COVID-19
ជាតិ
កម្ពុជា ត្រៀមថវិកាទិញវ៉ាក់សាំង១លានដូសសម្រាប់មនុស្ស៥០ម៉ឺននាក់ក្នុងដំណាក់កាលដំបូង
× សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា សម្ដេចឲ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចរួចហើយ សម្រាប់ទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនពលរដ្ឋ ៥០ម៉ឺននាក់ក្នុងដំណាក់កាលដំបូង។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា៖ «ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។
កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ របស់ប្រទេសនានា សម្ដេច ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឱ្យត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ ដ្បិតថា បណ្ដាប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។
ត្រឹមថ្ងៃទី៧ធ្នូនេះ អ្នកដែលឆ្លងជំងឺកូវីដ-១៩នៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនឡើងដល់៣២នាក់ ខណៈការធ្វើតេស្តមានចំនួន១១,៣០៥សំណាកហើយ។ ដោយឡែក សម្រាប់នៅកម្ពុជាទាំងមូល មានអ្នកឆ្លងកូវីដ-១៩ ឡើងដល់៣៤៨នាក់។ ក្នុងនោះមាន៣០៦នាក់ ជាសះស្បើយ និងអ្នកជំងឺមាន៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕
© រក្សាសិទ្ធិដោយ thmeythmey.com