ជាតិ
ពីនេះ ពីនោះ
តើ កូវីដ-១៩ សម្លាប់សេដ្ឋកិច្ចខេត្តណាខ្លាំងជាងគេនៅកម្ពុជា?
11, Dec 2020 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
រឿងរ៉ាវកូវីដនេះ បានធ្វើឲ្យរដ្ឋាភិបាល និងវិស័យឯកជនឈឺក្បាលមែនទែន។ ជំនួញជាច្រើនបានដួលរលំបះជើង ហើយមិនដឹងថា តើថ្ងៃណាអាចរស់ឡើងវិញឡើយ។ កូវីដ បានបង្កផលបះពាល់ តាំងពីជំនួញតូចតាច រហូតដល់ជំនួញខ្នាតធំ។ សុធីរ សួរ សំណាង ថា តើសេដ្ឋកិច្ចខេត្តណា ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ខ្លាំងជាងគេ?

 
សុធីរ៖ អើអ្ហែងយល់ដឹងរឿងសេដ្ឋកិច្ចច្រើនគួរសមជាងអញ។ តើខេត្តណាទទួលរងផលប៉ះពាល់ខ្លាំងដោយសារ កូវីដ-១៩? 
 
សំណាង៖ ប៉ះគ្រប់តែកន្លែងហ្នឹង។ 
 
សុធីរ៖ អញដឹងហើយថា វាប៉ះគ្រប់កន្លែង តែអញចង់ដឹងថា តើខេត្តណា ឬក្រុងណាវាប៉ះខ្លាំងជាងគេ និងដោយសារហេតុផលអ្វី?  
 
សំណាង៖ អញមិនមែនអ្នកសេដ្ឋកិច្ចទេវ៉ើយ តែអញប្រាប់អ្ហែងលេងទៅ។ ខេត្តដែលរងគ្រោះខ្លាំងដោយសារកូវីដ-១៩ គឺខេត្តសៀមរាប និងខេត្តព្រះសីហនុ។ 

សុធីរ៖ ហេតុអីទៅអា សម្លាញ់?  
 
សំណាង៖ អ្ហែងដឹងទេ ព្រោះខេត្តពីរនេះ ពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើវិស័យទេសចរណ៍។ គ្មានអ្នកទេសចរ ខេត្តពីរនេះ ស្ងាត់ដូចចោរលួចសេះ។ សៀមរាបស្ងាត់ណាស់ ស្ងាត់សឹងមិនគួរឲ្យជឿ។ ភោជនីយដ្ឋានតូចធំ សណ្ឋាគារតូចធំ បិទទ្វារអស់ហើយ។ រីឯ នៅខេត្តព្រះសីហនុឯណោះវិញ ពេលចិនចេញទៅវិញ អ្វីៗក៏ស្ងាត់ដែរ។ អ្នករកស៊ីនៅខេត្តព្រះសីហនុឥឡូវក៏ស្ងាបអស់ដែរ។ 
 
សុធីរ៖ ចុះខេត្តផ្សេងៗ? 
 
សំណាង៖ ខេត្តផ្សេងៗក៏បះដែរ តែមិនសូវខ្លាំង ព្រោះ ខេត្តទាំងនោះ មិនរស់ដោយពឹងផ្អែកតែទៅលើវិស័យទេសចរណ៍មួយមុខ។ ខេត្តផ្សេៗងពឹងផ្អែកលើទេសចរណ៍ខ្លះ លើកសិកម្មខ្លះ លើឧស្សាហកម្មរោងចក្រខ្លះ ពាណិជកម្មខ្លះ លើសិប្បកម្មខ្លះ ដូច្នេះ ពេលវិស័យទេសចរណ៍ស្លាប់ វិស័យផ្សេងៗនៅអាចរស់បាន ដូចជាករណីនៅខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ចាម កណ្តាល។ល។ ខេត្តទាំងនេះ ពឹងលើកសិកម្មខ្លះ ពាណិជ្ជកម្មខ្លះ កាត់ដេរខ្លះ…។ រីឯភ្នំពេញវិញ ក៏ប៉ះដែរ តែភ្នំពេញ ជាជង្រុកសកម្មភាពសេដ្ឋកិច្ចចម្រុះ ដូច្នេះសេដ្ឋកិច្ចភ្នំពេញក៏ចេះតែប្រឹងត្រដររស់ទៅ។ 
 
សុធីរ៖ អ៊ីចឹងគួរឲ្យអាណិតខេត្តព្រះសីហនុ និងខេត្តសៀមរាបណាស់ណ៎! តើពេលណាសេដ្ឋកិច្ចជារួមងើបឡើងវិញ? 
 
សំណាង៖ ពិបាកឆ្លើយណាស់ អា សម្លាញ់។ វ៉ាក់សាំងរកឃើញហើយ។ វាជាសញ្ញាល្អមួយហើយ។ តែថា តើសេដ្ឋកិច្ចងើបឡើងវិញពេលណានោះ? ប្រហែលជា២ ឬ៣ឆ្នាំទៀត មើលទៅ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com