អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ ដាក់​ឲ្យ​ប្រើប្រាស់​នាវា​ល្បាត​ថ្មី​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​មី​ស៊ី​ល​
11, Dec 2020 , 11:58 pm        
រូបភាព
អ្នកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ថ្លែងក្នុងពិធីប្រគល់នាវាល្បាត «Anping» នៅថ្ងៃទី ១១ ខែធ្នូ ។ រូបពី Reuters
អ្នកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ថ្លែងក្នុងពិធីប្រគល់នាវាល្បាត «Anping» នៅថ្ងៃទី ១១ ខែធ្នូ ។ រូបពី Reuters
ដោយ:
​តៃវ៉ាន់ ដាក់​ដំណើរការ​នាវា​ល្បាត​ថ្មី​មួយគ្រឿង នៅ​ថ្ងៃទី ១១ ខែធ្នូ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​មី​ស៊ី​ល​អំឡុងពេល​ធ្វើសង្គ្រាម ខណៈ​ដែន​កោះ​មួយ​នេះ ប្ដេជ្ញា​ពង្រឹងសមត្ថភាព​ការពារជាតិ​ខ្លួន​នៅ​ចំពោះមុខ​ការគំរាមកំហែង​ពី​ចិន​។

 
​ក្នុង​ពិធី​ដាក់​ដំណើរការ​នាវា​ល្បាត​ផលិត​ក្នុងស្រុក​តម្លៃ​៣៧,៣​លាន​ដុល្លារ ឈ្មោះថា «Anping» ក្នុង​ទីក្រុង Kaohsiung អ្នកស្រី​ប្រធានាធិបតី Tsai Ing-wen បាន​លើកសរសើរ​ពី​សមត្ថភាព​ពិសេស​របស់​នាវា​ល្បាត​មួយ​ដែល​អាច​ប្រើប្រាស់​ជានា​វា​ប្រយុទ្ធ​ក្នុងពេល​មាន​ជម្លោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
«​ប្រសិនបើ​ចាំបាច់ វា​អាច​ប្រែក្លាយ​ភ្លាមៗ​ទៅជា​កម្លាំង​ដ៏​សំខាន់​មួយ​សម្រាប់​ការពារ​»​។ អ្នកស្រី Tsai បញ្ជាក់​បែបនេះ មុននឹង​បន្ថែមថា ខណៈ​កង​នាវា​ល្បាត​ពង្រឹង​ការអនុវត្ត​ច្បាប់ កងកម្លាំង​ការពារជាតិ នឹងត្រូវ​ពង្រឹងសមត្ថភាព​ផងដែរ​។ 
 
​នាវា​ល្បាត Anping គឺ​ស្រដៀង​គ្នា​នឹង​នាវាចម្បាំង​ខ្នាតតូច​ប្រភេទ Tuo Chiang ដែល​អាច​បំពាក់​ក្បាល​គ្រាប់​មី​ស៊ី​ល​កម្ទេច​នាវា​សត្រូវ តែ​វា​ត្រូវបាន​បន្ថែម​ដោយ​សម្ភារ​ជំនួយ​ដល់​ប្រតិបត្តិ​ការសង្គ្រោះ​ប៉ុណ្ណោះ​។ 
 
​និយាយ​ដល់​នាវាចម្បាំង​ប្រភេទ Tuo Chiang គឺ វា​មាន​ល្បឿន​លឿន​និង​ងាយស្រួល​ក្នុង​បត់បែន ហើយ​មាន​បេសកកម្ម​ចម្បង​កម្ទេច​នាវា​សត្រូវ​ធំៗ ដែល​ប្រតិបត្តិការ​ក្បែរ​សមុទ្រ​តៃវ៉ាន់​។ បច្ចុប្បន្ន​នាវាចម្បាំង​ប្រភេទ​នេះ កំពុងបើក​ប្រតិបត្តិការ ហើយ​ត្រូវ​ប្រសិទ្ធ​នាម​ដោយ​កងទ័ពជើងទឹក​តៃវ៉ាន់​ថា «​អ្នក​ពិឃាដ​នាវា​ផ្ទុក​យន្តហោះ​»​។  
 
​ដោយសារ​សមត្ថភាព​យោធា​របស់​តៃវ៉ាន់​ចាញ់​ប្រៀប​ចិន អ្នកស្រី​ប្រធានាធិបតី Tsai បាន​ជំរុញ​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម​មួយ ហៅថា សង្គ្រាម​រវាង​អំណាច​យោធា​មិន​ស្មើគ្នា​។ នេះ​មានន័យថា កងទ័ព​តៃវ៉ាន់ នឹង​បំពាក់​បន្ថែម​សព្វាវុធ ដែល​ងាយស្រួល​ក្នុងការ​ចល័ត និង​ពិបាក​ឲ្យ​សត្រូវ​វាយប្រហារ​បាន​។ 
 
​ទន្ទឹមនេះ អ្នកស្រី Tsai Ing-wen ក៏​ប្តេជ្ញា​ផ្ដល់​អាទិភាព​ខ្លាំង​លើ​ការធ្វើ​ទំនើបកម្ម​យោធា​តៃវ៉ាន់​ផងដែរ ហើយ​នោះ​គឺ​ការដំឡើង​កញ្ចប់​ថវិកា​ជាតិ និង​ទិញ​សព្វាវុធ​ទំនើបៗ​បន្ថែមទៀត​។ ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន ធ្លាប់​ប្រកាសថា​នឹង​ប្រើ​កម្លាំង​ទ័ព​វាយ​ដណ្ដើម​តៃវ៉ាន់​ដាក់​ក្រោម​ការគ្រប់គ្រង​ខ្លួន បើ​ប្រជាជាតិ​កោះ​មួយ​ហ៊ាន​ប្រកាស​ឯករាជ្យ​។ 
 
​ខណៈ​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​សំខាន់បំផុត​របស់​តៃវ៉ាន់ អ្នកស្រី​ប្រធានាធិបតី Tsai ក៏បាន​ប្ដេជ្ញា​ពង្រឹង​ឧស្សាហកម្ម​ការពារ​រប​ស់​ប្រជាជាតិ​កោះ​មួយ​នេះ ជាពិសេស តាមរយៈ​ផែនការ​សាងសង់​នាវាមុជទឹក​៨​គ្រឿង​ដោយ​ខ្លួនឯង ខណៈ​ចិន​មាន​នាវា​ផ្ទុក​យន្តហោះ​២​គ្រឿង ដែល​បើក​ប្រតិបត្តិការ ហើយក៏​កំពុង​សាងសង់​យ៉ាងតិច​មួយទៀត​ផងដែរ​៕
 
 
 

Tag:
 តៃវ៉ាន់​
  កងទ័ពជើងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com