COVID-19
ជាតិ
អ្នកនាំពាក្យ អះអាងថា បុរសធ្វើចត្តាឡីស័កម្នាក់ ដែលធ្លាក់ពីលើអគារ គឺដោយសារភ្លាត់ជើង
11, Dec 2020 , 10:23 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា បុរសម្នាក់ដែលកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ហើយធ្លាក់ពីលើអគារចត្តាឡីស័កជាន់ទី៥ នៅសណ្ឋាគារ ឡុង លីវ កាលពីថ្ងៃទី១០ ខែធ្នូ គឺដោយសារភ្លាត់ជើងធ្លាក់។



លោកស្រី ឱ វណ្ណឌីន បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រព័ន្ធ Telegram ថា បុរសម្នាក់នេះ បានដឹងខ្លួននិងនិយាយបានខ្លះហើយ ប៉ុន្តែស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។ បច្ចុប្បន្នបុរសរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា៖«តាមការសាកសួរបុគ្គលនេះផ្ទាល់  គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន។ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ»។ បើតាមអ្នកនាំពាក្យ គ្រូពេទ្យ បានធ្វើតេស្តទឹកនោម ដោយលទ្ធផលបង្ហាញថា បុរសនេះ ពិតជាមានសារធាតុញៀនមែន។

សូមជម្រាបថាបុរសខាងលើ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែតម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ  ឡុង  លីវ ចាប់តាំងពីថ្ងៃទី២ធ្នូ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com