បទ សត្វកាងស្លាប
ដល់គ្រោះ គ្រោះដល់ខ្វល់រួមស្រាយ ដាក់កាយ កាយដាក់ស្រាក់ស្រួលស្រុះ
ចិត្តរួម រួមចិត្តឥតតុញតុះ
ដឹងខុស ខុសដឹងប្រឹងកែខៃ។
ខិតខំ ខំខិតឥតអល់អែក
បែងបែក បែកបែងក្រែងគ្រោះក្រៃ
រោគរីក រីករោគលោកម្ចាស់ថ្លៃ
ក្តាប់ដៃ ដៃក្តាប់ស្តាប់បម្រាម។
ប្រាមប្រាប់ ប្រាប់ប្រាមតាមមិនខុស
ស្រីប្រុស ប្រុសស្រីហីគ្រោះតាម
បានរោគ រោគបានប្រាណដិតដាម
សល់ស្នាម ស្នាមសល់ខ្វល់គ្រួសារ។
ស្តាប់តាម តាមស្តាប់ចាប់ដំណឹង
បានដឹង ដឹងបានហានប្តេជ្ញា
ឈ្នះរួម រួមឈ្នះលះមិច្ឆា
ផ្តាំថា ថាផ្តាំចាំតគ្នា។
ខ្លាំងរួម រួមខ្លាំងតាំងចិត្តឈ្នះ
រួតរះ រះរួតព្រួតការពារ
ស្អាតរួម រួមស្អាតឆ្លាតដកឃ្លា
ជុំគ្នា គ្នាជុំកុំបើអាច។
កុំផ្គើន ផ្គើនកុំសុំយល់យោគ
ក្រែងរោគ រោគក្រែងស្តែងសាយសាច
សល់សោក សោកសល់ខ្វល់ដល់អាច នាំខ្លាច ខ្លាចនាំគ្រាំគ្រាក្រោយ៕