ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំកម្ពុជា ចាត់ទុក​ជាការ​មួលបង្កាច់ ចំពោះ​ការ​លើកឡើងថា វៀតណាម ចង់​បង្កើត​សហព័ន្ធ​ឥណ្ឌូចិន​
09, Dec 2020 , 5:00 pm        
រូបភាព
រូបជួរខាងលើ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេងដៃ) និង លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ហើយរូបជួរខាងក្រោម គឺលោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ស្ថិតក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១១រវាងកម្ពុជា ឡាវ និង វៀតណាម ដែលត្រូវបានរៀបចំឡើងប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
រូបជួរខាងលើ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេងដៃ) និង លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ហើយរូបជួរខាងក្រោម គឺលោក ង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ស្ថិតក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១១រវាងកម្ពុជា ឡាវ និង វៀតណាម ដែលត្រូវបានរៀបចំឡើងប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
ប្រមុខរដ្ឋាភិបាលកម្ពុជា ជំទាស់នឹងការចោទប្រកាន់ថា វៀតណាម មានបំណងប្រើតំបន់ត្រីកោណអភិវឌ្ឍន៍ ធ្វើឲ្យក្លាយទៅជាសហព័ន្ធឥណ្ឌូចិន។ មេដឹកនាំកម្ពុជា ហៅការចោទប្រកាន់បែបនេះ ថាជាការមួលបង្កាច់ប្រវត្តិសាស្រ្ត។



នា​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ប្រទេស​ជា​អ្នកជិតខាង​នឹង​គ្នា​ទាំង​៣ គឺ​កម្ពុជា ឡាវ និង វៀតណាម បាន​បើក​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​លើក​ទី​១១​។ ដោយសារ​ជំងឺ​កូ​វីដ​-១៩ កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នៃ​ប្រទេស​ទាំង​៣ (CLV) លើក​ទី​១១​នេះ បាន​ប្រព្រឹត្តទៅ​តាមរយៈ​ការតភ្ជាប់​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយ​ពុំ​អាច​រៀបចំ​កិច្ចប្រជុំ​ផ្ទាល់​មុខ ដូច​រាល់​ឆ្នាំ​ឡើយ​។

​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដល់​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ឡាវ និង រដ្ឋាភិបាល​វៀតណាម​។ និយាយ​ដល់​តំបន់ត្រីកោណ​អភិវឌ្ឍន៍ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ប្រតិកម្ម​ទៅនឹង​មជ្ឈដ្ឋាន​ខ្លះ ដែល​ចោទប្រកាន់ថា វៀតណាម ចង់​ប្រើ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ ដើម្បី​បង្កើតជា​សហព័ន្ធ​ឥណ្ឌូចិន​។ 
 
​ស្ថិតនៅ​ចំពោះមុខ​លោក ង្វៀន ស៊ួ​ន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម និង លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ តាមរយៈ​ប្រព័ន្ធ​វីដេអូ នាយករដ្ឋមន្ត្រី​កម្ពុជា អះអាង​ដូច្នេះ​ថា​៖«​មានការ​លើកឡើង​មួយចំនួន​ថា តំបន់ត្រីកោណ​អភិវឌ្ឍន៍ ហាក់ដូចជា​ការប៉ុនប៉ង​ស្វះស្វែង​របស់​វៀតណាម ដើម្បី​ក្លាយទៅជា​សហព័ន្ធ​ឥណ្ឌូចិន​។ នេះ​គឺជា​ការ​មួលបង្កាច់​សភា​ព​ការណ៍​ប្រវត្តិសាស្ត្រ​។ គំនិត​ផ្តួចផ្តើម​មុន​បង្អស់ គឺ​ចាប់ផ្តើម​ពី​រូបខ្ញុំ​ផ្ទាល់​តែម្តង​»​។ 
 
​សំឡេង​សម្តេចនាយក​រដ្ឋមន្ត្រី​






​ក្នុង​ឆ្នាំ​១៩៩១ ប្រមុខរដ្ឋាភិបាលកម្ពុជា បាន​ទៅ​ឡាវ ដោយបាន​លើកឡើង​ពី​គំនិត​ផ្តួចផ្តើម​ឲ្យ​បង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ហើយ​លោក ស៊ី​សាវ៉ា​ត់ កែវ​បូ​ផា​ញ់ (Sisavath Keobounphanh) ដែលជា​នាយករដ្ឋមន្ត្រី​ឡាវ​នាពេលនោះ បាន​គាំទ្រ​គំនិត​នេះ​។ បន្ទាប់មកទៀត មេដឹកនាំកម្ពុជា បាន​ទៅ​វៀតណាម ហើយ​បានលើកឡើង​ពី​គំនិត​ចង់​ឲ្យ​បង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ ដោយ​លោក ផាន វ៉ាន់​កាយ (Phan Văn Khải) ដែលជា​នាយករដ្ឋមន្ត្រី​វៀតណាម​នាពេលនោះ​ក៏​គាំទ្រ​ដែរ​។​
 
​ខាងលើនេះ គឺជា​ប្រវត្តិ​សង្ខេប​អំពី​ការបង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល​មេដឹកនាំ​កម្ពុជា រម្លឹក​ឡើង ដើម្បី​បំភ្លឺ​ទៅ​មជ្ឈដ្ឋាន​នានា ដែល​បាន​ចោទថា វៀតណាម ចង់យក​តំបន់ត្រីកោណ​អភិវឌ្ឍន៍ បង្កើត​ទៅជា​សហព័ន្ធ​ឥណ្ឌូចិន​។ មេដឹកនាំ​កម្ពុជា ហាក់​ចង់​បកស្រាយ​ឲ្យ​មជ្ឈដ្ឋាន​ទាំងនោះ យល់​ឲ្យ​ច្បាស់​ថា គឺ​ភាគី​កម្ពុជា ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុនគេ​ក្នុងការ​បង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍ មិនមែន​ភាគី​វៀតណាម ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុន​ឡើយ​។   
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​មិនមែនជា​មហិច្ឆតា​របស់​អ្នកណា​មួយ​ទេ ក៏ប៉ុន្តែ គឺជា​គោលបំណង​ដ៏​ស្មោះត្រង់​រវាង​កម្ពុជា ឡាវ និង វៀតណាម ទៅលើ​ការអភិវឌ្ឍ​តំបន់ត្រីកោណ​នេះ​»​។  
 
​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ នៅ​ឆ្នាំ​១៩៩៩​។ ក្នុង​កិច្ចប្រជុំ​កំពូល​ខាងលើ មេដឹកនាំ​កម្ពុជា ថ្លែងថា រយៈពេល​២១​ឆ្នាំ​មកនេះ តំបន់ត្រីកោណ​អភិវឌ្ឍន៍ មាន​វឌ្ឍនភាព​ជាច្រើន​៕ 
 
 
 
 

Tag:
 ហ៊ុន សែន​
  កម្ពុជា​
  វៀតណាម​
  ឡាវ​
  ឥណ្ឌូចិន​
  តំបន់ត្រីកោន​អភិវឌ្ឍន៍​
© រក្សាសិទ្ធិដោយ thmeythmey.com