កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ត្រឡប់​ចូល​សង្វៀន​វិញ ដោយ​ត្រូវ​ប៉ះ​តារា Youtube អាមេរិក​
07, Dec 2020 , 10:19 pm        
រូបភាព
Floyd Mayweather អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៥ ស្ថាប័ន ប្រកាសថា ខ្លួន​នឹង​ឡើង​សង្វៀន​ជាថ្មី​ដោយ​ត្រូវ​ប៉ះ​កីឡាករ Logan Paul ដែលជា​តារាង Youtube ក្នុង​កម្មវិធី​ប្រកួត​«​ពិព័រណ៍​ពិសេស​» នៅ​ខែកុម្ភៈ ឆ្នាំ ២០២១​។​


Floyd កំពូល​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​សញ្ជាតិ​អាមេរិក បានបញ្ចប់​អាជីព​ក្រោយ​ការប្រកួត​លើក​ទី ៥០ របស់ខ្លួន​កាលពី​ឆ្នាំ ២០១៧ ដោយ​ផ្តួល​អ្នក​ប្រដាល់​គុន​ចម្រុះ Conor McGregor ។​
​រយៈពេល​៣​ឆ្នាំក្រោយ ពោលគឺ​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ Floyd បាន​ប្រាប់​ពិភពលោក​ថា​រូបគេ​នឹង​ត្រឡប់​ទៅ​សង្វៀន​វិញ ប៉ុន្តែ​ក្នុងការ​ប្រកួត​សប្បុរសធម៌​មួយ​។ អ្នក​ប្រដាល់​មានទ្រព្យ​ច្រើនជាងគេ​វ័យ​៤៣​ឆ្នាំ​រូបនេះ បានបង្ហាញ​ដៃគូ​របស់ខ្លួន​ដែល​នឹងត្រូវ​ជួបគ្នា​នៅ​ដើម​ឆ្នាំក្រោយ គឺជា​អ្នក​ប្រដាល់ និង​ជា Youtuber ដ៏​ល្បីល្បាញ​របស់​អាមេរិក​ផងដែរ​។​
 
Logan Paul វ័យ​២៥​ឆ្នាំ ដែលមាន​អ្នក​ចុច subscribe ក្នុង​គណនី Youtube រហូតដល់​ទៅជា​ង​២​លាន​នាក់ ត្រូវ​ឡើងទៅ​តតាំង​ជាមួយ Floyd ។ Logan ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ម្តង​ប៉ុ​ណ្នោះ ហើយ​ចាញ់​កីឡាករ KSI ដែលជា​មិត្ត​រួម​អាជីព Youtuber ដូចគ្នា កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩​។​
 
​បើតាម​ការផ្សាយ​របស់ BBC ជំនួប​រវាង Floyd និង Logan នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ ២០២១ និង​ជា​ជំនួប​ដែល​គេ​រំពឹងថា​អាច​នឹង​ទាក់ទាញ​ចំនួន​អ្នកទស្សនា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​អំឡុងពេល COVID-19 នេះ​ផងដែរ​។​
 
​កាលពី​សប្តាហ៍​មុន ក៏មាន​ការប្រកួត​ពិព័រណ៍​សប្បុរសធម៌​មួយ​រួចហើយ​ដែរ​រវាង​អតីត​កំពូល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Mike Tyson និង Roy Jones Jr នៅ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​។ ការប្រកួត​សប្បុរសធម៌ ធ្វើឡើង​ដើម្បី​ទទួលបាន​យកទៅជួយ​ដល់​ជនក្រីក្រ​នៅ​ជុំវិញ​ពិភពលោក​៕
 

Tag:
 Floyd Mayweather
  Logan Paul
© រក្សាសិទ្ធិដោយ thmeythmey.com