COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ផ្តល់អាទិភាពដល់ពេទ្យ គ្រូបង្រៀន និង កងកម្លាំង ដែលត្រូវបានវ៉ាក់សាំងការពារកូវីដមុនគេ
08, Dec 2020 , 11:52 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់យោបល់ទៅគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថា គ្រូពេទ្យ គួរតែទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេបង្អស់ ពេលកម្ពុជាទិញបានវ៉ាក់សាំងការកូវីដ-១៩ ហើយបន្ទាប់មក គឺគ្រូបង្រៀន និង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងទ័ព កងរាជអាវុធហត្ថ នគរបាល) ដែលត្រូវទទួលបានវ៉ាក់សាំងនេះ។



សម្តេច ហ៊ុន សែន ផ្តល់យោបល់នេះ នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ ខណៈគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ដើម្បីពិភាក្សាគ្នាពីការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេច យល់ថា គ្រូពេទ្យ គ្រូបង្រៀន និង កម្លាំងប្រដាប់អាវុធ មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋច្រើនជាងគេ ដូច្នេះ ពួកគេ ជាមនុស្សជូរមុខ ដែលប្រឈមនឹងហានិភ័យខ្ពស់ជាងគេ ក្នុងការឆ្លងជំងឺកូវីដ-១៩។

ប្រមខុរដ្ឋាភិបាល មានប្រសាសន៍ទៅកាន់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងដូច្នេះថា៖«គ្រូពេទ្យ ត្រូវទទួលបាន [វ៉ាក់សាំងការពារជំងឺកូវីដ-១៩] មុនគេ ប្រើគ្រូពេទ្យទៅ គ្រូពេទ្យគ្មានប្រដាប់ការពារខ្លួនផង តើឲ្យគ្មាធ្វើយ៉ាងម៉េច។ គ្រូបង្រៀន ដែលត្រូវបង្រៀនសិស្ស ត្រូវតែមានការការពារឲ្យខានតែបាន។ បន្ទាប់ទៅ គឺកងកម្លាំងប្រដាប់អាវុធ ដែលត្រូវធ្វើបេសកកម្ម មានភារកិច្ចការពារប្រជាពលរដ្ឋ...»។

បន្ទាប់ពីគ្រូពេទ្យ គ្រូបង្រៀន និង កងកម្លាំងប្រដាប់អាវុធ គឺជាមន្ត្រីពន្ធនាគារ មន្រ្តីការពារព្រៃឈើ មន្រ្តីការពារបរិស្ថាន មន្រ្តីផ្នែកជលផល និង មន្រ្តីយុត្តិធម៌តាមតុលាការ ជាដើម ដែលនាយករដ្ឋមន្រ្តី ផ្តល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នាយករដ្ឋមន្រ្តី គិតថា អ្នកទាំងនេះ ក៏ប្រឈមនឹងហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩ដែរ ដ្បិតពួកគេ ត្រូវជួបមនុស្សច្រើននាក់។

បើតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដំណាក់កាលដំបូង កម្ពុជា គ្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូស សម្រាប់ផ្តល់ដល់មនុស្សប្រមាណ៥០ម៉ឺននាក់។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា មិនទាន់សម្រេចចិត្តនៅឡើយទេ ថានឹងទិញវ៉ាក់សាំងនេះពីប្រទេសណា។

ប្រមុខរដ្ឋាភិបាល ប៉ាន់ប្រមាណថា មនុស្សទាំងអស់ខាងលើនេះ មានចំនួនប្រហែល៤០ម៉ឺននាក់ ដែលត្រូវទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល បន្តថា នៅសល់មនុស្សចំនួន១០ម៉ឺននាក់ផ្សេងទៀត ដែលត្រូវទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាការសម្រេចរបស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល នឹងសម្រេចថា ក្នុងចំណោមនុស្សប្រមាណ១០ម៉ឺននាក់នោះ ដែលនាយករដ្ឋមន្រ្តីមិនបានរៀបរាប់ខាងលើ អ្នកណាខ្លះ នឹងត្រូវទទួលបានវ៉ាក់សាំងការពារជំងឺកូវីក-១៩។

យ៉ាងណាក៏ដោយ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនទាន់ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំអំពីគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះទេ។ គិតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាជាង១៨លានដុល្លារហើយ ពីក្រុមសេដ្ឋីនិងសប្បុរសជននានា ដើម្បីទុកទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

Tag:
 COVID-19
  វ៉ាក់សាំងការពារកូវីដ
© រក្សាសិទ្ធិដោយ thmeythmey.com