន​ប៉ៃលិន​របស់​កម្ពុជា​។ បច្ចុប្បន្ននេះ កុំថាឡើយ​កម្ពុជា​មិនមាន​ច្បាប់​នាំចេញ​មៀន​ប៉ៃលិន​ទៅ​ចិន សូម្បីតែ​នាំ​ដំណាំ នេះ​ឬ​ដំណាំ​ផ្សេងៗ​ទៅ​ប្រទេស​ថៃ​ក៏​មិនទាន់មាន​ឯកសារ​គ្រប់គ្រាន់ ក្នុងការ​នាំចេញ​ឱ្យបាន​ពេញបរិបូរណ៍​តាម​ក្រម​ខណ្ឌ​ប្រទេស​ជាប់​ព្រំដែន​ផងដែរ​។ 
 
«​ថៃ​នាំ​ចូលមក​យើង​បាន ហេតុអ្វី​យើង​នាំចេញ​ទៅ​គេ​វិញ​មិនបាន​»​។ នេះ​ជាការ​លើកឡើង​ទាំង​មិន​ពេញចិត្ត​របស់ កញ្ញា ឡុង រ៉​ន ម្ចាស់​ចម្ការ​មៀន​ប៉ៃលិន​៦​ហិកតា នៅក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​បន្តថា​៖«​សព្វថ្ងៃនេះ យើង​នាំ​មៀន​ប៉ៃលិន​ទៅ​ថៃ​ហ្នឹង​គឺ​តាម​ច្រករបៀង​ទេ មិនមែន​បាន​នាំចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​នានា​រវាង​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ឡើយ​»​។​
 
​ចម្ការ​មៀន​ប៉ៃលិន​៥០០​ដើម​របស់​កញ្ញា ឡុង រ៉​ន បាន​ចូល​ជាស​មា​ជិត​សហគមន៍​មៀន​ប៉ៃលិន​នៅក្នុង​ឆ្នាំ​២០១៤  ដើម្បី​ផ្គត់ផ្គង់​មៀន​ប៉ៃលិន​ឱ្យ​ក្រុមហ៊ុន​ចិន​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​ថៃ សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន លើ​តម្លៃ​៤,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ក្នុង​រយៈពេល​៦​ឆ្នាំ​មកនេះ ថ្វី​ដ្បិត កញ្ញា ឡុង រ៉​ន មាន​ទីផ្សារ​មៀន​ប៉ៃលិន​ល្អជា​មួយក្រុម​ហ៊ុន​ចិន​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​ថៃ​ក៏ពិតមែន ប៉ុន្តែ ជា​រៀងរាល់ឆ្នាំ​ទំរាំ​តែ​បាន​នាំ​មៀន​ទាំងនោះ​ទៅ​ដល់ដៃ​ក្រុមហ៊ុន​ចិន​នោះ គឺ​មិន​ងាយ​ទទួលបាន​ការយល់ព្រម​ឬ​អនុញ្ញាត​ឱ្យចូល​ពី​ភាគី​ថៃ​នៅតាម​ច្រកព្រំដែន​ឡើយ ដោយ​ភាគី​ថៃ​តែងតែ​បង្កើត​បញ្ហា​នានា រាំ​ងស្ទះ​ដល់​ការនាំចេញ​ធ្វើឱ្យមៀន​ទុំ​នៅក្នុង​ចម្ការ​ខូចខាត​អស់​ច្រើន ផងដែរ​។ 


​កញ្ញា ឡុង រ៉​ន ម្ចាស់​ចម្ការ​មៀន​ប៉ៃលិន ក្នុង​ខេត្ត​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។​
 
​ចំណុច​ឬ​បញ្ហា​ដែល​ភាគី​ថៃ​ទ្វារ​ព្រំដែន​មិនឱ្យ​មៀន​ប៉ៃលិន​ចូល ម្ចាស់​ចម្ការ​មៀន​ប៉ៃលិន​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ដូច្នេះ​៖« តាម​អារម្មណ៍​នៅ​ដែល​ភាគី​ថៃ​មាន​អារម្មណ៍ល្អ មៀន​យើង​បាន​ចូល​ធម្មតា​។ ពេលខ្លះ​ក៏​គេ​បិទ​យើង​មិនឱ្យ​នាំចូល​២​ទៅ​៣​ថ្ងៃ ឬ​១​សប្តាហ៍​។ គេ​ចង់​បិទ​គឺ​បិទ​! គេ​ចង់​បើក គឺ​បើក​! ពិសេស​បើ​នៅ​ចំ​ពេលដែល​ផ្លែឈើ​[​ថៃ​] មិនសូវមាន​ច្រើន​នាំ​ចេញមក​ខ្មែរ​ទេ នោះ​យើង​គឺ​ពិបាក​មែនទែន​ក្នុង​ការនាំ​មៀន​ប៉ៃលិន​ចូលទៅ​ថៃ​ហើយ​។ ទំរាំ​តែ​យើង​ច​ចារ​ត្រូវ​! គេ​ព្រម​ឱ្យចូល​នោះ មៀន​របស់​យើង​ខូច​ហើយ​មួយផ្នែក​បាត់ទៅហើយ​»​។ 
 
​បើតាម​កញ្ញា ឡុង រ៉​ន បញ្ហា​ធំ​រាល់​ឆ្នាំ​ដែល​ភាគី​ថៃ​បិទ​ព្រំដែន​មិនឱ្យ​មៀន​ប៉ៃលិន​ដល់​ក្រុមហ៊ុន​ចិន គឺ​ការទាមទារ​រក​ឯកសា​រ​នានា ដែល​បញ្ជាក់​ពី​ការអនុវត្ត​កសិកម្ម​ល្អ​ក្នុង​ការធានា​នូវ​សុវត្ថិភាព​ដល់​សុខភាព​អ្នក​ទទួលទាន និង​ធានា​នូវ​ការមិន​ចម្លង​កត្តាចង្រៃ ដល់​ដំណាំ​ក្នុងប្រទេស​ថៃ ខណៈ​កម្ពុជា​មិនទាន់​មានច្បាប់ និង​ឯកសារ​ទាំងនោះ​គ្រប់គ្រាន់​។  នេះ ជា​ភាពទន់ខ្សោយ​របស់​កម្ពុ​ជា ដែល​ភាគី​ថៃ​តែងតែ​យកមក​ធ្វើជា​បញ្ហា​ជានិច្ច ទោះ​មៀន​ប៉ៃលិន​មានគុណ​ភាព និង​សុវត្ថិភាព​ខ្ពស់​ក៏ដោយ​។​
 
​ជាមួយគ្នានេះ លោក អ៊ុន ថេ​ង បាន​លើកឡើងថា​៖«​បើ​មៀន​យើង​មិនល្អ គ្មាន​សុវត្ថិភាព​នោះទេ មិនមែន ភាគី​ថៃ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចិន​ប្រើ​ឈ្មោះ​Made in Thailand នាំទៅ​ចិន​អស់​រាប់​ឆ្នាំ​ឡើយ​។ ថៃ​ជា​ប្រទេសមួយ​ដែល​គិតគូ​ទៅលើ​កេ​រ្ត៍​ឈ្មោះ​ខ្លាំងណាស់​»​។ 
 


លោក អ៊ុន ថេ​ង ម្ចាស់​ចម្ការ​មៀន​ប៉ៃលិន​១៥​ហិកតា ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០​។​
 
​លោក​បាន​សង្កត់ធ្ងន់​ដូច្នេះ​៖«​យើង​មាន​ទីផ្សារ​នៅ​ចិន​ហើយ​។ មៀន​ប៉ៃលិន​របស់​យើង​ក៏បាន​ទៅដល់​ប្រទេស​ចិន​ជាង​៨​ឆ្នាំ​មកហើយ​ដែរ​។ ប៉ុន្តែ​ការនាំ​ចេញទៅ​ចិន​កន្លងមកនេះ គឺ​យើង​ពឹងផ្អែក​និង​ខ្ចី​ឈ្មោះ​ប្រទេស​ថៃ​ដោយ​ប្រើពាក្យ​Made in Thailand»​។ 
 
​បើតាម​លោក អ៊ុន ថេ​ង ម្ចាស់​ចម្ការ​មៀន​ប៉ៃលិន​១៥​ហិកតា​រូបនេះ ការនាំ​មៀន​ទៅ​សម្លាប់​មេរោគ និង​វេច​ខ្ចប់​នៅ​ប្រទេស​ថៃ ដើម្បី​នាំទៅ​ចិន​កន្លងមក ក្រៅពី​ជួប​បញ្ហា​ដែល​ថៃ​បិទ​នាំចូល​ពី​២​ទៅ​៥​ថ្ងៃ​ហើយ​នោះ ភាគី​ថៃ​ក៏បាន​កំណត់​ពេលវេលា​ឱ្យមៀន​ខ្មែរ​ចូល​នៅតែ​យប់​ប៉ុណ្ណោះ​។ ជាទូទៅ មៀន​ប៉ៃលិន​អាចដឹកនាំ​ចូលក្នុង​ទឹកដី​ថៃ​បាន​ចាប់ពី​ម៉ោង​១១​យប់ ទោះបី​ប្រជា​សហគមន៍​មានលទ្ធភាព​ពេញលេញ​ក្នុង​ការនាំ​មៀន​ចូល​ដី​ថៃ​មុន​ពេលយប់​ក៏ដោយ​។​
 
​ទាំងនេះ​ជា​បញ្ហា​ដែល​លោក អ៊ុន ថេ​ង ក៏​ដូច​ប្រជា​សហគមន៍​មៀន​ប៉ៃលិន​ដទៃ ឆ្លងកាត់​ការលំបាកក្នុងការដោះស្រាយ​ជាមួយ​ភាគី​ថៃ ដែល​មិន​ចង់ឱ្យមៀន​ប៉ៃលិន​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ លើសពីនេះ ការនាំ​ចេញទៅ​ចិន​តាម​ប្រទេស​ថៃ លោក អ៊ុង ថេ​ង ក៏​ចំណាយ​ច្រើន​ក្នុង​ការជួល​កម្មករ​លើ​កដា​ក់មៀន​ពី​ឡាន​ខែ្មរ​ទៅ​ថៃ ២-៣​តង់​ដែល​ធ្វើ​មៀន​ខូចខាត​អស់​ច្រើន​។​
 
«​យើង​ខិតខំ​ផលិត​មៀន​មានគុណ​ភាព  សុវត្ថិភាព និង​មាន​ស្តង់ដារ​ខ្ពស់​នាំទៅ​ចិន​បាន​រហូតដល់​សព្វថ្ងៃនេះ គឺមាន​ឈ្មោះថា​ជាមៀន​របស់​ប្រទេស​ថៃ មិនមែនជា​ផ្លែ​មៀន​កម្ពុជា​ឡើយ​»​។ នេះ​ជា​អ្វីដែល​លោក អ៊ុន ថេ​ង មិន​ពេញ​ចិត្តនឹង​ភាគី​ថៃ​ជាខ្លាំង ដែល​ទទួលបាន​ផលប្រយោជន៍​យ៉ាង​ធំ​ពី​កម្ពុជា​តាមរយៈ​ការនាំ​មៀន​ប៉ៃលិន​ទៅ​ចិន ដោយ​ប្រើ​ឈ្មោះ Made in Thailand ប៉ុន្តែ​ភាគី​ថៃ​មិនដែល​ឱ្យមៀន​ប៉ៃលិន ចូល​បាន​ដោយ​រលូន​ក្នុង​ឆ្នាំ​មួយណា​ឡើយ​។ 
 
​បើតាម​លោក សួន ជុំ អនុប្រធាន​សហគមន៍​មៀន​ប៉ៃលិន មៀន​ខ្មែរ​ដែល​ដឹក​ចេញពី​ព្រំដែន ចូល​ប្រទេស​នៅ​ម៉ោង​១១​យប់ ទំរាំ​តែ​ទៅដល់​កន្លែង​សម្លាប់​មេរោគ កែច្នៃ និង​វេច​ខ្ចប់​គឺ​នៅ​ម៉ោង​៣​យប់ ដោយបាន​ឆ្លងកាត់​ការ​សាង​ឡាន​ដោយ​លើក​ផ្លែ​មៀន​ពី​រថយន្ត​មួយ​ទៅ​យន្ត​មួយ​ជាច្រើន​ដំណាក់កាល​។ លោក​បញ្ជាក់ថា ក្នុង​មួយថ្ងៃៗ  មៀន​ប៉ៃលិន​អាច ដឹក​ទៅ​ថៃ​ដើម្បី​​នាំទៅ​ចិន បាន​ត្រឹម​៥០​ទៅ​៦០​តោន​ប៉ុណ្ណោះ​។ 
 


លោក សួន ជុំ អនុប្រធាន​សហគមន៍​មៀន​ប៉ៃលិន​។​
 
​បច្ចុប្បន្ន​សហគមន៍​មៀន​ប៉ៃលិន មាន​រោងចក្រ​ស​ម្ងួ​ត សម្លាប់​មេរោគ និង​វេច​ខ្ចប់​ផ្លែ​មៀន​ប៉ៃលិន តម្លៃ​ជាង​៣​លាន​ដុល្លា​មួយកន្លែង ដែល​ស្ថិតក្រោម​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ចិន ប៉ុន្តែ​រោងចក្រ​នេះ​មិនទាន់​បើក​ដំណើរការ​ឡើយ ព្រោះ​កម្ពុជា​មិនទាន់​មិន​កិច្ចព្រមព្រៀង​ក្នុង​ការនាំ​មៀន​ប៉ៃលិន​ទៅ​ចិន​។ រោងចក្រ​នេះ​មាន​ចំនួន​៤​ឡ​ដ្ឋ​សម្រាប់​ស​ម្ងួ​ត និង​មេរោគ​មេរោគ​លើ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ឡ​ដ្ឋ​នីមួយ​មានលទ្ធភាព​ស​ម្ងួ​ត​មៀន​បាន​ប្រមាណ​៩​តោន ដោយ​ប្រើប្រាស់​ពេល​៧៤​នាទី​។ 
 
​ថ្វី​ដ្បិត​សហគមន៍​មានលទ្ធភាព​ក្នុងការ​កែច្នៃ សម្លាប់​មេរោគ និង​វេច​ខ្ចប់​មៀន​ប៉ៃលិន​ឱ្យ​ស្អាត​សម្រាប់​នាំទៅ​ក្រុមហ៊ុន​ចិន​នៅក្នុង​ប្រទេស​ថៃ​ក៏ពិតមែន​ ភាគីថៃ​មិន​ព្រម​ទទួលយក​ផលិតផល​មៀន​ប៉ៃលិន​ណា​ដែល​ត្រូវបាន​សម្អាត​និង​វេច​ខ្ចប់​រួចមុនចូល​ទឹកដី​ខ្លួនឡើយ​។ 
 
«​ថៃ​មិនឱ្យ​យើង​នាំ​មៀន​ប៉ៃលិន​ដែល​បានសម្លាប់​មេរោគ និង​វេច​ខ្ចប់​ស្អាត​រួចហើយ ដែលជា​ផលិតផល​សម្រេច​នោះ ដាក់ចូល​កុងតឺន័រ​នាំទៅ​ចិន​តែម្តង​ទេ មិនឱ្យ​ចូល​ទេ​»​។ លោក សួន ជុំ បានលើកឡើង​យ៉ាង​ដូច្នេះ ដោយ​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​រសៀល​ថ្ងៃទី​២៨​វិច្ឆិកា ឆ្នាំ​២០២០ ថា ៖«​បើ​ថៃ​ឱ្យមៀន​យើង​ចូល លុះត្រាតែ​មៀន​ហ្នឹង​កាច់​ចេញពី​ដើម ហើយ​យកទៅ​សម្លាប់​មេរោគ​និង​វេច​ខ្ចប់​នៅ​ថៃ​។ បើ​យើង​សម្លាប់​មេរោគ និង​វេច​ខ្ចប់​នៅ​ខ្មែរ ដាច់ខាត​ខាង​ថៃ​មិន​ឱ្យចូល​ឡើយ​»​។​
 
​អនុប្រធាន​សហគមន៍​និង​ជា​កសិករ​ដាំ​មៀន​ប៉ៃលិន​រូបនេះ រៀបរាប់បន្តថា៖ «យើង​លួច​ដឹក​តាម​ច្រករបៀង​នៃ​ខេត្តបាត់ដំបង​នៅ​ម៉ោង​១១​យប់ ហើយ​ទំរាំ​តែ​ដឹក​ទៅដល់​រោងចក្រ​ស​ម្ងួ​ត សម្លាប់​មេរោគ កែច្នៃ និង​វេច​ខ្ចប់ នៅ​ម៉ោង​៣​រាប់​យប់​។  បើ​ចង់​ដឹក​ចូល​ពេល​ថ្ងៃ ខាង​ថៃ​គឺ​មិនឱ្យ​យើង​ចូល​ឡើយ​។ សម្រាប់​មៀន​របស់​ថៃ​វិញ គ្រាន់តែ​កម្មករ​បេះ​បានដាក់​ឡាន​ពេញ​ភ្លាម គឺ​ដឹង​តែ​បញ្ជូន​ទៅដល់​រោងចក្រ​កែ​កែច្នៃ​ភ្លាមៗ​តែម្តង ដោយ​គ្មាន​បាន​នៅ​រង់ចាំ​រាប់​ម៉ោង​ដូច​មៀន​ខ្មែរ​ទេ​។ 
 
​ការកំណត់​ពេលវេលា​ដែល​ភាគី​ថៃ​អនុញ្ញាតឱ្យ​នាំ​មៀន​ប៉ៃលិន​ចូល​រាល់​យប់នោះ​ជា​បញ្ហា​មួយ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហាសំខាន់​រប​ស់​សហគមន៍ និង​អ្នក​ដាំ​មៀន​ប៉ៃលិន​តែ​ម្តងនោះ ឱ្យតែ​ដល់​រដូវ​មៀន​ជន់ ខាង​ភាគី​ថៃ​គឺ​តែងតែ​បិទ​ច្រកព្រំដែន​មិនឱ្យ​មៀន​ប៉ៃលិន ឬ​ដំណាំ​នានា​របស់​ខ្មែរ​ចូលក្នុង​ដី​ថៃ នា​រយៈពេល​យូរ​ណាមួយ​។ 


សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​ប៉ៃលិន​។​
 
​លោក សួន ជុំ បាន​រៀបរាប់​ដូច្នេះ​៖«​រាល់​ឆ្នាំ​ដែល​ខ្ញុំ​តែងតែ​ចំណាំ​ចាប់ពី​ថ្ងៃទី​២០​ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​២០​ខែមករា​ដែល​ជន់​ទាំង​មៀន​ប៉ៃលិន និង​ជន់​ទាំង​មៀន​ថៃ ក្នុង​ចន្លោះពេល​ហ្នឹង ខាង​ភាគី​ថៃ​ដឹង​តែ​ច្រកព្រំដែន​១​អាទិត្យ​ដល់​១០​ថ្ងៃ ធ្វើឱ្យមៀន​យើង​នាំចូល​ដី​ថៃ​មិន​បានទេ​សូម្បី​មួយគ្រា​ប់​»​។ លោក​បាន​បន្តថា​៖« ពេល​យើង​ទៅ​តវ៉ា​រឿង​ថៃ​បិទ​ព្រំដែន ភាគី​ថៃ​គេ​ឆ្លើយថា​យើង​គ្មាន​លិខិតបញ្ជាក់​ពី​ការអនុវត្ត​កសិកម្ម​ល្អ​។ អា​ត្រង់ចំណុច​ហ្នឹង​ដែល​ខ្ញុំ​ឈឺចាប់​ខ្លាំង​បំផុត​! អត់​អនុវត្ត​កសិកម្ម​ល្អ តែមៀន​ខ្មែរ ដែល​នាំ​ចិន​រាប់ពាន់​អស់​ជាង​៨​ឆ្នាំ​មកនេះ គឺ​ប្រើ​ឈ្មោះ​ប្រទេស​ថៃ​ទាំងអស់​។ សួរថា បើ​មៀន​ខ្មែរ​មិនល្អ ថៃ​ហ៊ាន​យក​ប្រទេស​របស់ខ្លួន​មក​ប្រើ​លើ​ដំណាំ​ខ្មែរ​ដែរ​អត់​»​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ស​ម្ការ​មៀន​ប៉ៃលិន​ដែល​ការអនុវត្ត​ល្អ​ដែល​ធានា​នូវ​សុវត្ថិភាព គុណភាព ស្តង់ដារ និង​មិន​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ណាមួយ មាន​ប្រជាកសិករ​ដាំ​មៀន​ប៉ៃលិន​បាន​ជាង​៣០​នាក់​ហើយ ដែល​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ចម្ការ​របស់​កសិករ​អនុវត្ត​កសិកម្ម​ល្អ ពី​ក្រសួងកសិកម្ម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​ប៉ៃលិន ដោយ​បន្តថា​ខេត្ត​ប៉ៃលិន​មាន​សហគមន៍​ផលិត​មៀន​ប៉ៃលិន​ចំនួន​៤០ ដោយ​ក្នុងនោះ​សហគមន៍​មៀន​ប៉ៃលិន មាន​សមា​ជិត​ជាង​២០០​គ្រួសារ​។ 
 
​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រូបនេះ បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​មៀន​ប៉ៃលិន​ចំនួន​៤,៣៨៩​ហិកតា​។ ចំនួន​នេះ ជា​ផ្ទៃដី​ដែល​ផ្តល់​ផល​ឱ្យ​កសិករ ឬ​ប្រជា​សហគមន៍ ខណៈ​ផ្ទៃដី​ដាំ​ដុះ​កំពុងមៀន​ប៉ៃលិន​រាប់​ហិកតា​ទៀត​មិនបាន​រាប់​បញ្ជូន​ឡើយ​។ 
 
​ទាំង​ប្រជាកសិករ ទាំង​សហគមន៍ ទាំង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ទាំង​អ្នកវិនិយោគ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត សង្ឃឹមថា​កម្ពុជា​នឹង​កិច្ចព្រមព្រៀង​នាំចេញ​មៀន​ប៉ៃលិន​ចូលទៅ​ទីផ្សារ​ចិន​ដោយផ្ទាល់​នៅក្នុង​ឆ្នាំ​២០២១ ដើម្បី​ធ្វើឱ្យ​ទីផ្សារ​មៀន​ប៉ៃលិន​របស់​កសិកម្ម​បាន​ទូលាយ និង​ទទួលបាន​ចំណេញ​ច្រើន​។ ជាពិសេស​គឺមាន​ឈ្មោះ​ប៉ៃលិន​របស់​កម្ពុជា​(Made in Cambodia)​នៅលើ​ទីផ្សារ​អន្តរជាតិ។
 
​កម្ពុជា​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០​។  អគ្គនាយក​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ  បាន​អះអាងថា​កម្ពុជា​បាន​ផ្ញើ​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ និង​សមាសភាព​ចង្រៃ​នៅលើ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​រួច​អស់ហើយ ដោយ​នៅតែ​រង់ចាំ​មន្ត្រី​បច្ចេកទេសផ្នែក​ភូតគាម​អនាម័យ​ចិន មក​ត្រួតពិនិត្យ​បច្ចេកទេស​ដាំ​ដុះ វេច​ខ្ចប់ រក្សាទុក នៅ​កម្ពុជា​ប៉ុណ្ណោះ​៕ 
 












Tag:
 សហគមន៍​
  មៀន​ប៉ៃលិន​
© រក្សាសិទ្ធិដោយ thmeythmey.com