ជាតិ
តារាល្បីៗ
Smallworld Smallband នឹង​តំណាង​កម្ពុជា​ចូលរួម​មហោស្រព ROUND Festival នៅ​កូរ៉េខាងត្បូង​
05, Dec 2020 , 8:29 pm        
រូបភាព
រូបពី​ហ្វេសប៊ុក Smallworld Smallband
រូបពី​ហ្វេសប៊ុក Smallworld Smallband
​ភ្នំពេញ​៖ Smallworld Smallband (​ក្រុម​តូច​) នឹងចូលរួម​ប្រគំ​តន្ត្រី​ក្នុង​មហោស្រព ROUND Festival រៀបចំ​ដោយ​ទូរទស្សន៍ KBS របស់​កូរ៉េខាងត្បូង តាមរយៈ​អន​ឡាញ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​នេះ​។ ស្នាដៃ​បទ​ចម្រៀង​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង ពី​អ្នកគាំទ្រ​របស់ខ្លួន​កន្ល​ង​មក Smallworld Smallband ក្រុម​តូច បាន​យកទៅ​ច្នៃ​បង្កើត​ថ្មី ដោយ​បញ្ចូល​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ជាមួយ​ភ្លេង​បស្ចិមប្រទេស ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​និង​ភាព​ច្នៃប្រឌិត លើ​ឆាក​អន្តរជាតិ​។​



​កញ្ញា ឆាយ សម្បត្តិ​នី​តា អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន របស់ Smallworld Smallband បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​តូច នឹង​នាំយក​ការបង្ហាញ​ពី​តន្ត្រី និង​សំឡេង​របស់​កម្ពុជា​នៅ​សតវត្សរ៍​ទី​២១ ផ្សារភ្ជាប់​សិល្បៈ​បុរាណ​និង​សម័យ អម​ជាមួយនឹង​ការច្នៃប្រឌិត​ថ្មី ទៅក្នុង​មហោស្រព ROUND Festival​។ Smallworld Smallband ដែលជា​ក្រុម​ចម្រៀង​មាន​ប្រជាប្រិយភាព សម្រាប់​ស្រទាប់​យុវវ័យ​នេះ មាន​ឆន្ទៈ​ផ្សព្វផ្សាយ​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ ផ្សារភ្ជាប់​ជាមួយ​សិល្បៈ​សម័យ​។​
 
​កញ្ញា ឆាយ សម្បត្តិ​នី​តា បញ្ជាក់បន្ថែម​៖«​បទ​ចម្រៀង​ដែល​គាត់​នឹង​យកទៅ​បង្ហាញ​នៅក្នុង​មហោស្រព គឺជា​បទ​ចម្រៀង​ដែល​ក្រុម​តូច​បាន​ផ្សព្វផ្សាយ​រួច ហើយ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​។ អ្វីដែល​ពិសេស គឺ​គាត់​នឹង​យក​បទ​ចម្រៀង​ទាំងនោះ ទៅ​ច្នៃ​បង្កើត​ថ្មី ដោយ​បញ្ចូល​ភ្លេង​ឧបករណ៍​បុរាណ​ខ្មែរ និង​ភ្លេង​ក្លា​សិ​ក​របស់​បរទេស ឱ្យ​វា​កាន់តែ​មាន​ភាព​ទាក់ទាញ​»​។​
ROUND Festival គឺជា​មហោស្រព​ផ្លាស់ប្ដូរ​វប្បធម៌ និង​ពង្រឹង​សាមគ្គីភាព​រវាង​ប្រទេស​អាស៊ាន​ទាំង​១០ និង​កូរ៉េខាងត្បូង តាមរយៈ​តន្ត្រី ដែល​ប្រមូលផ្ដុំ​ដោយ​សិល្បករ​តំណាងឱ្យ​ប្រទេស​នីមួយៗ​។ ក្នុងនោះ​មាន​ប្រទេស កម្ពុជា ថ្ងៃ ឡាវ វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ឥ​ណ្ណូ​នេ​ស៊ី ប្រ៊ុយណេ និង​កូរ៉េខាងត្បូង​។​
 
​ទស្សនិកជន​មកពី​ប្រទេស​កូរ៉េខាងត្បូង និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​១០ ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក  អាច​ចូល​ទស្សនា​ដោយ​សេរី​តាមរយៈ​អន​ឡាញ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Smallworld Smallband ៕
 

Tag:
 តន្ត្រី​
 ​ចម្រៀង​
  Smallworld Smallband ក្រុម​តូច​
  កម្ពុជា​
 ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com