COVID-19
ជាតិ
អង្គការជាតិ-អន្តរជាតិបី ស្នើឲ្យចាត់វិធានការរក្សាគម្លាតសុវត្ថិភាពក្នុងពន្ធនាគារ
10, Dec 2020 , 5:59 pm        
រូបភាព
ពន្ធនាគារខេត្តកំពង់ស្ពឺ (រូបពីហ្វេសប៊ុកពន្ធនាគារខេត្តកំពង់ស្ពឺ)
ពន្ធនាគារខេត្តកំពង់ស្ពឺ (រូបពីហ្វេសប៊ុកពន្ធនាគារខេត្តកំពង់ស្ពឺ)
ដោយ: ថ្មីៗ
ស្របពេលជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍នៃប្រទេសកម្ពុជា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និង អង្គការលីកាដូ (LICADHO) បង្ហាញក្តីបារម្ភខ្លាចជំងឺនេះ រាតត្បាតចូលទៅដល់ពន្ធនាគារ ដូច្នេះហើយ ទើបស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឲ្យបានឆាប់ ដើម្បីការពារសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ និង មន្រ្តីពន្ធនាគារ។ វិធានការសំខាន់មួយ ក្នុងវិធានការផ្សេងទៀត ដែលអង្គការជាតិ-អន្តរជាតិទាំងនេះ ចង់បាន គឺរក្សាគម្លាតសុវត្ថិក្នុងពន្ធនាគារ។



តាមរយៈសេចក្តីថ្លែការណ៍រួម ដែលចេញនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ អង្គការជាតិ-អន្តរជាតិទាំង៣ លើកឡើងថា៖«ដោយសារពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានភាពចង្អៀតណែនខ្លាំង កង្វះនូវការទទួលបានសេវាថែទាំនិងព្យាបាលជំងឺ ក៏ដូចជាតម្រូវការមូលដ្ឋាន ដូចជា សាប៊ូ និងទឹកស្អាត ដើម្បីអនុវត្តវិធានការអនាម័យ អ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាជិត ៤ម៉ឺននាក់ គឺកំពុងតែប្រឈមយ៉ាងខ្លាំងពីការឆ្លងវីរុសកូវីដ១៩ ដែលអាចបណ្ដាលឲ្យមានការស្លាប់បាត់បង់ជីវិតដោយសារការឆ្លងវីរុសនេះ»។

បន្ថែមពីនេះ អង្គការខាងលើ ក៏ស្នើឲ្យមានការធ្វើតេស្តរកមេរោគកូវីដ-១៩ លើអ្នកជាប់ឃុំដែរ រួមទាំងការអនុវត្តវិធានការអនាម័យផ្សេងៗទៀត ដូចជា ការផ្ដល់សាប៊ូ សម្ភារសម្រាប់ការពារខ្លួន គ្រឿងសម្រាប់លាងសម្អាត និង ម៉ាស់ ជាដើម ដល់អ្នកជាប់ឃុំ។

អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អាជ្ញាធរពាក់ព័ន្ធ បានចុះទៅសិក្សាតាមពន្ធនាគារហើយ ដើម្បីវាយតម្លៃថា ត្រូវចាត់វិធានការធ្វើយ៉ាងដូចម្តេច ក្នុងការការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩។ បើតាមអ្នកស្រី ក្រសួងសុខាភិបាលនិងមន្រ្តីជំនាញពាក់ព័ន្ធ មិនទាន់សម្រេចនោះទេថា នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ លើអ្នកជាប់ឃុំ ហើយក៏មិនទាន់សម្រេចដែរថា នឹងត្រូវចាត់ធ្វើវិធានការយ៉ាងណា ចំពោះការរក្សាសុវត្ថិភាពក្នុងពន្ធនាគារ ដោយអ្នកស្រី អះអាងថា រង់ចាំការវាយតម្លៃពីមន្រ្តីជំនាញជាមុនសិន។

យ៉ាងណាក៏ដោយ អ្នកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា មិនមែនរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល មិនបានយកចិត្តទុកដាក់ដល់អ្នកជាប់ឃុំនោះទេ។ អ្នកស្រី មានប្រសាសន៍ដូច្នេះថា៖«បើថា [យើង] មិនយកចិត្តទុកដាក់ក្នុងពន្ធនាគារ គឺខុស»។

ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាជន រក្សាគម្លាតសុវត្ថិភាពពីគ្នា ឲ្យបាន១ម៉ែត្រកន្លះយ៉ាង។ អង្គការទាំង៣ខាងលើ រំលេចក្នុងសេចក្តីថ្លែការណ៍ថា នៅតាមពន្ធនាគារមួយចំនួន អ្នកជាប់ឃុំម្នាក់ អាចមានទីកន្លែងផ្ទាល់ខ្លួនតិចជាង១ម៉ែត្រការ៉េ ក្នុងបន្ទប់ឃុំឃាំងមួយ ហើយការផ្គត់ផ្គង់ទឹកស្អាតគឺមានកម្រិតណាស់។ អង្គការទាំងនេះ សរសេរថា៖«ស្ថានភាពនេះធ្វើឲ្យការអនុវត្តវិធានការសុវត្ថិភាពជំងឺកូវីដ១៩ដូចជា ការរក្សាគម្លាតសង្គម និងការលាងសម្អាតដៃឲ្យបានញឹកញាប់ ស្ទើរតែមិនអាចធ្វើទៅបានឡើយ»៕

Tag:
 COVID-19
  អ្នកជាប់ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com