COVID-19
ជាតិ
ក្រសួងសុខាភិបាលណែនាំអនុវត្តវិធានការ «៣កុំ» ដល់ហាងទំនិញ ផ្សាររទំនើប និងអាជីវកម្មផ្សេងៗ
07, Dec 2020 , 10:12 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែធ្នូ បានណែនាំដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាទាំងអស់ធ្វើចត្តាឡីស័កឲ្យបានគ្រប់១៤ថ្ងៃ និងគោរពតាមវិធានការអនាម័យ។ ទន្ទឹមនឹងនេះ ក្រសួងបានចេញសេចក្ដីណែនាំ «៣កុំ» ដល់ម្ចាស់អាជីវកម្ម ហាងទំនិញ ផ្សារទំនើប ធនាគារ សណ្ឋាគារ ហាងកាត់សក់ និងកន្លែងលក់ដូរនានា ដើម្បីទប់ស្កាត់កុំឲ្យមានការរាតត្បាតឆ្លងជាសហគមន៍កាន់តែធ្ងន់ធ្ងរ។

 
 
វិធានការ«៣កុំ» ទាំងនោះមានដូចជា កុំទៅកន្លែងដែលគ្មានខ្យល់ចេញចូល ឬប្រើម៉ាស៊ីនត្រជាក់។ កុំទៅកន្លែងដែលមានមនុស្សច្រើន និងកុំនៅជិត និងក្បែរគ្នា ដោយរក្សាគម្លាតពីគ្នា។ 
ដើម្បីឲ្យការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកាប្រកបដោយសុវត្តិភាព និងកាត់ផ្តាច់ព្រឹតិ្តការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងណែនាំដល់អាជ្ញាធរគ្រប់មូលដ្ឋានពង្រឹងការគ្រប់គ្រងដល់អ្នកធ្វើចត្តាឡីស័ក និងផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារអ្នកដែលកំពុងធ្វើចត្តាឡីស័ក។ 
 
ចំពោះអ្នកដែលទើបតែត្រឡប់ពីបរទេស ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានការលើកលែងចំពោះពួកគេដែលធ្វើចត្តាឡីស័ករយៈពេលខ្លីឡើយ។ ពួកគេក៏ត្រូវចត្តាឡីស័កឲ្យគ្រប់១៤ថ្ងៃផងដែរ។ 
 
គិតត្រឹមថ្ងៃទី៧ ខែធ្នូ ក្រសួងសុខាភិបាលបានរកឃើញ និងធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាសរុបចំនួនជាង១ម៉ឺន១ពាន់នាក់ហើយ។ ក្នុងនោះមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់។ ចំពោះអ្នកដែលអវិជ្ជមានក្រសួងនឹងបន្តធ្វើតេស្តនៅថ្ងៃទី៨ រហូតដល់ថ្ងៃបន្តបន្ទាប់ទៀត នៅពហុដ្ឋានជាតិអូឡាំពិក និងនៅកន្លែងផ្សេងៗទៀត។ 
 
ជាមួយគ្នានេះក្រសួងសុខាភិបាលបានណែនាំដល់អ្នកដែលមានហានិភ័យឆ្លងខ្ពស់ ដូចជាជនចាស់ជរា អ្នកដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ កុំចេញទៅក្រៅផ្ទះ បើមិនចាំបាច់។ 
 
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានណែនាំអាជីវកម្ម ផ្សារទំនើប ហាងទំនិញ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងលក់ដូរ ហាងកាត់សក់ កែសម្ផស្យ សំអាងការ និងឱសថស្ថានអនុវត្តវិធានការសុវត្ថិភាពតាមរយៈការពាក់ម៉ាស់ ឬពាក់របាំងការពារ លាងដៃជាមួយនឹងទឹកអាល់កុល និងត្រូវវាស់កម្តៅ៣ដងក្នុងមួយថ្ងៃ។ ក្រសួងណែនាំដោយមិនចង់ឲ្យជំងឺកូវីដ-១៩ កាន់តែរាតត្បាតធ្ងន់ធ្ងរ។ 
 
ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ម្ចាស់អាជីវកម្មលក់ផលិតផល និងកន្លែងផ្តល់សេវាកម្មនានា ត្រូវរៀបចំបំពាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កម្តៅ ទឹកអាល់កុល ឬជែលលាងដៃ នៅច្រកចេញចូលកន្លែងរបស់ខ្លួន។ ក្រសួងណែនាំដល់បុគ្គលិកដែលបម្រើការនៅតាមកន្លែងអាជីវកម្មនានាឧស្សាហ៍លាងដៃយ៉ាងតិច២០ដងក្នុងមួយថ្ងៃ និងវាស់កម្តៅ៣ដងក្នុងមួយថ្ងៃ។ 
 
មុនម្ចាស់អាជីវកម្មផលិតផល និងកន្លែងផ្តល់សេវាកម្មនានាបើកដំណើរការអាជីវកម្មរបស់ខ្លួន ក្រសួងណែនាំឲ្យម្ចាស់អាជីវកម្មនានារៀបចំទីតាំងឈរ ឬអង្គុយ សម្រាប់បុគ្គលិក និងអតិថិជន ដោយរក្សាគម្លាតយ៉ាងតិច១.៥ម៉ែត្រពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ រួមទាំងចាត់ចែងឲ្យមានបុគ្គលិកចាំវាស់កម្តៅ និងបាញ់ទឹកអាល់កុលដល់ភ្ញៀវ។ 
 
លើសពីនេះក្រសួងណែនាំឲ្យម្ចាស់អាជីវកម្មនានាត្រូវរាយការណ៍មកក្រសួងសុខាភិបាលតាមរយៈលេខទូរសព្ទ១១៥ នៅពេលដែលសង្ស័យថានរណាម្នាក់មានអាការមិនស្រួលខ្លួនដែលជាសញ្ញាដូចនឹងជំងឺកូវីដ-១៩។ 
 
ក្នុងករណីដែលម្ចាស់អាជីវកម្មនានាមិនគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលនោះ ក្រសួងនឹងផ្អាកអាជីវកម្មនោះជាបណ្តោះអាសន្នសិន៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com