សុខភាព
អន្តរជាតិ
WHO ថា មិនគួរ​ពាក់​ម៉ាស​ក្នុងពេល​រាងកាយ​ធ្វើ​សកម្ម​ភាពខ្លាំង​ឡើយ​
05, Dec 2020 , 4:49 pm        
រូបភាព
រូបភាព៖ Business Insider
រូបភាព៖ Business Insider
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​មិន​ឲ្យ​មានការ​ពាក់​ម៉ាស់​អំឡុងពេល​រាងកាយ​ធ្វើ​សកម្មភាព​កម្រិតធ្ងន់​ដូចជា រត់ ហាត់ប្រាណ លើក​ទម្ងន់​ជាដើម ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ប្រព័ន្ធ​បេះដូង និង​ប្រព័ន្ធ​សួត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​South China Morning Post នៅ​ថ្ងៃទី​៣ ខែធ្នូ ដែល​បន្តថា ការណែនាំ​នេះ មិនត្រូវ​បាន​អ្នកជំនាញ​យល់ស្រប​ឡើយ​។

 
​ក្នុងពេល​ពិភពលោក កំពុង​រង​ការអុកឡុក​ពី​កូ​វីដ​-១៩ មិន​ស្រាកស្រាន្ត អង្គការ​សុខភាព​ពិភពលោក បាន​បន្ថែម​ព័ត៌មាន​ណែនាំ​មួយចំនួន ជុំវិញ​ការពាក់​ម៉ាស់​។ ដូច​ការលើកឡើង​កន្ល​ង​មក អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ម៉ាស់ មិន​អាចជា​អាវុធ​ដ៏​សំខាន់ ក្នុងការ​លុបបំបាត់​កូ​វីដ​-១៩ ទេ តែ​ជា​ផ្នែក​មួយ​នៃ​ការយក​ឈ្នះ​លើ​ជំងឺឆ្លង​សកល​នេះដែរ​។ ប៉ុន្តែ​ប្រជាជន​ទាំងអស់ គួរ​ជៀសវាង​ពាក់​ម៉ាស់ ក្នុង​ពេលធ្វើ​សកម្មភាព​រាងកាយ​កម្រិត​ធ្ងន់​មួយចំនួន ដូចជា​ការរត់​ហាត់ប្រាណ លើក​ទម្ងន់​ជាដើម​។ 
 
​បើទោះបីជា​គ្មាន​ការស្រាវជ្រាវ​ឲ្យ​ស៊ីជម្រៅ​លើ​បញ្ហា​ពាក់​ម៉ាស់ ក្នុងពេល​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ក្ដី WHO បាន​អះអាង​ដោយ​យកតាម​ការសិក្សា​មួយចំនួន ថា ការពាក់​ម៉ាស់ ក្នុង​ពេលធ្វើ​សកម្មភាព​រាងកាយ​កម្រិត​មធ្យម វា​អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​ប្រព័ន្ធ​បេះដូង និង​សួត​ជាដើម ទាំង​លើ​មនុស្ស​ដែលមាន​សុខភាព​ល្អ និង​អ្នកមាន​ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម​។ 
 
​ទន្ទឹមនេះ អ្នក​ដែល​ពាក់​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម​ក៏ដូចជា​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម ឬ​ជំងឺ​សួត ការពាក់​ម៉ាស់ ក្នុងពេល​ធ្វើ​លំ​ហាត់ប្រាណ វា​អាច​បង្ក​ឲ្យ​មាន​ស្ថានភាព​អាក្រក់​ថែមទៀត​។ បើតាម WHO ប្រជាជន​មិនគួរ​ពាក់​ម៉ាស់ ក្នុង​ពេលធ្វើ​សកម្មភាព​រាងកាយ​កម្រិត​ធ្ងន់ គឺ​ការ​ម៉ាស់​នឹង​កាត់បន្ថយ​ការដកដង្ហើម​ឲ្យ​បាន​ត្រឹមត្រូវ ញើស​ដែល​កើតចេញពី​សកម្មភាព​ទាំងនោះ នឹងធ្វើ​ឲ្យ​ទទឹក​ម៉ាស់ ដែល​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម​ថែមទៀត និង​បង្កើត​ឲ្យ​មេរោគ​ឲ្យ​កាន់តែច្រើន​។ 
 
​តាម​របាយការណ៍​រប​ស់ WHO ការរក្សា​គម្លាត​សុវត្ថិភាព និង​ការដកដង្ហើម​ចេញចូល ត្រូវមាន​គម្លាត​យ៉ាងហោចណាស់ ១​ម៉ែត្រ ទើប​ជាការ​ល្អ​។ បើសិន​បើ​អ្នក​ហាត់ប្រាណ​មិនអាច​រក្សា​គម្លាត​បានទេ មជ្ឈមណ្ឌល​ហាត់ប្រាណ​ទាំងនោះ គួរតែ​បិទ​បណ្តោះអាសន្ន​។ យ៉ាងណាក៏ដោយ សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ផ្ទុយ​ពី​ស្រាវជ្រាវ​របស់​អ្នកជំនាញ​មួយចំនួន​។​
 
​លោកស្រី​វេជ្ជបណ្ឌិត Linsey Marr អ្នកជំនាញ​ជំងឺឆ្លង​នៅក្នុង​ខ្យល់ បាន​លើកយក​កន្លែង​ហាត់ប្រាណ​មួយ​នៅក្នុង​រដ្ឋ Virginia មក​បកស្រាយ​ថា ពេល​មួយ​មាន​គ្រូបង្រៀន​ហាត់ប្រាណ​ម្នាក់​ឆ្លង​កូ​វីដ​-១៩ និង​មាន​អ្នក​ហាត់ប្រាណ​ចំនួន ៥០​នាក់ ប៉ុន្តែ​អ្នក​ទាំងនោះ មិនបាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ឡើយ ដោយសារ​ម្នាក់ៗ​រក្សា​គម្លាត​ប្រមាណ ៣​ម៉ែត្រ​ពីគ្នា ដែល​នេះ គឺ​ផ្ទុយ​សេចក្តីណែនាំ​របស់​WHO ដែលមាន​ត្រឹម ១​ម៉ែត្រ​។ 
 
​លោកស្រី​វេជ្ជបណ្ឌិត បាន​បន្តទៀតថា ក្នុងពេល​ហាត់ប្រាណ មនុស្ស​មួយចំនួន​ប្រាកដជា​ដកដង្ហើម​ចេញ​ចូល​កម្រិត​ខ្លាំង ដែល​នេះ​វា​ធ្វើ​ឲ្យ​ដំណក់​ទឹកតូចៗ ខ្ទាត​មក​ក្នុង​ខ្យល់​កាន់តែ​ឆ្ងាយ ដែល​ធ្វើ​ឲ្យ​ការរក្សា​គម្លាត​ប្រមាណ ១,៨​ម៉ែត្រ មិនអាច​ធានា​សុវត្ថិភាព​បានឡើយ​។ ការណ៍​នេះ មនុស្ស​មួយចំនួន គួរ​ទៅ​ហាត់ប្រាណ​ពេល​មាន​មនុស្ស​តិច ឬ​ពាក់​ម៉ាស់ ប្រសិនបើ​មាន​មនុស្ស​ច្រើន​។ 
 
​ចំណែក​អ្នកជំនាញ​វេជ្ជសាស្ត្រ​បន្ទាន់​មួយម្នាក់​ទៀត លោកស្រី​វេជ្ជបណ្ឌិត Megan Ranney បាន​បញ្ជាក់ថា ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ជាការ​បំភ័យ ព្រោះ​វា​ហាក់ដូចជា​មិន​ពិត​ឡើយ​។ បើតាម​លោកស្រី​វេជ្ជបណ្ឌិត ការសិក្សា​មួយចំនួន បាន​បង្ហាញថា ម៉ាស់ មិនអាច​បង្អាក់ ការដកដង្ហើម ឬ​កម្រិត​អុកស៊ីសែន​ឡើយ ក្នុងពេល​ហាត់ប្រាណ ចំណែក​កម្រិត​អុកស៊ីសែន​នៅក្នុង​ឈាម និង​សាច់ដុំ ក៏​មិន​ប៉ះពាល់​អ្វី​ដែរ​៕

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com