COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​ម្នាក់ ត្រូវ​ចាប់ខ្លួន​រឿង​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ផ្ដល់ជំនួយ​ឲ្យ​ប្រជាជន​
06, Dec 2020 , 3:19 pm        
រូបភាព
ទីស្នាក់ការគណៈកម្មការបោសសម្អាតអំពើពុករលួយឥណ្ឌូណេស៊ី។ រូបភាព Jakarta Globe
ទីស្នាក់ការគណៈកម្មការបោសសម្អាតអំពើពុករលួយឥណ្ឌូណេស៊ី។ រូបភាព Jakarta Globe
​រដ្ឋមន្ត្រី​កិច្ចការ​សង្គម​របស់​ឥណ្ឌូណេស៊ី លោក Juliari Batubara ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ប្រ​ឆ​ង​អំពើពុករលួយ​ពាក់ព័ន្ធ​ការសង្ស័យថា បានទទួល​លុយ​ប្រមាណ​មួយ​លាន​ពីរ​សែន​ដុល្លារ​ពី​ក្រុមហ៊ុន​ឯកជន​ពីរ ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​ជំនួយ​បន្ទាន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ។ បើ​រកឃើញថា​មាន​កំហុស លោក Batubara ប្រឈមមុខ​ទោស​ប្រហារជីវិត​ឯណោះ​។​

 
​គណៈកម្មការ​បោសសម្អាត​អំពើពុករលួយ​ឥណ្ឌូណេស៊ី (KPK) បាន​នាំខ្លួន​លោក Juliari Batubara រដ្ឋមន្ត្រី​កិច្ចការ​សង្គម​ទៅ​សួរនាំ​ក្នុង​ទីស្នាក់ការ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​។ ការចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោយ​មន្ត្រី KPK បើក​ប្រតិបត្តិការ​មួយ​នៅ​ថ្ងៃទី​៥ ខែធ្នូ ដោយបាន​ចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ពីរ​នាក់ និង​មន្ត្រី​ក្រសួង​ម្នាក់ ហើយ​រឹបអូស​លុយ​ជាច្រើន​លាន​ដុល្លារ​ផងដែរ​។​
 
​បើតាម​ទូរទស្សន៍ CNA គណៈកម្មការ​បោសសម្អាត​អំពើពុករលួយ​សង្ស័យថា លុយ​ទាំងនោះ នឹងត្រូវ​ផ្ញើ​ឲ្យ​លោក Batubara ដែល​លោក​បានផ្ដល់​កិច្ចសន្យា​ឲ្យ​ក្រុមហ៊ុន​ពីរ​ក្នុង​ការចែក​លុយ និង​ជំនួយ​ចាំបាច់​ដល់​គ្រួសារ​១០​លាន ដែល​រង​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​។ ប្រធាន KPK លោក Firli Bahuri និយាយថា លោក Batubara ប្រឈមមុខ​ទោស​ធ្ងន់ធ្ងរ ប្រសិនបើ​ត្រូវ​រកឃើញថា​មានទោស ព្រោះ​លោក​បាន​កេងចំណេញ​ពីរ​ដ្ឋ​អំឡុងពេល​មាន​វិបត្តិ​។​
 
​ប្រធាន​គណៈកម្មការ​ដ​ដែល​បន្តថា ដោយ​យោងតាម​ព័ស្តុតាង និង​ការសាកសួរ​សាក្សី លោក Batubara អាច​នឹងត្រូវ​ចោទ​តាម​មាត្រា​២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ឆ្នាំ​១៩៩៩ ដែល​អនុញ្ញាត​ឲ្យ​អនុវត្ត​ទោស​ប្រហារជីវិត​លើ​មន្ត្រី​ណា​ដែល​កេង​យក​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង ហើយ​ធ្វើ​ឲ្យ​ឃ្លាំង​លុយ​រដ្ឋ​ខូចខាត​អំឡុងពេល​ប្រទេស​ស្ថិតក្រោម​ភាពអាសន្ន​។ 
 
«KPK សូម​ព្រមាន​មនុស្ស​ទាំងអស់ មិនត្រូវ​ប្រព្រឹត្តិ​អំពើពុករលួយ​ឡើយ ពិសេស​អំឡុងពេល​ជំងឺ​រាតត្បាត​។ ប្រសិនបើ​នៅតែមាន​អ្នក​កេងចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន KPK នឹង​រារែក​ក្នុងការ​ចាត់វិធានការ​ម៉ឺងម៉ាត់​ឡើយ​។​» លោក Bahuri ព្រមាន​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែធ្នូ​។​
 
​លោក Batubara ជា​រដ្ឋមន្ត្រី​ចុងក្រោយ​របស់​រដ្ឋាភិបាល​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ពុករលួយ​។ កាលពី​ខែ​មុន រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ លោក Edhy Prabowo ត្រូវ​ចាប់ខ្លួន ក្រោម​ការសង្ស័យថា ក្លែងបន្លំ​លិខិត​នាំចេញ​កូន​បង្កង​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com