COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង រឹតបន្តឹង​វិធាន​គម្លាត​សុវត្ថិភាព​នៅ​សេ​អ៊ូ​ល​និង​តំបន់​ជុំវិញ ក្រោយ​ករណី​ឆ្លង​បន្ត​កើនឡើង​
07, Dec 2020 , 1:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ:
​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៧​ធ្នូ ប្រកាស​ពី​ការ​រឹតបន្តឹង​វិធាន​គម្លាត​សុវត្ថិភាព​ចាប់ពី​ថ្ងៃទី​៨ ធ្នូ តទៅ​នៅ​ជុំវិញ​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ទប់ស្កាត់​នឹង​ការ​ផ្ទុះឡើង​សារជាថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​។ ករណី​ឆ្លង​ថ្មី​នៅ​កូរ៉េខាងត្បូង ហក់​ឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល​៩​ខែ ជាមួយ​ចំនួន​អ្នក​ឆ្លង​ជាង​៦០០​នាក់​។​

 
​ក្រោម​វិធានការ​គម្លាត​សុវត្ថិភាព​ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី​៨ ខែធ្នូ ភាពអាសន្ន​សុខាភិបាល​កម្រិត​២,៥ ត្រូវអនុវត្ត​នៅ​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​រួមមាន​ខេត្ត Gyeonggi និង​ក្រុង​កំពង់ផែ Incheon​។ ការ​រឹតបន្តឹង​ខាងលើ​មាន​រយៈពេល​៣​សប្តាហ៍​។ នេះ​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​កូរ៉េ (KDCA)​។ ចំណែក​ទីកន្លែង​ឯទៀត នឹង​បន្ត​ស្ថិតនៅក្នុង​កម្រិត​ប្រកាសអាសន្ន​សុខាភិបាល​២​។ កម្រិត​ប្រកាសអាសន្ន​សុខាភិបាល​ទី​៥ ជា​កម្រិត​ខ្ពស់បំផុត​។​
 
​ការ​រឹតបន្តឹង​សុវត្ថិភាព​នេះ នឹង​បិទ​ទីតាំង​ចំនួន​១​សែន​៣​ម៉ឺន​កន្លែង​ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​។ ការជួបជុំ​ទាំងឡាយណា​ដែលមាន​មនុស្ស​ចាប់ពី​៥០​នាក់​ឡើងទៅ​នឹងត្រូវ​ហាមឃាត់ រួមទាំង​ពិធីមង្គលការ និង​បុណ្យសព​ផងដែរ​។ អាជ្ញាធរ​កូរ៉េខាងត្បូង​ទទូច​ឲ្យ ពលរដ្ឋ​ខ្លួន​កាត់បន្ថយ​សកម្មភាព​កំសាន្ត​សប្បាយ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​កន្លែង​ហាត់​កីឡា និង​បន្ទប់​ខារ៉ាអូខេ ត្រូវ​បិទទ្វារ​ត្រឹម​ម៉ោង​៩​យប់ រីឯ​ការប្រកួត​កីឡា​អាចធ្វើ​ទៅបាន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ឡើយ​។ ភោជនីយដ្ឋាន​វិញ ត្រូវបាន​ហាម​មិន​ឲ្យ​បើកទ្វារ​ពី​ម៉ោង​៩​យប់​ទៅ និង​អាច​ត្រឹម​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ម្ហូប​តែប៉ុណ្ណោះ ខណៈ​ហាង​កាហ្វេ​អាច​បន្ត​បើក​បាន​គ្រប់​ម៉ោង តែ​ត្រូវ​មិន​អនុញ្ញាត​ឲ្យ​មាន​ភ្ញៀវ​អង្គុយ​ឡើយ​។​
 
​សកម្មភាព​សាសនា ឬ​សេវាកម្ម​ត្រូវបាន​រដ្ឋាភិបាល​កូរ៉េ​លើកទឹកចិត្ត​ឲ្យ​ធ្វើតាម​អន​ឡាញ ឬ​ផ្សាយ​ទុក​។ ចំពោះ​សកម្មភាព​សាសនា​ទាំងឡាយណា​ដែល​ចាំបាច់ ត្រូវបាន​អនុញ្ញាត បើសិន​ជាមាន​អ្នកចូលរួម​តិចជាង​២០​នាក់​។ ចាប់ពី​ម៉ោង​៩​យប់​ទៅ រោងភាពយន្ត សាលារៀន កន្លែង​កំសាន្ត កន្លែង​កាត់សក់ ក៏ដូចជា​ហាង​លក់ទំនិញ​ធំៗ​ត្រូវ​បិទទ្វារ​។​
 
​ចំណាត់ការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នេះ ធ្វើឡើង​បន្ទាប់ពី​ករណី​ឆ្លង​កើនឡើង​ក្នុង​កម្រិត​ដ៏​ខ្ពស់បំផុត​ក្នុង​រយៈពេល​៩​ខែ​ចុងក្រោយ រាប់​ចាប់​តាំងតែ​ពី​ករណី​ផ្ទុះ​ឆ្លង​ក្នុង​ខែមីនា​។ KDCA រាយការណ៍​ពី​ករណី​កូ​វីដ​-១៩ ថ្មី​ចំនួន​៦១៥​ករណី​សម្រាប់​ថ្ងៃទី​៦ ខែធ្នូ​។​
 
​អ្នកជំនាញ​សុខាភិបាល ព្រមាន​ថា បើសិន​អាជ្ញាធរ​មិន​ចាត់វិធានការ​បន្តឹង​ទាន់ពេល​ទេ នោះ​ក្នុង​រយៈពេល​១ ទៅ​២​សប្តាហ៍​ខាងមុខ ករណី​ឆ្លង​អាច​នឹង​កើនឡើង​ពី​ចំនួន​៧០០ ទៅ​១,០០០​ករណី​ក្នុង​មួយថ្ងៃ​។ គិត​ត្រឹម​ថ្ងៃទី​៧ ធ្នូ​នេះ កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​ចំនួន​៣៨,១៦១​នាក់ ស្លាប់​ចំនួន​៥៤៩​នាក់ និង​ជាសះស្បើយ​ចំនួន​២៩,៣០១​នាក់​៕
 
 

Tag:
 ​កូរ៉េខាងត្បូង​
  កូ​វីត​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com