ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល បំភ្លឺថា គ្មាន​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ តាម​វិធី​បុរាណ​ឡើយ
07, Dec 2020 , 2:33 pm        
រូបភាព
រូបពីក្រសួងសុខាភិបាល
រូបពីក្រសួងសុខាភិបាល
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នា​ថ្ងៃទី​៧ ខែធ្នូ​នេះ បាន​ច្រានចោល​ចំពោះ​ការផ្សាយ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន អំពី​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការប្រើ​ថ្នាំបុរាណ​។ ក្រសួងសុខាភិបាល បាន​អះអាងថា  ការប្រើ​ថ្នាំបុរាណ ពុំ​អាច​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បានឡើយ​។

 
​ក្រសួងសុខាភិបាល​បាន​ណែនាំ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ជឿ​តាម​ការផ្សព្វផ្សាយ​ពី​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដោយ​គ្រាន់តែ​ប្រើប្រាស់​វិធីសាស្ត្រ​តាមបែប​បុរាណ​ខ្មែរ​ឲ្យ​សោះ ពីព្រោះ​វិធីសាស្ត្រ​នេះ អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។ 
 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​អាការ​មិន​ស្រួលខ្លួន គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​មន្ត្រី​ជំនាញ​សុខាភិបាល និង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​។ 
 
​ទន្ទឹមនេះ ក្រសួងសុខាភិបាល បានស្នើ​ឲ្យ​អាជ្ញាធរ​វិធានការ​តាមផ្លូវ​ច្បាប់ លើ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​អំពី​វិធី​ព្យាបាល​ថ្នាំបុរាណ​ទាំងនោះ​។ 
 
​កាលពី​ខែមីនា​កន្លងទៅនេះ មាន​គ្រូ​ថ្នាំបុរាណ​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប បានស្នើ​សុំ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​យក​ថ្នាំ​របស់ខ្លួន​ទៅ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ការព្យាបាល​ដោយ​ប្រើ​ថ្នាំបុរាណ ពុំមែន​ជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ឡើយ​។ មន្ទីរ បកស្រាយ​ថា ការព្យាបាល​ស្របតាម​វិទ្យាសាស្ត្រ​ទៅវិញ​ទេ ដែលជា​វិធី​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩៕ 
 

Tag:
 ថ្នាំបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com