កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann ផ្តាច់​កិច្ចសន្យា​ជាមួយ Huawei ជុំវិញ​ករណី​ជនជាតិភាគតិច​វី​ហ្គ័​រ​
11, Dec 2020 , 8:29 pm        
រូបភាព
Antoine Griezmann ខ្សែប្រយុទ្ធ Barcelona នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Huawei Technologies Co Ltd របស់​ចិន ក្រោយ​មានការ​អះអាងថា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​មួយ​នេះ បាន​ចូលរួម​ពាក់ព័ន្ធ​ករណី​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​។​


Griezmann ដែល​ជួយ​បារាំង​ឈ្នះ World Cup ឆ្នាំ ២០១៨ បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram ថា​៖ «​ខ្ញុំ​សូម​ប្រកាសថា ខ្ញុំ​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ និង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Huawei»​។ 
 
​ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវបានតែងតាំង​ជា​ទូត​ស​សុច្ឆន្ទៈ​របស់ Huawei ចាប់តាំងពី​ឆ្នាំ ២០១៧​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP របាយការណ៍​នាពេល​ថ្មីៗ​នេះ​បាន​ចោទប្រកាន់ថា ក្រុមហ៊ុន Huawei បាន​សាកល្បង​កម្មវិធី​កំណត់​អត្តសញ្ញាណ​តាមរយៈ​ផ្ទៃមុខ​មនុស្ស​ដែល​អាចជួយ​ប៉ូលិស​តាមរក​ជនជាតិ​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន​បាន​ដោយ​ងាយស្រួល​។ 
 
«​បន្ទាប់ពី​មានការ​សង្ស័យ​យ៉ាងខ្លាំង​ថា ក្រុមហ៊ុន Huawei បាន​ចូលរួមចំណែក​ក្នុង​ឃ្លាំមើល​ជនជាតិ​វី​ហ្គ័​រ​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​សម្គាល់​ផ្ទៃមុខ ខ្ញុំ​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ ជាមួយ​ក្រុមហ៊ុន​ភ្លាមៗ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ Griezmann​។​
 
​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​មួយ​នេះ បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការអះអាង​បែបនេះ ហើយ​ក្រុមហ៊ុន Huawei Technologies Co Ltd ថែមទាំង​បាន​ប្រាប់ BBC ថា ខ្លួន​ពិតជា​សោកស្តាយ​បំផុត​ចំពោះ​ការសម្រេចចិត្ត​របស់ Griezmann​។​
 
​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ ចិន​បាន​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាងខ្លាំង​។ គេ​ជឿជាក់ថា​រដ្ឋាភិបាល​ចិន​បាន​ឃុំខ្លួន​ជនជាតិ​វី​ហ្គ័​រ រហូតដល់​ទៅមួយ​លាន​នាក់​នៅ​ជំរំ​ក្នុង​ខេត្ត​ស៊ីន​ជាំ​ង​។ ចិន​បកស្រាយ​ថា ពួកគេ​កំពុង​ទទួល​ការអប់រំ​នៅក្នុង «​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​» ដើម្បី​ប្រឆាំងនឹង​ភាពជ្រុលនិយម​ខាង​សាសនា​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​បដិសេធ​ជារឿយៗ​អំពី​ការ​ធ្វើបាប​នានា ហើយ​ថា​ជំរំ​នេះ​គឺ​រៀបចំឡើង​ដើម្បី​លុបបំបាត់​អំពើ​ភេរវកម្ម​និង​កែលំអ​ឱកាស​ការងារ​។​
 
Mesut Ozil ជា​កីឡាករ​បាល់ទាត់​ដំបូង​ដែល​ចេញមុខ​រិះគន់​ចិន ជុំវិញ​ករណី​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នេះ​។ ដោយសារ​ការរិះគន់ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ វ័យ​៣២​ឆ្នាំ​រូបនេះ ត្រូវ​បាត់បង់​ការឧបត្ថម្ភ​ពាណិជ្ជកម្ម​ក្នុងតម្លៃ​រាប់លាន​ដុល្លារ​ពី​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ចិន និង​ថែមទាំង​បាត់បង់​តំណែង​លេង​ក្នុង​ក្រុម Arsenal ទៀតផង​៕

Tag:
 Huawei
  Antoine Griezmann
  វី​ហ្គ័​រ
© រក្សាសិទ្ធិដោយ thmeythmey.com