ជាតិ
សេដ្ឋកិច្ច
គម្រោង​បង្កើត​រោងចក្រ​ស្រា​បៀ​មួយ​តម្លៃ​៧៨​លាន​ដុល្លារ​នៅ​កៀនស្វាយ ត្រូវបាន​អនុម័ត​
05, Dec 2020 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD បង្កើត​រោងចក្រ​ផលិត​ស្រា​បៀ​មួយកន្លែង នៅក្នុង​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ CDC បាន​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​បាន​បោះទុន​វិនិយោគ​ចំនួន​៧៨​លាន​ដុល្លារ ក្នុងការ​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀ​។ 

 
​បើតាម​ការចុះផ្សាយ​រប​ស់ CDC កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀ របស់​ក្រុមហ៊ុន​ខាងលើ នឹង​បង្កើត​ឱកាស​ការងារ​ដល់​ពល​រដ្ឋ​បាន​៥៥០​កន្លែង​។ 
​ជាមួយនឹង​គ្នា​នេះ CDC ក៏បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន​៤​ទៀត បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រោងចក្រ​នានា ដែលមាន​តម្លៃ​វិនិយោគ​សរុប​៤៣,៩​លាន​ដុល្លារ​។ 


 
​ក្រុមហ៊ុន  RUIZEXING CHEMICAL TECHNOLOGY CO., LTD បាន​បោះទុន​វិនិយោគ​ប្រមាណ​២០​លាន​ដុល្លារ លើ​ការបង្កើត​រោងចក្រ​ផលិត​ថ្នាំ​កសិកម្ម នៅ​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ រោងចក្រ​របស់​ក្រុមហ៊ុន​នេះ អាចបង្កើត​ការងារ​បាន​១៧៤​កន្លែង​។​
 
​ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD ត្រូវបាន CDC អនុម័ត​ឱ្យ​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (Preform, Cap, Bottle) នៅក្នុង​ភូមិ​ព្រែក​តាន​ប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​នេះ ផងដែរ​។ ក្រុមហ៊ុន​នេះ បាន​បោះទុន​វិនិយោគ​ប្រមាណ​១១,៧​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​៥២​កន្លែង​។​
 
​ក្រុមហ៊ុន BLISSFULL CAPITAL CO., LTD ត្រូវបាន CDC អនុម័ត​ឱ្យ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្នុងតម្លៃ​ប្រមាណ​៩,៥​លាន​ដុល្លារ នៅក្នុង​ទីតាំង​ដី​ឡូ​តិ៍​៥៣២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ គម្រោង​វិនិយោគ​នេះ អាច​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​បាន​២០០​កន្លែង​។ 


 
​ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD វិញ CDC​បានអនុម័ត​ឱ្យ​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ពី​ក្រណាត់ សម្រាប់​សត្វ​ចិញ្ចឹម (​ឆ្កែ និង​ឆ្មា​) នៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹង​ទុនវិនិយោគ​២,៦​លាន​ដុល្លារ ដោយ​អាចបង្កើត​ការងារ​បាន​រហូត ៣៥៨​កន្លែង​៕ 
 
​រយៈពេល​៨​ខែ​មកនេះ កម្ពុជា​ទទួល​បានការ​វិនិយោគ​ពី​វិស័យ​ឯកជន បានត្រឹមតែ​១១៣​គម្រោង​ប៉ុណ្ណោះ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩(COVID-19) ។ តួលេខ​នេះ បង្ហាញថា គម្រោង​វិនិយោគឯកជន​នៅ​កម្ពុជា ធ្លាក់ចុះ​រហូតដល់​៥៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕ 




 

Tag:
 រោងចក្រ​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com