ជាតិ
សង្គមជាតិ
ករណីពុលស្រាស្លាប់៖ អ្នកលាយស្រាលក់៥នាក់ ត្រូវបញ្ជូនទៅតុលាការ កន្លែងផលិតស្រា៥១ និងតូបលក់ស្រាជាង១០០ ត្រូវបិទ
× ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឃាត់មនុស្ស៩នាក់ ពាក់ព័ន្ធនឹងការផលិត ការលាយ និងការបិតស្រាសលក់ បណ្តាលឲ្យមានមនុស្សពុលស្លាប់។ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ឆ្នាំង ប្រាប់ថា ក្នុងចំណោមមនុស្សទាំង៩នាក់នោះ មាន៥នាក់ ត្រូវបានបញ្ជូនបន្តទៅតុលាការ ដើម្បីដោះស្រាយតាមនិតីវីធីច្បាប់ ខណៈ៤នាក់ទៀត គ្រាន់តែឲ្យធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មលក់ស្រាសតទៅទៀត ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ លោកព្រះរាជអាជ្ញា ឡុង ស៊ីថា ថ្លែងថា៖«មនុស្ស៥នាក់ [ដែលត្រូវបញ្ជូនទៅតុលាការ] នោះ មាន៣នាក់ ជាអ្នកផលិតសារធាតុមេតាណុល និង២នាក់ទៀតជាអ្នកលាយមេតាណុលបន្ថែមចូលក្នុងស្រា។ តាមការសាកសួរពួកគាត់ លាយមេតាណុល ដោយសារគិតថាចង់ឲ្យស្រារបស់ពួកគាត់មានរសជាតិប្លែក។ ចំណែកអ្នកពាក់ព័ន្ធ៤នាក់ទៀត ពួកគាត់គ្រាន់តែជាអ្នកចែកចាយលក់ស្រាសបន្តប៉ុណ្ណោះ»។
លោកព្រះរាជអាជ្ញា បន្តថា ការបិតស្រាដោយលាយសារធាតុមេតាណុលខ្ពស់អាចបណ្តាលឲ្យមនុស្សពុលស្លាប់នៅពេលទទួលទានស្រានោះ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លើកឡើងថា គិតត្រឹមថ្ងៃទី៩ ខែធ្នូឆ្នាំ២០២០ អាជ្ញាធរស្រាវជ្រាវរកឃើញមនុស្ស១៦៤នាក់ ដែលបានពុលស្រា ដោយក្នុងចំណោមនោះ មាន១៥នាក់បានស្លាប់ ហើយ១៤៩នាក់ទៀត បានជាសះស្បើយ និងបានត្រឡប់ទៅគេហដ្ឋានវិញ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ពួកគាត់ម្នាក់ទៅពីរនាក់នៅមានបញ្ហាសុខភាពតិចតួចទាក់ទងនឹងសញ្ញាញៀនស្រា នៅពេលដែលយើងផ្តាច់ស្រាពីពួកគាត់»។
ប្រធានមន្ទីរសុខាភិបាលរូបនេះ បានឲ្យដឹងថា អាជ្ញាធរបានចុះទៅបិទអាជីវកម្មផលិតស្រា ៥១កន្លែង និងបិទតូបលក់ស្រាជាង១០០កន្លែងទៀត ហើយលើសពីនេះអាជ្ញាធរ ក៏បានដកហូតស្រាផ្សេងៗ ដូចជាស្រាថ្នាំ ជាដើម ពីម្ចាស់អាជីវកម្មទាំងនោះ ដើម្បីកម្ទេចចោល។ លោក អះអាងថា ដើម្បីជៀសវាងកុំឲ្យមានករណីពុលស្រានេះកើតឡើងជាបន្តទៀត អភិបាលខេត្តបានចាត់វិធានការហាមមិនឲ្យអាជីវករទាំងអស់ផលិត និងលក់លក់ស្រាសទៀតឡើយ ប៉ុន្តែចំណាត់ការនេះ សម្រាប់អនុវត្តតែក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប៉ុណ្ណោះ។
ហេតុការណ៍ពុលស្រាស្លាប់នេះ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com