ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អង្គការ​៦៧ រួមគ្នា​ស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់ឃុំ ដែល​ពាក់ព័ន្ធ​ការងារ​សិទ្ធិមនុស្ស​និង​នយោបាយ​
10, Dec 2020 , 3:59 pm        
រូបភាព
កងកម្លាំង ឈរនៅតុលាការភ្នំពេញ ខណៈតុលាការនេះ បើកសវនាការជំនុំជម្រះលើកដំបូងលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២០ (រូបពី AFP)
កងកម្លាំង ឈរនៅតុលាការភ្នំពេញ ខណៈតុលាការនេះ បើកសវនាការជំនុំជម្រះលើកដំបូងលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២០ (រូបពី AFP)
​នា​ទិវា​រម្លឹក​ខួប​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧២ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ អង្គការ​សង្គម​ស៊ីវិល​និង​សមាគម​សរុប​៦៧​ស្ថាប័ន​នៅ​កម្ពុជា រួមគ្នា​អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ដែល​ចែង​ក្នុង​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ការអំពាវនាវ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៧ ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍  ដែល​ចេញ​ក្នុង​ថ្ងៃ​រម្លឹក​ខួប​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​នេះ​។



​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ សរសេរ​ដូច្នេះ​ថា​៖«​យើងខ្ញុំ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ជាបន្ទាន់​នូវ​ការកំណត់​មុខសញ្ញា​ទៅលើ​សកម្មជន អ្នកការពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន អ្នកគាំទ្រ​គណបក្សជំទាស់ និង​សំឡេង​រិះគន់​ដទៃទៀត​ផងដែរ ដែល​ប្រការនេះ បានធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​មា​នភា​ព​អាប់អួ​ខ្លាំង​ក្នុង​ឆ្នាំ​២០២០ ព្រមទាំង​សូម​ឲ្យ​ដោះលែង​បុគ្គល ដែល​ត្រូវបាន​ឃុំខ្លួន​ទាំងអស់ ដោយ​គ្មាន​លក្ខខណ្ឌ​»​។

លោក ជិន ម៉ា​លីន អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា គេ មិនគួរ​ឆ្លៀត​ប្រើប្រាស់​ទិវា​សិទ្ធិមនុស្ស​នេះ ដើម្បី​បន្តុះបង្អាប់​រដ្ឋាភិបាល តាមរយៈ​ការ​ថ្លែង​សារ​នយោបាយ ដែលមាន​ចរិត​ញុះញង់ បំផ្លើស​ខុសពី​ការពិត ហើយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​កម្ពុជា​នោះទេ ដូចជា ការដាក់​សម្ពាធ​លើ​តុលាការ ជា​ស្ថាប័ន​ឯករាជ្យ ឲ្យ​ដោះលែង​ជនជាប់ចោទ ដែល​កំពុង​ស្ថិតក្នុង​ដំណើរការ​នីតិវិធី ជាដើម​។​
 
​លោក ជិន ម៉ា​លីន ដែលជា​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដែរនោះ បញ្ចេញយោបល់​ដូច្នេះ​ថា​៖«​ទង្វើ​និង​សកម្មភាព​ក្នុងការ​ការពារ​ដោយ​បំពាន​ច្បាប់ ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្តល្មើស​ទៅនឹង​ច្បាប់​បែបនេះ មិនមែនជា​កិច្ច​គាំពារ​និង​លើកស្ទួយ​សិទ្ធិមនុស្ស​នោះទេ តែ​ផ្ទុយទៅវិញ វា​បាននិងកំពុង​លើកទឹកចិត្ត​មនុស្ស​ឲ្យ​កាន់តែ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់ ដោយ​មិន​មានការ​ញញើត ខ្លាចរអា និង​រាងចាល ហើយ​ដែល​នេះ​អាច​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ង​រដល់​សង្គម​»​។​
 
​អង្គការ​សង្គម​ស៊ីវិល ដែល​បានចេញ​សេចក្តីថ្លែងការណ៍​រួម​ខាងលើ មានដូចជា អង្គការ​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) និង គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោ​យស​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) ជាដើម​។ 
 
​ដោយសារ​បារម្ភ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាលដាល​ក្នុង​សហគមន៍ អាជ្ញាធរ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ ដើម្បី​ប្រា​ព្ធ​ទិវា​សិទ្ធិមនុស្ស​ឡើយ សម្រាប់​ឆ្នាំនេះ​៕ 

Tag:
 NGO
  ទិវា​សិទ្ធិមនុស្ស​១០​ឆ្នូ
© រក្សាសិទ្ធិដោយ thmeythmey.com