COVID-19
ជាតិ
ករណីវិជ្ជមាន១ទៀត ដោយអ្នកជំងឺជាបុគ្គលិកហាង Carl's Jr Burger នៅទួលទំពូង
06, Dec 2020 , 7:32 am        
រូបភាព
បុរសជនជាតិខ្មែរម្នាក់ទៀតវ័យ២១ឆ្នាំ បានតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំពេលព្រឹករបស់ក្រសួងសុខាភិបាល។



ក្នុងសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បញ្ជាក់ថា បុរសវ័យ២១ ដែលមានកូវីដ-១៩ គឺជាករណីឆ្លងក្នុងសហគមន៍ (ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា)។ ក្រសួង បន្តថា បុរសវ័យ២១ឆ្នាំនេះ មានអាសយដ្ឋាននៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយជាបុគ្គលិកហាង Carl’s Jr Burger ក្នុងខណ្ឌទួលទំពួង។

ក្រសួងសុខាភិបាល ផ្តល់ព័ត៌មានទៀតថា បុរសវ័យ២១ឆ្នាំនេះ ធ្លាប់រស់នៅជាមួយបុរសជាអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតវ័យ២២ឆ្នាំ តាំងពីមុនការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ បុរសវ័យ២២ឆ្នាំនោះ ជាបុគ្គលិកហាង Pedro ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ រាជធានីភ្នំពេញ បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣ ខែធ្នូ។

បន្ថែម១ករណីនេះទៀត ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ មានដល់៣០ករណីហើយ ខណៈករណីឆ្លងនៅ​កម្ពុជាទាំងមូល​ ឡើងដល់៣៤៦ករណី ដោយជាសះស្បើយ​៣០៦ករណី៕



Tag:
 COVID-19
  ព្រឹត្តិការណ៍២៨វិច្ឆិកា
© រក្សាសិទ្ធិដោយ thmeythmey.com