កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​រាំ Breakdancing បង្ហាញ​ខ្លួ​ន​លើកដំបូង​ក្នុង​អូឡាំពិក​ឆ្នាំ ២០២៤ នៅ​ប៉ារីស​
10, Dec 2020 , 11:29 pm        
រូបភាព
​កីឡា​រាំ Breakdancing ត្រូវបាន​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ជា​លើកដំបូង ក្នុង​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ថ្ងៃទី​៨ ខែធ្នូ​។​


Breakdancing នឹង​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​រាំ​ដំបូងបង្អស់​ដែល​នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​កីឡា​លំដាប់​ពិភពលោក បន្ទាប់​បាន​សម្តែង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​យុវជន​នៅ​ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន កាលពី​២​ឆ្នាំមុន​។​
 
​លោក Shawn Tay ប្រធាន​សហព័ន្ធ​កីឡា​រាំ​ពិភពលោក (WDSF) អះអាងថា​៖ «​នេះ​ជា​ឱកាស​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នករាំ Breakdancing ទាំង​ក្មេងប្រុស (b-boys) និង​ស្រី (b-girls) និង​សម្រាប់​អ្នករាំ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។ WDSF មិន​ធ្លាប់​ជឿ​ង​ទេ​ថា Breakdancing អាច​ចូលរួម​អូឡាំពិក​នៅ​ប៉ារីស​ឆ្នាំ ២០២៤​។ យើង​ពិតជា​អរគុណ​អ្នក​រាល់គ្នា​ខ្លាំងណាស់​ដែល​បាន​ជួយ​ធ្វើ​វា​ចេញ​ជា​លទ្ធផល​»​។​
 
​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹងមាន b-boys ចំនួន​១៦​រូប និង b-girls ១៦​រូប​ដូចគ្នា ដើម្បី​រាំ​ប្រកួតប្រជែង​គ្នា​នៅក្នុង​ការប្រកួត​មួយ​ទល់​មួយ​។ ប្រភេទ​កីឡា​នេះ ត្រូវបាន​គេ​ជឿជាក់ថា នឹង​ទាក់ទាញ​អ្នកទស្សនា​ផ្ទាល់​ដែលមាន​វ័យក្មេងៗ​ច្រើន​ផងដែរ​។​
 
​ក្រៅពី​កីឡា​រាំ Breakdancing ស្ថាប័ន​គ្រប់គ្រង​កីឡា​ពិភពលោក​មួយ​នេះ ក៏បាន​ប្រកាស​បញ្ចូល​កីឡា​ជិះ​ក្តា​បន្ទះ កីឡា​ឡើង​ជញ្ជាំង និង​ជិះ​ក្តា​បន្ទះ​លើទឹក ទៅ​អូឡាំពិក​ក្រុងប៉ារីស​ផងដែរ បន្ទាប់​ប្រភេទ​កីឡា​ទាំង​៣​នេះ ត្រូវ​បង្ហាញខ្លួន​លើកដំបូង​នៅ​អូឡាំពិក​ក្រុង​តូ​ក្យូ​នៅ​ឆ្នាំ​២០២១​។​
 
​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ ២០២១ ក្រោយ​ពន្យារពេល​១​ឆ្នាំ​ដោយសារ COVID-19​។ ប្រធាន IOC លោក Thomas Bach ជឿជាក់ថា​អូឡាំពិក​ដែល​ជប៉ុន​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​នេះ នឹង​អាច​ទទួល​អ្នកទស្សនា​បាន​ដោយ​មិនបាច់​បារម្ភ​ពី​ជំងឺ​រាតត្បាត​ឡើយ​៕

Tag:
 Breakdancing
  Olympic
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com