ជាតិ
ចាំបាច់​ត្រូវមាន​ការចាត់វិធានកា​រ​ជាបន្ទាន់ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ
09, Dec 2020 , 3:00 pm        
រូបភាព
អត្ថបទ​ដោយ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន 
លោក Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​លោក Nick Beresford តំណាង​និវេសនដ្ឋាន UNDP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​
​នៅ​ទូទាំង​សកលលោក ប្លា​ស្ទិ​ក ១៣ លាន​តោន ត្រូវបាន​ប៉ាន់ប្រមាណ​ថា​បាន​ហូរ​ចូលទៅក្នុង​សមុទ្រ​ជា​រៀងរាល់ឆ្នាំ​។ ថនិកសត្វ ត្រី និង​បក្សី​ជាង ១ លាន​ក្បាល​រង​ការ​ផលប៉ះពាល់ ឬ​បាត់​បង់ជីវិត​ជា​រៀងរាល់ឆ្នាំ ព្រោះតែ​សត្វ​ទាំងនេះ​បាន​លេប​ប្លា​ស្ទិ​ក​ចូលទៅក្នុង​ពោះ ឬ​ត្រូវ​រុំ​ជាប់​ដោយ​ប្លា​ស្ទិ​ក​។ បើតាម របាយការណ៍​នានា បច្ចុប្បន្ននេះ មាន​កម្ទេចកម្ទី​ប្លា​ស្ទិ​ក​តូចៗ​នៅក្នុង​ពោះ​ត្រី​ប្រមាណ ៩០% ក្នុងចំណោម​ត្រី​ទាំងអស់​។ សារធាតុ​គីមី​ពុល​ទាំងនេះ​កើនឡើង​រឹតតែ​ច្រើន​ក្នុង​ខ្សែចង្វាក់​ចំណីអាហារ ហើយ​ចុងក្រោយ​ចូលមកក្នុង​រាងកាយ​របស់​មនុស្ស​។ 
 
​សំណល់​ប្លា​ស្ទិ​ក​ប្រមាណ ៩០% ដែល​ហូរ​ចូលទៅក្នុង​សមុទ្រ មាន​ប្រភពពី​ទន្លេធំៗ​ចំនួន ១០ រួមមាន ទន្លេ​យង់​សេ ទន្លេ​លឿង ទន្លេ​ហៃ ទន្លេ​ភើ​ល ទន្លេ​អា​មួរ ទន្លេមេគង្គ ទន្លេ​ឥណ្ឌុស និង​ទន្លេ​ហ្គាំ​ង​ហ្គី​ស​ដេ​តា​នៅ​អាស៊ី និង​ពី​ទន្លេ​នី​ហ្សេ និង​ទន្លេ​នី​ល​នៅ​អា​ហ្វ្រ៊ិ​ក​។ ទន្លេ​ទាំងនេះ ហូរ​កាត់​តំបន់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន ក្នុងប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​មួយចំនួន ដែល​មិន​ត្រឹមតែ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រមូល និង​កែច្នៃ​សំរាម​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ប្រទេស​ដែលមាន​ការយល់ដឹង​ពី​បរិស្ថាន​នៅមានកម្រិត​ទៀតផង​។  
 
​បញ្ហា​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​សមុទ្រ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ការកើនឡើង​នូវ​ការ ផលិត និង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ នៅ​ទូទាំង​សកលលោក​ទាំងមូល បរិមាណ​ប្លា​ស្ទិ​ក​សរុប​ដែល​ត្រូវបាន​ផលិត កើនឡើង​ដល់ ៨,៣ ពាន់​ម៉ែត្រគូប​។ ប្លា​ស្ទិ​ក​ជា​សម្ភារ​ដែលមាន​តម្លៃថោក ងាយស្រួល​ប្រើប្រាស់ និង​ធន់​បានយូរ ហើយ​វា​បានធ្វើការ​ផ្លាស់ប្ដូរ​ទាំង​ស្រុង​នូវ​របៀប​រស់នៅ​របស់​យើង ក៏ដូចជា​ប្រតិបត្តិការ​របស់  អាជីវកម្ម​នានា​។ 
 
​ការផ្លាស់ប្តូរ​បែបនេះ ក៏​ជា​អ្វីដែល​គេ​សង្កេតឃើញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ កាលពី ៣០ ឆ្នាំមុន ប្លា​ស្ទិ​ក​មិនជា​សម្បូរ​គ្រប់ទិសទី​ដូច​បច្ចុប្បន្ន​នេះឡើយ​។ ពលរដ្ឋ​យួរ​កន្ត្រក​ធ្វើ​ពី​ឫស្សី​ទៅ​ផ្សារ ដើម្បី​ទិញ​ផ្លែឈើ និង​បន្លែ ដែល​អ្នកលក់​ខ្ចប់​ដោយ​ស្លឹក​ឈូក ឬ​ស្លឹកចេក​។ បច្ចុប្បន្ន សម្ភារៈ​ដែល​ងាយ​រលាយ​ក្នុង​ដី​ទាំងនេះ ស្ទើរតែ​ជំនួស​ទាំងស្រុង​ដោយ​ថង់​ប្លា​ស្ទិ​ក ទុយោ​ជ័រ កញ្ចប់​ចំណីអាហារ និង​ដប ជាដើម​។ 


លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (កណ្តាល) លោក Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាពជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង ​លោក Nick Beresford តំណាង​និវេសនដ្ឋាន UNDP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​
 
​បច្ចុប្បន្ន នៅ​ទីក្រុង​ភ្នំពេញ សំណល់​ប្លា​ស្ទិ​កមាន​ចំនួន​ជាង ២០% នៃ​សំណល់​សរុប​នៅក្នុង​ទីក្រុង (៣.៦០០ តោន​) ក្នុង​មួយថ្ងៃៗ ដែល​នេះ​ជាការ​ដាក់​សម្ពាធ​ដ៏​សម្បើម​មកលើ​សេវា​គ្រប់គ្រង​សំណល់​។ នៅ​ទីប្រជុំជន សំណល់​ប្លា​ស្ទិ​ក​ដែល​ត្រូវបាន​គេ​ចោល​ខុសច្បាប់ បង្កឱ្យមាន​ការកកស្ទះ​ផ្លូវទឹក ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​បង្ហូរទឹក និង​បង្កើន​ហានិភ័យ​ទឹកជំនន់​។ 
 
​នៅ​តំបន់​ដែល​ពុំមាន​សេវា​ប្រមូល​សំណល់ ជារឿយៗ សំណល់​ប្លា​ស្ទិ​ក​ត្រូវបាន​គេ​ដុត​នៅ​ទី​ចំហ ឬ​ចោល​នៅ​កន្លែង​ចោល​សំរាម​មិនមាន​ការគ្រប់គ្រង ទុកចោល​តាមផ្លូវ ឬ​ចោល​ទៅក្នុង​ប្រព័ន្ធ​ផ្លូវទឹក ដែល​ធ្វើឱ្យ​វា​ហូរ​ចូល​ទៅដល់​សមុទ្រ​។ ការដុត​សំណល់​ប្លា​ស្ទិ​ក​មិនមាន​លក្ខណៈ​បច្ចេកទេស ត្រឹមត្រូវ នាំឱ្យ​មានការ​បំ​ភាយ​សារ​ធាតុគីមី​គ្រោះថ្នាក់ ឬ​សារធាតុពុល ដែល​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ ព្រមទាំង​ធ្វើឱ្យ​មានកំ​ណើ​កម្តៅ​ផែនដី​ផងដែរ​។​
 
​ដោយឡែក​នៅ​តំបន់ឆ្នេរ​វិញ សំណល់​ប្លា​ស្ទិ​កប​ង្ក​ផលប៉ះពាល់​យ៉ាងច្រើន​មកលើ​ឧស្សាហកម្ម​ទេសចរណ៍​។ សំណល់​ប្លា​ស្ទិ​កមាន​បរិមាណ​ស្មើនឹង ៨០% នៃ​កម្ទេចកម្ទី​ដែល​គេ​រកឃើញ​នៅតាម​ឆ្នេរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​ខូច​ដល់​បរិស្ថាន​ធម្មជាតិ​តំបន់ឆ្នេរ ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ និង​សោភ័ណភាព​ឆ្នេរ​។ 
 
​កំណើន​បរិមាណ​សំណល់​ប្លា​ស្ទិ​ក​ដ៏​ច្រើន​បែបនេះ ព្រមទាំង​បញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយសារ​សំណល់​ប្លា​ស្ទិ​ក មិនមែនជា​បញ្ហា​ដែល​កើត​មានតែ ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​នោះឡើយ តាមពិត គេ​សង្កេតឃើញ​មាន​ស្ថាន​ភាពស្រដៀងគ្នា​នេះ​នៅតាម​ប្រទេស​ផ្សេងៗ​ទៀត និង​នៅ​អាស៊ី​ផងដែរ​។ នៅតាម​ប្រទេស​ទាំងនោះ មាន​ប្រជាពលរដ្ឋ និង​អាជីវកម្ម​ជាច្រើន​ចោល​សំណល់​ប្លា​ស្ទិ​កនៅ​ជិត ឬ​ទៅក្នុង​ប្រព័ន្ធ​ផ្លូវទឹក ដោយ​អ្នក​ទាំងនោះ​ប្រហែលជា​មិនដឹង​ពី​ផលប៉ះពាល់ និង​បញ្ហា​នៃ​សំណល់​ទាំងនេះ​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ និង​ខ្សែចង្វាក់​ចំណីអាហារ រាប់បញ្ចូល​ទាំង​ខ្លួន​យើងទាំងអស់គ្នា​ផងដែរ​។ 
 
​តើ​យើង​អាចធ្វើ​អ្វីខ្លះ​បាន​?
​ចាប់តាំងពី​ឆ្នាំ ២០១៨ មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញឱ្យមាន​ការអនុវត្ត​តាម​ក្របខ័ណ្ឌ 4Rs (​បដិសេធ​មិន​ប្រើប្រាស់​(Refuse) កាត់បន្ថយ​(Reduce) ប្រើប្រាស់​ឡើងវិញ​(Reuse) និង​កែច្នៃ​ឡើងវិញ​( Recycle)) ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​បំពុល​ដោយ​ប្លា​ស្ទិ​ក​។​
 
​មានការ​រៀបចំ និង​អនុវត្ត​សកម្មភាព​ជាច្រើន ដើម្បី​សម្រេច​គោលដៅ​នេះ ឧទាហរណ៍ ការដាក់ចេញ​នូវ​វិធានការ​បែប «​ផ្ដល់​រង្វាន់ និង​ពិន័យ (carrot-and-stick)» ជាច្រើន ដូចជា ការអប់រំ ការផ្ដល់​ការលើកទឹកចិត្ត និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ជាដើម​។ ជាក់ស្តែង រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ឱ្យអនុវត្ត​នូវ​ថ្លៃ​បន្ថែម​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក តាម​ផ្សារ​ទំនើប និង​ហាង​ទំនិញ​ធំៗ​។ ការយកថ្លៃ​បន្ថែម​បែបនេះ​បាន​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កជាង ៥០% នៅតាម​ផ្សារ​ទំនើប​ធំៗ​។ ថវិកា​ដែល​ប្រមូលបាន​ពី​ការយកថ្លៃ​បន្ថែម​នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទ្រទ្រង់​ដល់​គំនិត​ផ្ដួចផ្ដើម​បៃតង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ គំនិត​ផ្ដួចផ្ដើម​ទាំងនេះ រួមមាន​ការដំឡើង​ប្រព័ន្ធ​ទឹកស្អាត និង​ផ្ទាំង​សូ​ឡា​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ នៅតាម​សាលារៀន​សាធារណៈ ដើម្បី​ជួយ​ឱ្យ​សាលារៀន និង​ទីធ្លា​សាធារណៈ កាន់តែ​មានការ​គិតគូ​រ​ដល់​បរិស្ថាន​។​
 
​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​បន្ថែមទៀត អំពី​ថង់​ប្លា​ស្ទិ​ក​ដែល​ប្រើតែ ១ ដង​ហើយ​ចោល​។ លើសពីនេះ ក៏មាន​ការរៀបចំ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ស្ដីពី​សេដ្ឋកិច្ច​ច​ក្រា​ផងដែរ ជាមួយ​ការគាំទ្រ​ពី​ប្រទេស​ស៊ុយអែត និង UNDP ដែល​នេះ​ជា​គោលនយោបាយ​មួយ​ក្នុងចំណោម​គោលនយោបាយ​នានា ក្នុងន័យ​លើកកម្ពស់​ការអនុវត្ត​យុទ្ធសាស្ត្រ 4Rs​។ 
 
​ក្នុងពេល​ជាមួយគ្នានេះដែរ ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ដ៏​ធំ​មួយទៀត រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹងសមត្ថភាព​បច្ចេកទេស និង​សមត្ថភាព​ស្ថាប័ន​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គ្រប់គ្រង​សំណល់ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​សហវិមជ្ឈការ​។ ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​គ្រប់គ្រង​សំណល់​រឹង​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​បានរៀបចំ​នូវ​គោលនយោបាយ​ក្របខ័ណ្ឌ និង           គោលការណ៍​ណែនាំ​បច្ចេកទេស​ជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​មុខងារ​នេះ​។ ក្រសួង​ក៏បានផ្ដល់​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​អាចបំពេញ​មុខងារ​ថ្មីៗ​ទាំងនេះ​ឱ្យបាន​ពេញលេញ ដូចជា ផ្ដល់​បរិក្ខារ​សម្រាប់​គ្រប់គ្រង​សំណល់ ឧទាហរណ៍ ឡ​ដុត​សំណល់​ខ្នាតតូច រថយន្ត​ដឹក​សំរាម ធុងសំរាម​ជាដើម និង​បានផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​អភិ​បាល​ស្រុក និង​មេឃុំ​អំពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​។ 
 
​បន្ថែម​លើ​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ ការដោះស្រាយ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​ទាមទារ​ឱ្យមាន​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​បន្ថែមទៀត មិន​ត្រឹមតែ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​តម្រូវឱ្យមាន​ការផ្លាស់ប្ដូ​រ​ក្នុង​វដ្ត​ទាំងមូល​នៃ​ប្លា​ស្ទិ​ក ចាប់ពី​ការផលិត​រហូតដល់​ការនាំ​ចូល និង​ការប្រើប្រាស់ រហូតដល់​ការបោះ​ចោល ឬ​ការកែច្នៃ​ទៀតផង​។ 
 
​ព្រះរាជាណាចក្រ​កម្ពុជា មិនមែនជា​ប្រទេស​ដែល​ផលិត​ផលិតផល​ប្លា​ស្ទិ​ក​ចម្បង​នោះឡើយ ហើយ​ផលិតផល​ប្លា​ស្ទិ​ក​ភាគច្រើន គឺ​ត្រូវបាន​នាំចូល​។ ក្នុងពេល​ជាមួយគ្នានេះ ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ពុំមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ឬ​បច្ចេកវិទ្យា​ជឿនលឿន​សម្រាប់​គ្រប់គ្រង និង​កែច្នៃ​សំណល់​នោះដែរ​។ ខណៈពេលដែល​បរិមាណ​សំណល់​ប្លា​ស្ទិ​កប​ន្ត​កើនឡើង បច្ចុប្បន្ននេះ ការកាត់បន្ថយ​បរិមាណ​ថង់​ប្លា​ស្ទិ​ក គឺជា​រឿង ដែល​ចាំបាច់​ត្រូវធ្វើ​ជាបន្ទាន់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចាំបាច់​ត្រូវបង្កើត​នូវ​បរិយាកាស​មួយ​ដែល​ជួយ​សម្រួល​ឱ្យមាន​ការគ្រប់គ្រង កែច្នៃ និង​ទាញយក​សំណល់​ទាំងនេះ​មកប្រើប្រាស់​ឡើងវិញ​។ 
 
​ទី ១ ត្រូវតែមាន​ការគ្រប់គ្រង​ការនាំ​ចូល និង​ការលក់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ ១ ដង​។ ឧស្សាហកម្ម​ធំៗ​ដែល​កំពុង​ប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ ១ ដង ដូចជា ដប​ប្លា​ស្ទិ​ក ជាដើម ចាំបាច់​ត្រូវ​រចនា​ផលិតផល​របស់ខ្លួន ដើម្បី​ងាយស្រួល​កែច្នៃ​យកមកប្រើ​ប្រាស់​ឡើងវិញ និង​ជួយ​គាំទ្រ​ដល់​សកម្មភាព​កែច្នៃ ដូចជា តាមរយៈ​គម្រោង​ពង្រីក​ការទទួលខុសត្រូវ​រប​ស់​អ្នក​ផលិត​ជាដើម​។ អាជីវកម្ម និង​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ ១ ដង និង​អនុវត្ត​ជម្រើស​ដែលមាន​និរន្តរភាព​។ គេ​ចាំបាច់​ត្រូវ​ញែក​សំណល់​ប្លា​ស្ទិ​ក​ពី​សំណល់​ដទៃទៀត ដើម្បី​អាចឱ្យ​គេ​យក​សំណល់​ទាំងនេះ​ទៅប្រើ​ប្រាស់​ឡើងវិញ កែច្នៃ​យកទៅ​ប្រើប្រាស់​បន្ត ឬ​បំប្លែង​ជា​ថាមពល​។ ការគាំទ្រ​បន្ថែមទៀត​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ការអនុវត្ត​គំនិត​ផ្ដួចផ្ដើម​រួមគ្នា និង​សហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​អភិវឌ្ឍន៍ និង​ដៃគូ​អភិវឌ្ឍន៍ ក៏​ជា​កត្តា​ដ៏​សំខាន់ ដើម្បី​កសាង និង​លើកកម្ពស់​ឧស្សាហកម្ម​កែច្នៃ​សំណល់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ 
 
​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់ជំនួយ​ក្នុង​ទឹកប្រាក់ ៣ លាន​ដុល្លារ​អាមេរិក ជាមួយនឹង UNDP ដើម្បី​អនុវត្ត​គម្រោង​ថ្មី​មួយ ដែល​គាំទ្រ​ដល់ «​ការទប់ស្កាត់​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​នៅ​កម្ពុជា​»​។ គំនិត​ផ្ដួចផ្ដើម​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង UNDP ដោយមាន​គោលបំណង​ទប់ស្កាត់ និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការបំពុល​ដែល​បង្កឡើង​ដោយ​សំណល់​ប្លា​ស្ទិ​ក​លើដី និង​ក្នុង​សមុទ្រ តាមរយៈ​ការជំរុញឱ្យ​មានការ​អនុវត្ត​ក្របខ័ណ្ឌ 4Rs​។ គម្រោង​នេះ​នឹង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត បង្កើន​ការយល់ដឹង និង​គាំទ្រ​ដល់​ការកាត់បន្ថយ​សំណល់   ប្លា​ស្ទិ​ក ព្រមទាំង​ជំរុញឱ្យមាន​ការអនុវត្ត​គំនិត​ផ្ដួចផ្ដើម​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក​។ 
​តាមរយៈ​ការប្រមូលផ្ដុំ​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ​ឱ្យ​រួមសហការ​ជាមួយគ្នា គេ​អាច​ចាត់វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​ពិភពលោក និង​ធានាឱ្យមាន​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ 
 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com