ជាតិ
សង្គមជាតិ
«១១មករា ២០២១» ប្រឡងបាក់ឌុប
10, Dec 2020 , 12:17 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា បានកំណត់កាលរិច្ឆេទជាក់លាក់ហើយ អំពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ នេះបើតាមលិខិតរបស់លោករដ្ឋមន្រ្តី ផ្ញើទៅកាន់លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។



លោក ហង់ជួន ណារ៉ុន ជម្រាបលោក ហេង វ៉ាន់ដា ដូច្នេះថា៖«ក្រសួង នឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ»។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានចេញសេចក្តីជូនដំណឹងផ្លូវការដែរ ពីអំពីការកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាសម័យប្រឡងបាក់ឌុប។ លោក បញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា កាលកំណត់កាលបរិច្ឆេទសម្រាប់ប្រឡេងបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺបន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 

បើតាមសេចក្តីជូនដំណឹងរបស់លោករដ្ឋមន្រ្តី ការប្រឡងបាក់ឌុបនឹង នឹងត្រូវរៀបចំនៅតាមគ្រឹះស្ថានមធ្យមសិក្សា តាមលំនាំនៃការប្រឡងឌីប្លូម។ លោករដ្ឋមន្រ្តី ណែនាំដូច្នេះថា៖«គ្រឹះស្ថានមធ្យមសិក្សានីមួយៗ ត្រូវសហការជាមួយអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់និងប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួន ធ្វើជាគណៈកម្មការមេប្រយោគប្រឡងនៅគ្រប់ដំណាក់កាល»៕

Tag:
 ប្រឡងបាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com