COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឡាវ ស្នើ​សហគមន៍​អន្តរជាតិ​ធានា​តម្លៃ​វ៉ាក់សាំង​កូ​វីដ​-១៩ សមរម្យ​សម្រាប់​ប្រទេស​ក្រីក្រ​
06, Dec 2020 , 11:58 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បានស្នើ​ដល់​សហគមន៍​អន្តរជាតិ​ផ្តល់​ការការពារ​ជាតិ​ដល់​ប្រជាជន​សកល​តាមរយៈ​ការផ្តល់​នូវ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ក្នុងតម្លៃ​សមរម្យ និង​ធូរ​ថ្លៃ​។ សម្រាប់​ក្រុង​វៀងចន្ទន៍​ប្រសិនបើ​អន្តរជាតិ មិនអាច​ធានាបាន​ពី​ការយោគយល់​គ្នា​មួយ​នេះ​នោះទេ ប្រជាជន​ប្រទេស​ក្រីក្រ នឹងរង​ការ​គំរាម​សុខភាព​សាធារណៈ​ជាក់​ជាពុំខាន​។​


​មិន​ខុសពី​បណ្តា​មេដឹកនាំ នៃ​ប្រទេស​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ក្រីក្រ​ដទៃ​ផ្សេងទៀត​នោះទេ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត តាមរយៈ​កិច្ចប្រជុំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្តីពី​ការឆ្លើយតប​ជំងឺ​រាតត្បាត​កូ​រ៉ូ​ណា​នាពេល​ថ្មីៗ​នេះ បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ COVAX ដែលជា​គំនិត​ផ្តួចផ្តើម​មួយ​បង្កើតឡើង​ដើម្បី​ធានា​ពី​ការទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ជាស​កល និង​សមធម៌​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vientiane Times នាឱកាស​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី បានស្នើ​ដោយ​ចំហរ​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ការជួយ​ធានា​ដល់​វ៉ាក់សាំង កូ​វីដ​-១៩ ផ្គត់ផ្គង់​ក្នុ​តម្លៃ​ធូរ​ថ្លៃ និង​សមរម្យ ដែល​ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី យល់ឃើញថា ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​វ៉ាក់សាំង កូ​វីដ​-១៩ ក្លាយជា​ទំនិញ​សាធារណ​សកល​ផងដែរ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី មាន​យោបល់​ទៅកាន់​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​បែបនេះ បន្ទាប់ពី​មាន​ក្រុមហ៊ុន និង​ស្ថាប័ន​ស្រាវជ្រាវ​មួយចំនួន បានប្រកាស​ជោគជ័យ​បឋម​ផ្លូវការ​ក្នុងការ​អភិវឌ្ឍន៍ វ៉ាក់សាំង កូ​វីដ​-១៩ ដែល​វ៉ាក់សាំង​នេះ ក៏ត្រូវ​បានចាប់ផ្តើម​ប្រើប្រាស់​ក្នុងប្រទេស​អឺរ៉ុប​មួយចំនួន ហើយក៏​នឹង​អាច​ក្លាយជា​ផលិតផល​ទូទៅ​សម្រាប់​អន្តរជាតិ​នាពេលខាងមុខ​ដ៏​ខ្លី​ផងដែរ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃ​៦ ធ្នូ ឡាវ មាន​ករណី​ឆ្លង កូ​វីដ​-១៩ សរុប​ទាំងអស់ ៣៦ ករណី​ប៉ុណ្ណោះ ហើយក៏​មិនមាន​ករណី​ស្លាប់​ផងដែរ​។ ឡាវ ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​របស់​ពិភពលោក ដែលមាន​វិធានការ និង​ការគ្រប់គ្រង​ការ​រាតត្បាត​វីរុស កូ​វីដ​-១៩ តឹងរ៉ឹង និង​រឹងមាំ​៕ 
 

Tag:
 ឡាវ​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com