អន្តរជាតិ
អាមេរិក យល់ព្រម​លក់​យន្តហោះ​ចម្បាំង F-15 និង F-18 ឲ្យ​ឥណ្ឌូណេស៊ី​
10, Dec 2020 , 3:22 pm        
រូបភាព
យន្តហោះចម្បាំងធុន F-15។ រូបភាព AP
យន្តហោះចម្បាំងធុន F-15។ រូបភាព AP
​អាមេរិក បាន​បញ្ជាក់ថា ខ្លួន​នឹង​លក់​យន្តហោះ​ចម្បាំង​ពីរ​ប្រភេទ​មាន F-15 និង F-18 ឲ្យ​ឥណ្ឌូណេស៊ី ដើម្បី​ពង្រឹង​កងកម្លាំង​ទ័ពអាកាស​ក្នុងការ​ការពារ​តំបន់​សមុទ្រ ដែល​ត្រូវបាន​ចិន​បញ្ជូន​ទូក​នេសាទ និង​ទូក​ល្បាត​ចូលមក​ជា​ញឹកញាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia នៅ​ថ្ងៃទី​៩ ខែធ្នូ​។

 
​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាមេរិក លោក Christopher Miller បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សា​ការ​តា​នៅ​ថ្ងៃទី​៧ និង​៨ ខែធ្នូ​កន្លងទៅ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រី​ស្តីទី​អាមេរិក បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី លោក Prabowo Subianto ដែល​ថ្មីៗ​នេះ ត្រូវបាន​អាមេរិក​លុបចោល​បម្រាម​ចូលទៅក្នុង​ទឹកដី​អាមេរិក​។ 
 
​ក្នុងជំនួប​មន្ត្រីជាន់ខ្ពស់​នេះ ភាគី​អាមេរិក បានសម្រេច​លក់​យន្តហោះ​ចម្បាំង​ចំនួន ពីរ​ប្រភេទ​គឺ F-15 និង F-18 ឲ្យ​ឥណ្ឌូណេស៊ី ស្របពេល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ចង់​អភិវឌ្ឍ​សមត្ថភាព​កងកម្លាំង F-15 របស់ខ្លួន​។ ជាមួយគ្នានេះ លោក Miller និង លោក Prabowo ក៏បាន​ជជែក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ដែល​ចិន​កំពុង​ធ្វើ​សកម្មភាព​យ៉ាងខ្លាំង​តាមរយៈ​ការធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​សមុទ្រ​ជម្លោះ​។ 
 
​កន្លងមក ឥណ្ឌូណេស៊ី បាន​ជំរុញ​យ៉ាងខ្លាំង​ឲ្យ​អាមេរិក លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-15, F-18 និង F-35 ដល់​ខ្លួន​។ ប៉ុន្តែ​អាមេរិក យល់ព្រម​លក់​យន្តហោះ​ចម្បាំង​ប្រភេទ F-15 និង F-18 នៅពេលនេះ ខណៈ​យន្តហោះ​ចម្បាំង​ប្រភេទ F-35 អាច​រងចាំ​រហូតដល់ ១០​ឆ្នាំ ឯណោះ​ក្នុងការ​ដឹកជញ្ជូន​មក​ឥណ្ឌូណេស៊ី​។ F-15 និង F-18 ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក McDonnell Douglas និង​ក្រុមហ៊ុន Boeing ។​
 
​ការ​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី​នេះ ទំនងជា​ចង់​ទប់ស្កាត់​ឥទ្ធិពល និង​អំណាច​របស់​ចិន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ម្យ៉ាង​ទំនាក់ទំនង​ទ្វេភាគី​នេះ ក៏​អាច​រុញ​ចិន​ឲ្យ​ឈរ​នៅលើ​មាត់ជ្រោះ​ផងដែរ​។​
 
​នៅ​ឥណ្ឌូណេស៊ី លោក Miller ក៏បាន​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ឥណ្ឌូណេស៊ី លោក  Hadi Tjahjanto ផងដែរ ដើម្បី​ជជែក​ពី​ការ​ហឹ​ក​ហាត់​កងទ័ព​រួមគ្នា​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី លោក Miller បានបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ក្រសួងការពារជាតិ​អាមេរិក ជាមួយ​ឥណ្ឌូណេស៊ី ក្នុងការ​ការពារ​គោល​ការណ៍ «​សេរី និង​បើកចំហ​» នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​។ 
 
​សូមបញ្ជាក់ថា នៅ​ចុង​ខែតុលា​កន្លងទៅ ប្រមុខ​ការទូត​អាមេរិក លោ ក​ប៉ៃ ប៉ុ​ម​ប៉េ​អូ ក៏បាន​ធ្វើ​ទស្សនកិច្ច​មក​ឥណ្ឌូណេស៊ី​ដែរ​។ ការការពារ​ប្រជុំ​កោះ​ណា​ទុ​ណា ពាណិជ្ជកម្ម និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​របៀបវារៈ​សំខាន់​ក្នុងការ​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី​៕ 

Tag:
 អាមេរិក​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com