COVID-19
អន្តរជាតិ
តៃវ៉ាន់​៖ បុរស​ម្នាក់ ត្រូវ​ពិន័យ​៣៥០០​ដុល្លារ​គ្រាន់តែ​ចេញពី​បន្ទប់​ច​ត្តា​ឡី​ស័ក​៨​វិនាទី​
08, Dec 2020 , 9:38 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​អាជ្ញាធរ​តៃវ៉ាន់ បាន​ពិន័យ​បុរស​ម្នាក់​ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ជា​ទឹកប្រាក់​៣៥០០​ពាន់​ដុល្លារ​។ បុរស​ជនជាតិ​ហ្វីលីពីន​ដែល​ត្រូវ​ពិន័យ​នេះ បាន​ចេញពី​បន្ទប់​ដោយឡែក​របស់ខ្លួន​៨​វិនាទី​។

 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​របស់​តៃវ៉ាន់ CNA មន្ទីរ​សុខាភិបាល​ទីក្រុង Kaohsuing និយាយថា​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ដែលជា​ពលករ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីក្រុង​នេះ​។ រូបគេ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សណ្ឋាគារ ដោយបាន​ដើរចេញ​ពី​បន្ទប់​របស់ខ្លួន​ចំនួន​៨​វិនាទី​។ មន្ទីរ​សុខាភិបាល ក៏​ពិន័យ​រូបគេ​មួយ​សែន​ដុល្លារ​តៃវ៉ាន់ ដែល​ស្មើនឹង​៣៥០០​ដុល្លារ​។​
 
​ក្រោម​នីតិវិធី​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​តៃវ៉ាន់ បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក មិនត្រូវ​អនុញ្ញាត​ឲ្យ​ចេញពី​បន្ទប់​ឡើយ ទោះ​ចេញ​យូរ​ឬ​ឆាប់​ក្ដី​។ អាជ្ញាធរ​សុខាភិបាល​តៃវ៉ាន់ បាន​ប្រាប់​ពួកគេ​ឲ្យ​អនុវត្តតាម​គោលការណ៍​ឲ្យ​ខ្ជាប់ខ្ជួន និង​កុំ​រំពឹងថា រួចខ្លួន​ឲ្យ​សោះ​ពេល​ល្មើស​នោះ​។​
 
​នៅ​ទីក្រុង Kaohsiung សណ្ឋាគារ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​៥៦ និង​មាន​ជិត​៣០០០​បន្ទប់​។ 
 
​តៃវ៉ាន់ ទទួលបាន​ការសរសើ​រ​ច្រើន​ចំពោះ​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​។ មិនមាន​ការបិទ​ទីក្រុង​តឹងរ៉ឹង ឬ​ការ​រឹតត្បិត​សេរីភាព​ខ្លាំង​ឡើយ​នៅ​តៃវ៉ាន់​ខុសពី​ចិន ឬ​តំបន់​ផ្សេង​។ តៃវ៉ាន់​ផ្ដោតលើ​ល្បឿន​ក្នុងការ​គ្រប់គ្រង​ជំងឺ គឺ​ល្បឿន​ទាំង​ការចាត់វិធានការ​ទប់ស្កាត់ ទាំង​ការធ្វើ​តេស្ត ទាំង​ការរក​អ្នក​ប៉ះពាល់ និង​ការធ្វើ​ច​ត្តា​ឡី​ស័ត​គត់មត់​ជាដើម​។​
 
​មកទល់​បច្ចុប្បន្ន តៃវ៉ាន់​គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​ច្រើន​ខែ​មកហើយ​។ តៃវ៉ាន់​ដែលមាន​ប្រជាជន​ប្រមាណ​២៣​លាន​នាក់ មាន​ករណី​ឆ្លង​សរុប​មាន​៧១៦ និង​ស្លាប់​៧​នាក់​៕

Tag:
 ​តៃវ៉ាន់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com