តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​នៅ​តាកែវ ជា​ជម្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​សត្វ​ស្លាប​ទឹក​
ជាតិ
តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​នៅ​តាកែវ ជា​ជម្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​សត្វ​ស្លាប​ទឹក​
07, Dec 2020 , 8:59 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​
 
​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មាន​ប្រភេទ​សត្វ​ស្លាប​ព្រៃ​រាប់ម៉ឺន​ក្បាល និង​ប្រមាណ​ជា ៧០​ប្រភេទ កំពុង​រស់នៅ​។ នៅ​ឆ្នាំនេះ សម្បុក​សត្វ​ស្លាប​ទឹក​រាប់ពាន់ ត្រូវបាន​រកឃើញ ក្នុង​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​។  នេះ​បើតាម​កម្មវិធី BirdLife International Cambodia Programme ។ សម្រាប់ លោក លឹម វ៉ា​ត់ ដែលជា​នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ វត្តមាន​សត្វ​ស្លាប​ដ៏​ច្រើន​ប្រភេទ​នេះ គឺ​បញ្ជាក់​ឲ្យ​ឃើញថា តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ ជា​ប្រភព​ចំណី ជម្រក​ដ៏​មាន​សុវត្ថិភាព សម្រាប់​សត្វ​ស្លាប​ទឹក​ពង​កូន និង​បន្ត​ពូជ​។​



 
​សម្បុក​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ ត្រូវបាន​រកឃើញ​ក្នង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុង​ខេត្តតាកែវ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក BirdLife International Cambodia Programme​។ តាម​ប្រភព​ដដែល សត្វ​ស្លាប​ដែល​គេ​រកឃើញ​នោះ មាន​សម្បុក​សត្វ​ស្មោញ​ដែលជា​ប្រភេទ​សត្វ​ស្លាប​ងាយ​រងគ្រោះ​ចំនួន​១០​សម្បុក​, ក្អែកទឹក​ចំនួន ៣០​សម្បុក​, ខ្វែក​ចំនួន ៦០​សម្បុក​, ក្រសា​ធ្នង់​ចំនួន ២​សម្បុក​, ក្រសា​ប្រផេះ​ចំនួន ១៩​សម្បុក​, កុកគ្រោង​តូច​ចំនួន ១០​សម្បុក និង​កុកគ្រោង​មធ្យម​ចំនួន ១៥​សម្បុក​។ កាលពី​ខែតុលា​កន្លងទៅ គេ​ក៏​រកឃើញ​សម្បុក​សត្វ​ចង្កៀលខ្យង​ជាង ២១០០​សម្បុក​ដែរ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​។  


 
​សម្រាប់​កម្មវិធី BirdLife International Cambodia Programme សម្បុក​សត្វ​ស្លាប​ទឹក​រាប់ពាន់ ក្នុង​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ គឺជា​ទីតាំង​ទ្រទ្រង់​ជីវៈចម្រុះ​ដ៏​មាន​សក្ដានុពល សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ធម្មជាតិ​នា​អនាគត​។​
 
​លោក លឹម វ៉ា​ត់ ជា​នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​ប្រាប់​សារព័ត៌មាន Thmey Thmey 25 ថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មាន​ប្រភេទ​សត្វ​ស្លាប​ព្រៃ​រាប់ម៉ឺន​ក្បាល និង​ប្រមាណ​ជា ៧០​ប្រភេទ កំពុង​រស់នៅ​។ 


 
​មិនតែប៉ុណ្ណោះ​តំបន់​នេះ ក៏​ជា​តំបន់​វាលស្មៅ​យ៉ាង​ទាក់ទាញ​ផងដែរ​។ អ្វីដែល​ពិសេស នៅ​តំបន់​ការពារ​មួយ​នេះ គឺ​វត្តមាន​របស់​សត្វ​ក្រៀល ដែលជា​សត្វ​ស្លាប​ជិត​ផុត​ពូជ​។ កៀល​មាន​វត្តមាន នៅ​រៀងរាល់​រដូវ​សម្រក ក្នុង​ខែធ្នូ និង​បម្លាស់​ទី​ចាក់ចេញ​ទៅវិញ នៅ​រៀងរាល់​ខែកុម្ភៈ​។ នេះ​បើតាម លោក លឹម វ៉ា​ត់ ដោយ​លោក​បាន​បន្ត​ដូច្នេះ​ថា​៖« តំបន់​ការពារ​មួយ​នេះ ហាក់ដូចជា​អំណោយផល​ដល់​សត្វ​ស្លាប​ច្រើន ក្នុងឆ្នាំនេះ​។ រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ ដែល​អង្ក​ការ​ដៃគូ មិនដែល​បាន​ជួប​ប្រទេះ​សត្វ​ស្លាប​មក​បន្ត​ពូជ ក៏ដូចជា​ធ្វើ​សម្បុក​ក្នុង​តំបន់​នេះ​ពីមុនមក​ទេ​។ នេះ​បញ្ជាក់ថា តំបន់​ការពារ​សត្វ​ស្លាប​មួយ​នេះ បានផ្ដល់​នូវ​ចំណី​គ្រប់គ្រាន់ និង​ទីជម្រក​សមរម្យ​ដែល​អាច​បន្ត​ពូជ ព្រមទាំង​សុ​វត្តិភាព ពី​ការ​ប្រមាញ់​ពី​មនុស្ស​ជាដើម​»​។​


 
​សូម​រំឭកថា ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ដែលមាន​ផ្ទៃដី​៨,៣០៥ ហិកតា លាត សន្ធឹង​លើ​ផ្ទៃ​ស្រុក​បុរី​ជលសារ និង​ស្រុក​កោះអណ្ដែត ខេត្តតាកែវ ត្រូវបាន​បង្កើតឡើង​នៅ​តុលា ឆ្នាំ​២០០៧ ដើម្បី​គ្រប់គ្រង និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល និង​សត្វ​ស្លាប​ផ្សេងៗ​ទៀត​៕
 











(​ប្រភព​រូបភាព​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក BirdLife International Cambodia Programme)
 
 

Tag:
 ថ្មីៗ​25
  បឹង​ព្រែក​ល្ពៅ
 ​សត្វ​ស្លាប​
 ​ទេសចរណ៍​
  តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com