កីឡាជាតិ
ជាតិ
AFF Suzuki Cup ត្រូវបានលើកពេលទៅខែធ្នូ ឆ្នាំ២០២១ ដោយសារកូវីដ-១៩ ចាន់ វឌ្ឍនាកា ត្រូវបាន រារាំង ដោយ ខ្សែការពារ ម៉ាឡេស៊ី Mohamad Aidil Zafuan Adb Radzak ក្នុងការប្រកួត AFF Suzuki Cup នៅពហុកីឡដ្ឋានជាតិ កាលពីឆ្នាំ២០១៨
× ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ AFF Suzuki Cup ត្រូវបានលើកពេលទៅរៀបចំនៅអំឡុងខែធ្នូ ឆ្នាំ២០២១។ ការសម្រេចនេះ ធ្វើឡើងក្រោយស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩នៅក្នុងតំបន់អាស៊ាន ក៏ដូចជាលើពិភពលោកនៅតែបន្តកើនឡើង។
ដោយសារស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន និងលើពិភពលោកពុំទាន់ធូរស្បើយ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF)បានសម្រេចលើកពេលរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ AFF Suzuki Cup។ កាលបរិច្ឆេទប្រកួតថ្មីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFF កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
តាមគម្រោងការប្រកួតបាល់ទាត់ដ៏ប្រចាំតំបន់អាស៊ានមួយនេះ គ្រោងធ្វើឡើងចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ មុនសម្រេចលើកពេលទៅរៀបចំនៅអំឡុងខែធ្នូ AFF បានសម្រេចលើកពេលម្តងរួចមកហើយ ដោយគ្រោងធ្វើនៅអំឡុងខែមេសា និងឧសភា ឆ្នាំ២០២០។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍លោក ខៀវ សាម៉េត បានបញ្ជាក់ថា ការពន្យាពេលជាបន្តបន្ទាប់នេះ ដោយសារ AFF បារម្ភពីសុវត្ថិភាពកីឡាករ គ្រូបង្វឹក និងមន្ត្រី ដែលពាក់ព័ន្ធក្នុងដំណើរការរៀបចំព្រឹត្តិការណ៍ AFF Suzuki Cup។ ម្យ៉ាងទៀត លោក ចង់ឲ្យប្រកួតប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកចូលរួមទាំងអស់។
«ជានិច្ចកាលអាទិភាពទីមួយរបស់យើង គឺសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍នេះ(AFF Suzuki Cup)»។ នេះជាការលើកឡើងរបស់លោក ខៀវ សាម៉េត ដែលជឿជាក់ថា កាលបរិច្ឆេទប្រកួតខាងលើជាពេលវេលាដ៏ស័ក្តិសមក្នុងការរៀបចំការប្រកួតឲ្យមានទ្រង់ទ្រាយពេញលេញផ្នែកសុវត្ថិភាពទាំងការប្រកួតក្នុងដី និងក្រៅដី ជាមួយវត្តមានលើកទឹកចិត្តពីអ្នកគាំទ្រនៅកីឡដ្ឋានផ្ទាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com