COVID-19
អន្តរជាតិ
WHO បារម្ភពីការខ្វះការប្រយ័ត្ន ស្របពេលវ៉ាក់សាំងចាប់ផ្ដើមចេញពន្លឺ
05, Dec 2020 , 10:27 am        
រូបភាព
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបភាព Xinhua
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបភាព Xinhua
អង្គការសុខភាពពិភពលោក (WHO) បានបន្តអំពាវនាវឲ្យមនុស្សទូទៅរក្សាការប្រុងប្រយ័ត្នថែមទៀត ទល់នឹងជំងឺកូវីដ-១៩ បើទោះជាពេលនេះក្ដីសង្ឃឹមលើវ៉ាក់សាំងកំពុងចេញជារូបរាងកាន់តែខ្លាំងក៏ដោយ។ មន្ត្រីជាន់ខ្ពស់ WHO នៅថ្ងៃទី៤ ខែធ្នូ បានបង្ហាញក្ដីបារម្ភចំពោះការធ្វេសប្រហែសបែបនេះ ពិសេសក្នុងកាលៈទេសៈដែលជំងឺនេះនៅតែបន្តយាយីខ្លាំងនៅប្រទេសមួយចំនួន ហើយមន្ទីរពេទ្យនានានៅតែអាចរងសម្ពាធដដែល។



ការយល់ព្រមរបស់អង់គ្លេសក្នុងការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ក្លាយជាសញ្ញាវិជ្ជមានក្នុងការយុទ្ធនាការប្រឆាំងជំងឺផ្លូវដង្ហើមមួយនេះ។ អាមេរិកឯណោះ ក៏ត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងពីរប្រភេទជាបន្ទាន់ផងដែរ។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក នៅតែណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន និងមិនត្រូវភ្លេចខ្លួនឡើយ។

អគ្គនាយក WHO វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus និយាយនៅថ្ងៃទី៤ ខែធ្នូ ថា ដំណើរការផ្នែកវ៉ាក់សាំង ធ្វើឲ្យអ្នកទាំងអស់គ្នាធូរស្រាលក្នុងចិត្ត ហើយផ្ដល់ពន្លឺក្នុងការការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ប៉ុន្តែក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញពីទីក្រុងហ្សឺណែវ លោក Tedros អះអាងថា អ្វីដែលអង្គការរបស់លោកបារម្ភនោះ គឺការកើនឡើងទស្សនៈដែលថា ជំងឺរាតត្បាតនេះចប់ហើយ។

ប្រមុខ WHO រូបនេះបន្ថែមថា ការរាតត្បាតនេះ នៅមានផ្លូវវែងឆ្ងាយទៀត ហើយការសម្រេចចិត្តរបស់ប្រជាជន និងរដ្ឋាភិបាល នឹងកំណត់ពីស្ថានភាពនៅរយៈពេលខ្លី ក៏ដូចជាការបញ្ចប់ទៅរបស់កូវីដ-១៩ដែរ។ ទោះជាយ៉ាងណា លោក Tedros ទទួលស្គាល់ពីការលំបាករបស់ប្រជាជនទាំងអស់ ដែលហត់នឿយនឹងជំងឺនេះ ប៉ុន្តែស្ថានការណ៍នៅតែមិនល្អ ខណៈដែលមន្ទីរពេទ្យនានា កំពុងរងសម្ពាធខ្លាំងទៅៗដែរនោះ។

នៅអាមេរិក មនុស្សប្រមាណ២០លាននាក់ នឹងទទួលបានវ៉ាក់សាំងនៅឆ្នាំនេះ ដែលវានឹងជួយសម្រាលបន្ទុកដ៏ធ្ងន់មួយ។ ទីភ្នាក់ងារឱសថ និងចំណីអាហារ ដែលបន្ទុកពិនិត្យវ៉ាក់សាំងមុននឹងប្រើប្រាស់នោះ ទំនងជាផ្ដល់ភ្លើងបៃតងឲ្យវ៉ាក់សាំងពីរប្រភេទដែលត្រូវចាក់បន្ទាន់។

ទោះជាយ៉ាងណា ប្រធានផ្នែកជំងឺអាសន្នរបស់ WHO លោក Mike Ryan ព្រមានថា ដំណឹងនៃវ៉ាក់សាំងនេះ ក្លាយជាក្ដីបារម្ភផងដែរ។ លោក Ryan លើកឡើងថា វ៉ាក់សាំង ជាផ្នែកដ៏សំខាន់ក្នុងសមរភូមិប្រឆាំងកូវីដ-១៩ ប៉ុន្តែមិនមែនមានន័យថា មានវ៉ាក់សាំង ជាទីបញ្ចប់នៃជំងឺនេះឡើយ៕

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com