ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កឹម សុខា៖ កម្ពុជា អាចមានសន្តិភាពនិងការបង្រួបបង្រួម លុះត្រាតែពលរដ្ឋ ទទួលបានការគោរពសិទ្ធិ
10, Dec 2020 , 12:00 pm        
រូបភាព
លោក កឹម សុខា កាលនៅធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកដៃទៅកាន់អ្នកគាំទ្រ ពេលដែលលោក ត្រូវអាជ្ញាធរ ឃាត់ខ្លួនដាក់ក្នុងរថយន្ត ហើយនាំចេញពីការិយាល័យមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០០៥។ រូបពី AFP
លោក កឹម សុខា កាលនៅធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកដៃទៅកាន់អ្នកគាំទ្រ ពេលដែលលោក ត្រូវអាជ្ញាធរ ឃាត់ខ្លួនដាក់ក្នុងរថយន្ត ហើយនាំចេញពីការិយាល័យមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០០៥។ រូបពី AFP
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ខ្លួនក្នុងបទចោទរួមគំនិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល បានចូលរួមសាទរខួបលើកទី៧២នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននិងបទពិសោធការងារផ្នែកសិទ្ធិមនុស្ស ដែលលោក ធ្លាប់មាន។



លោក កឹម សុខា ដែលត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយ បានសរសេរដូច្នេះថា៖«អស់រយៈពេលជិត៣០ឆ្នាំមកនេះ ខ្ញុំបានចូលរួមផ្តួចផ្តើមសកម្មភាពនានា និង ដឹកនាំស្ថាប័នសិទ្ធិមនុស្សមួយចំនួនដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ព្រោះខ្ញុំយល់ឃើញថា កម្ពុជា អាចមានសន្តិភាព និង ការបង្រួបបង្រួមជាតិពិតប្រាកដបាន លុះត្រាតែប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបាននូវការគោរពសិទ្ធិរបស់ពួកគាត់»។

លោក បន្តថា សិទ្ធិមនុស្ស គឺជាសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដែលមិនអាចយកអ្វីមកជំនួសបានឡើយ។ លោក បន្ថែមថា ដើម្បីធានាឲ្យមនុស្សគ្រប់រូបក្នុងសង្គម ទទួលបានផលប្រយោជន៍ និងសិទ្ធិមូលដ្ឋាន ពួកគេត្រូវការជាចាំបាច់ឲ្យមានការធានានិងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលសិទ្ធិទាំងនេះ អាចឲ្យពួកគេ សម្រេចជោគវាសនាអនាគតរបស់ខ្លួន និងប្រទេសជាតិ។

លោក បានអំពាវនាវឲ្យខ្មែរគ្រប់និន្នាការទាំងអស់ ជាពិសេសអ្នកដែលមានឥទ្ធិពលមានអំណាច ចូលរួមលើកស្ទួយ និង គោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ ដោយមិនត្រូវមានការរើសអើង និងមិនត្រូវយកប្រជាពលរដ្ឋខ្មែរជាសត្រូវឡើយ។ ម្យ៉ាងទៀត លោក ចាត់ទុកការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ថាមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬ ការរំលោភលើអធិបតេយ្យភាពនោះទេ។

ប្រធានអតីតគណបក្សប្រឆាំង ប្រកាន់យកទស្សនៈថា៖«មានតែការគោរពសិទ្ធិមនុស្សដោយពេញលេញទេ ដែលអាចនាំមកនូវស្ថិរភាព សន្តិភាព និង អភិវឌ្ឍន៍ប្រកបដោយចីរភាពពិត ជូនប្រជាពលរដ្ឋ»។

ខុសពីរាល់ឆ្នាំ សម្រាប់ឆ្នាំនេះ អាជ្ញាធរ ពុំអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលនៅកម្ពុជា ជួបជុំឬប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធខួបលើកទី៧២នៃទិវាសិទ្ធិមនុស្សឡើយ ក្រោមមូលហេតុថា បារម្ភពីការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជា កំពុងជួបការលំបាកនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលនានា នៅតែបង្ហាញការអបអរសាទរទិវាសិទ្ធិមនុស្ស តាមរយៈការបង្ហោះសារលើបណ្តាញសង្គម។

មាត្រា៣១នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា កម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។ មាត្រានេះ ចែងទៀតថា ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ៕

Tag:
 កឹម សុខា
  ទិវាសិទ្ធីមនុស្សលើកទី៧២
© រក្សាសិទ្ធិដោយ thmeythmey.com