COVID-19
ជាតិ
រកឃើញអ្នកឆ្លងកូវីដ១០នាក់ទៀត, ៦នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ៤នាក់មកពីក្រៅប្រទេស រូបពី CDC
× ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះថា មនុស្ស១០ទៀត បានផ្ទុកជំងឺកូវីដ-១៩ ដោយក្នុងនោះ ៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង៤នាក់ ជាអ្នកមកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះ ក្រសួងក៏ប្រកាសដែរថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ទៀត បានជាសះស្បើយវិញ។
អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ទាំង៦ករណីវិជ្ជមានថ្មី សុទ្ធតែជាបុគ្គលិកហាង Pedro ដែលប៉ះពាល់ជាមួយអ្នកជំងឺអាយុ២១ឆ្នាំ (តេស្តឃើញវិជ្ជមាននៅថ្ងៃទី២ ខែធ្នូ)។ អ្នកទាំងនោះ មានស្ត្រីអាយុ២២ឆ្នាំ (ស្នាក់នៅផ្ទះជួលក្នុងខណ្ឌច្បារអំពៅ), ស្ត្រីអាយុ២៨ឆ្នាំ (នៅផ្លូវ៦៣៨ សង្កាត់ច្បារអំពៅ១), បុរសអាយុ២០ឆ្នាំ (នៅសង្កាត់ត្រឡោកបែក៣ ខណ្ឌទួលគោក), ស្ត្រីអាយុ២៤ឆ្នាំ (នៅសង្កាត់ទន្លេបាសាក់), បុរសអាយុ២៣ឆ្នាំ (រស់នៅក្បែរស្តុប Nokia ខណ្ឌសែនសុខ) និងស្ត្រីអាយុ២៣ឆ្នាំ (នៅភូមិតាងួន សង្កាត់កំបូល)។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាល ប្រាប់ថា អ្នកឆ្លងកូវីដ-១៩ទាំង៤នាក់នោះ គឺបុរសជនជាតិខ្មែរម្នាក់ បុរសជនជាតិអាមេរិក២នាក់ ចេញពីចិន តាមជើងហោះហើរជាមួយគ្នា មកដល់កម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ និងម្នាក់ទៀត គឺជាបុរសជនជាតិអាមេរិក ដែលធ្វើដំណើរចេញពីចិនដែរ ដោយទៅបន្តជើងហោះហើរនៅតៃវ៉ាន់ ហើយមកដល់កម្ពុជានៅថ្ងៃទី៤ ខែធ្នូ។
ក្រសួងសុខាភិបាល ផ្តល់ព័ត៌មានទៀតថា ចំពោះមនុស្ស៤៦នាក់ទៀត ដែលជិះយន្តហោះជាមួយបុរសខ្មែរនិងបុរសជនជាតិអាមេរិក មកដល់កម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា មិនឆ្លងកូវីដ-១៩នោះទេ តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយដោយឡែក អ្នកដំណើរ៤៧នាក់ ដែលជិះយន្តហោះជាមួយបុរសជនជាតិអាមេរិក មកដល់ កម្ពុជានៅថ្ងៃទី៤ ខែធ្នូ ក៏មិនឆ្លងជំងឺកូវីដ-១៩ដែរ តែត្រូវចត្តាឡីស័ក១៤ថ្ងៃដូចគ្នា។
គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញមនុស្ស២៩នាក់ហើយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានឆ្លងជំងឺកូវីដ-១៩។ បើគិតចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា ត្រឹមថ្ងៃទី៥ ខែធ្នូនេះ គឺកើនឡើងដល់៣៤៥នាក់ហើយ តែបានជាសះស្បើយវិញ៣០៥នាក់៕ © រក្សាសិទ្ធិដោយ thmeythmey.com