COVID-19
ជាតិ
វ៉ាក់សាំងកូវីដ-១៩! លោក កឹម សុខា គាំទ្រគម្រោងសម្តេច ហ៊ុន សែន
08, Dec 2020 , 4:35 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេងដៃ) និង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច និងហ្វេសប៊ុករបស់លោក កឹម សុខា
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេងដៃ) និង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច និងហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក៏ប្រកាសគាំទ្រប្រមុខរដ្ឋាភិបាលកម្ពុជាដែរ ដែលដាក់ចេញផែនការត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ការបង្ហាញជំហរគាំទ្ររបស់លោក គឺធ្វើឡើងតាមរយៈសារលើទំព័រហ្វេសប៊ុក ដែលបង្ហោះចេញនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ។



លោក កឹម សុខា បានសរសេរដូច្នេះថា៖«ខ្ញុំសូមចូលរួមគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ»។

ជាមួយគ្នានេះ ប្រធានអតីតគណបក្សប្រឆាំង ដែលគ្មានសិទ្ធិធ្វើសកម្មភាពនយោបាយរូបនេះ បានសរសើរសប្បុរសជន ដែលបានបរិច្ចាគថវិកា ជូនទៅរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោក ថែមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ឲ្យបន្តចូលរួមជាថវិកា ដល់រដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងនេះ។ លោក ហៅ ការលះបង់ក្នុងស្ថានការណ៍នេះ ថាជាទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ន។ បន្ថែមពីនេះ លោក អំពាវនាវដល់សហគមន៍អន្តរជាតិ និងបណ្តាប្រទេសអភិវឌ្ឍន៍ ឲ្យជួយផ្ដល់វ៉ាក់សាំងការពារកូវីដ-១៩ ដល់កម្ពុជា។

នៅយប់ថ្ងៃទី៧ខែធ្នូ ប្រមុខរដ្ឋាភិបាល បានប្រកាសថា ជាជំហានដំបូង កម្ពុជា ត្រៀមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន១លានដូស ដែលអាចផ្តល់ឲ្យមនុស្សប្រមាណ៥០ម៉ឺននាក់។ លុះដល់ព្រឹកឡើង (ព្រឹកថ្ងៃ៨ធ្នូ) រដ្ឋាភិបាល ទទួលបានថវិកាជាង១៨លានដុល្លារ ពីសប្បុរសជននានា ជាពិសេសក្រុមឧកញ៉ា ដែលភាគច្រើន ហ៊ានបរិច្ចាកដល់ទៅខ្ទង់លានដុល្លារក្នុងម្នាក់ៗ។ នៅតែមានសប្បុរសជននានា បន្តបរិច្ចាគថវិកា ជូនរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕

Tag:
 COVID-19
  កឹម សុខា
  ហ៊ុន សែន
  វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com