ជាតិ
សង្គមជាតិ
ម៉ាឡេស៊ី ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ និង​ពលករ​១៤​ប្រទេស​ទៀត តែ​ត្រូវ​បង់ប្រាក់​មួយចំនួន​
08, Dec 2020 , 5:49 pm        
រូបភាព
ពលរដ្ឋខ្មែរជាង១០០នាក់ ដែលជាពលករ ជាសិក្ខាកាមយោធា និង ជានិស្សិត ជាដើម ស្ថិតក្នុងព្រលានយន្តហោះប្រទេសម៉ាឡេស៊ី រៀបចំឡើងយន្តហោះមកកាន់កម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២០ (រូបពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
ពលរដ្ឋខ្មែរជាង១០០នាក់ ដែលជាពលករ ជាសិក្ខាកាមយោធា និង ជានិស្សិត ជាដើម ស្ថិតក្នុងព្រលានយន្តហោះប្រទេសម៉ាឡេស៊ី រៀបចំឡើងយន្តហោះមកកាន់កម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២០ (រូបពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ម៉ាឡេស៊ី​បានប្រកាស​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខុសច្បាប់ នៃ​ប្រទេស​១៥ ដោយ​ក្នុងនោះ មាន​ទាំង​ពលករ​ខុសច្បាប់​របស់​កម្ពុជា​ផងដែរ​។ ការផ្តល់​ភាពស្របច្បាប់​នេះ គឺ​សំដៅ​ដល់​កម្មករ​ខុសច្បាប់ ដែល​កំពុង​បម្រើការ​នៅក្នុង​វិស័យ​សំណង់ ឧស្សាហកម្ម ដាំ​ដុះ និង កសិកម្ម នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

 
​សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានបញ្ជាក់​ពី​លក្ខខណ្ឌ​ថា មុននឹង​និយោជក និង​កម្មករ​ខុសច្បាប់ អាច​ទទួលបាន​សិទ្ធ​ស្របច្បាប់​នេះ គឺ​ពួកគេ មិនត្រូវ​មានឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ​(Black list) របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, ត្រូវ​បង់ប្រាក់​តម្កល់​៥០០​រីង​ហ្គី​ត​(​ជាង​១២០​ដុល្លារ​), បង់ថ្លៃ​ផាកពិន័យ​១៥០០​រីង​ហ្គី​ត​(៣៦៩​ដុល្លារ​) តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​ពលករ​ម្នាក់​, ត្រូវ​ពិនិត្យ​សុខភាព​នៅ​មជ្ឈមណ្ឌល FOMEMA, ត្រូវ​បង់ពន្ធ​, បង់​សេវា​ដំណើរការ​ឯកសា និង ទិដ្ឋាការ​។ 
 
​លក្ខខណ្ឌ​បន្ទាប់មកទៀត គឺ ពលករ ត្រូវមាន​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​យ៉ាងតិច​១៨​ខែ​, ជា​ពលករ​ដែល​បាន​ចូលទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ (Social Visit Pass) ឬ​ជា​ពលករ​ដែលមាន​ទិដ្ឋាការ​ការងារ​ផុត​សុពលភាព​មុន​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ឬ ត្រូវបាន​រាយការណ៍​ថា​រត់​ចេញពី​និយោជក​។ បន្ថែម​ពីនេះ ពលករ​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់ថា​គ្មាន​ជំងឺ​កូ​វីដ​-១៩ ដែលមាន​សុពលភាព​រយៈពេល​៣​ថ្ងៃមុន​ថ្ងៃ​សម្ភាស​។ 
 
​ក្រោយ​ពលករ​បាន​បំពេញ​លក្ខខណ្ឌ​ខាងលើ​បាន​សមស្រប​ហើយ ពលករ​អាចដាក់​ពាក្យ​ស្នើសុំ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​តាមរយៈ​អ៊ីមែល​ទៅកាន់ .my ។ ក្រោយមកទៀត  ពលករ​ទាំងអស់ ត្រូវ​ទាក់ទង​ផ្ទាល់​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​ការងារ​ម៉ាឡេស៊ី​ដោយ​គ្មាន​ការពាក់ព័ន្ធ​ជាមួយនឹង​ភាគី​ទី​បី និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឡើយ​។ នេះ​បើតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែល​អះអាងថា ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខុសច្បាប់​នេះ ត្រូវបាន​អនុវត្ត​ពី​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​មក រហូតដល់​ខែមិថុនា ឆ្នាំ​២០២១៕ 
 
 

Tag:
 ​ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com