COVID-19
ជាតិ
ព្រះមហាក្សត្រនិងព្រះមាតា ប្រទាន១លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ
10, Dec 2020 , 1:33 pm        
រូបភាព
រូបពី AFP
រូបពី AFP
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រោសប្រទានព្រះរាជទ្រព្យ៥០ម៉ឺនដុល្លារ ហើយព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រី ក៏ទ្រង់ប្រោសប្រទានព្រះរាជទ្រព្យ៥០ម៉ឺនដុល្លារដែរ ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។



សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ព័ត៌មានលើទំព័រហ្វេសប៊ុកថា គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាល ទទួលបានថវិកាជាង៣០លានដុល្លារហើយ ពីសប្បុរសជននានា សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ រដ្ឋាភិបាលកម្ពុជា មានគម្រោងទិញវ៉ាក់សាំង ចាក់ជូនប្រជាជន ឲ្យបានប្រមាណ១០លាននាក់ឯណោះ ក្នុងចំណោមប្រជាជនខ្មែរទាំងអស់ជាង១៦លាននាក់។ ប៉ុន្តែ ជាជំហានដំបូង រដ្ឋាភិបាលកម្ពុជា ប្រកាសទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រឹម១លានដូសសិនប៉ុណ្ណោះ ដែលអាចចាក់ជូនប្រជាជនបានប្រមាណកន្លះលាននាក់។

ប្រមុខរដ្ឋាភិបាល ផ្តល់អាទិភាពដល់គ្រូពេទ្យ គ្រូបង្រៀន និង កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេ ពេលកម្ពុជា នាំចូលវ៉ាក់សាំងនេះ។ ប្រមុខរដ្ឋាភិបាល យល់ថា ក្រុមមនុស្សទាំង៣ប្រភេទនេះ ប្រឈមនឹងហានិភ័យជាងគេក្នុងការឆ្លងជំងឺកូវីដ-១៩ ព្រោះពួកគេ ត្រូវជួបប្រជាជនច្រើនជាងគេ។ បន្ទាប់មកទៀត គឺមន្រ្តីយុត្តិធម៌ ដែលប្រមុខរដ្ឋាភិបាល មើលឃើញថា គួរតែផ្តល់អាទិភាពមុនគេដែរ ក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩៕   





Tag:
 COVID-19
  ព្រះមហាក្សត្រ
  វ៉ាក់សាំងការពារកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com