COVID-19
ជាតិ
សម្តេច​សង្ឃ​ច្រើន​អង្គ ចូលរួម​បរិច្ចាគ​បច្ច័យ​ជូន​រដ្ឋាភិបាល សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
11, Dec 2020 , 6:29 pm        
រូបភាព
ជួរខាងលើពីឆ្វេងដៃទៅ៖ សម្តេច ទេព វង្ស សម្ដេច អំ លីមហេង និង សម្តេច ណយ ច្រឹក។ ជួរកណ្តាលពីឆ្វេងដៃទៅ៖ សម្តេច មួង រ៉ា សម្តេច ឃឹម សន និង សម្តេច សៅរ៍ ចន្ទថុល្ល។ ជួរខាងក្រោមពីឆ្វេងដៃទៅ៖  សម្តេច ឈឹង ប៊ុនឈា  សម្តេច ឃី សុវណ្ណរតនា និង សម្តេច រ័ត្ន សារឿន។ រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក
ជួរខាងលើពីឆ្វេងដៃទៅ៖ សម្តេច ទេព វង្ស សម្ដេច អំ លីមហេង និង សម្តេច ណយ ច្រឹក។ ជួរកណ្តាលពីឆ្វេងដៃទៅ៖ សម្តេច មួង រ៉ា សម្តេច ឃឹម សន និង សម្តេច សៅរ៍ ចន្ទថុល្ល។ ជួរខាងក្រោមពីឆ្វេងដៃទៅ៖ សម្តេច ឈឹង ប៊ុនឈា សម្តេច ឃី សុវណ្ណរតនា និង សម្តេច រ័ត្ន សារឿន។ រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក
​មិនមែន​តែ​គ្រហស្ថ​ឡើយ សម្តេច​សង្ឃ​ជាច្រើន​អង្គ រួមទាំង​ព្រះសង្ឃ​ទូទៅ ក៏បាន​បរិច្ចាគ​បច្ច័យ​ជូន​រដ្ឋាភិបាល​កម្ពុជា​ដែរ ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ យកមក​ចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បាន​បង្ហោះ​ព័ត៌មាន​ជា​បន្តបន្ទាប់​គ្នា​អំពី​សម្តេច​សង្ឃ​និង​មន្ត្រី​សង្ឃ បរិច្ចាគ​បច្ច័យ​ជូន​រដ្ឋាភិបាល​។

 
​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​ ទេព វង្ស សម្តេច​សង្ឃ​ដែលមាន​ឋានៈ​ខ្ពស់បំផុត​ផ្នែក​គណៈមហានិកាយ បរិច្ចាគ​១​ម៉ឺន​ដុល្លារ​, សម្ដេចព្រះ​ពោធិវ័ង្ស អំ លីម​ហេង សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ បរិច្ចាគ​១​ម៉ឺន​ដុល្លារ​, សម្តេចព្រះ​វនរ័ត ណ​យ ច្រឹ​ក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ បរិច្ចាគ​៤​ពាន់​ដុល្លារ​, សម្តេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ បរិច្ចាគ​៥​ពាន់​ដុល្លារ​, សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បរិច្ចាគ​២,៥​ពាន់​ដុល្លារ​, សម្ដេចព្រះ​ធម្មលិខិត សៅរ៍ ចន្ទ​ថុល្ល ឧត្ដមប្រឹក្សា​គណៈមហានិកាយ បរិច្ចាគ​២,៥​ពាន់​ដុល្លារ​, សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា ឈឹង ប៊ុន​ឈា ព្រះ​អនុប្រធាន​ថេរ​សភា​នៃ​ពុទ្ធសាសនា​កម្ពុជា បរិច្ចាគ​២,៥​ពាន់​ដុល្លារ​, សម្តេច​ព្រះមហា​អរិយវង្ស ឃី សុវណ្ណ​រតនា ព្រះ​អនុប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បរិច្ចាគ​២,៥​ពាន់​ដុល្លារ​, សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន សមាជិក​ថេរ​សភា​នៃ​ព្រះពុទ្ធសាសនា​កម្ពុជា បរិច្ចាគ​៣​ពាន់​ដុល្លារ ។​ល​។ 
 
​ក្រៅ​ពីសម្តេច​ព្រះសង្ឃ​ជាន់ខ្ពស់ ដែល​រាយ​ព្រះនាម​ខាងលើ មន្ត្រី​សង្ឃ​តាម​បណ្តា​ខេត្ត​នានា ក៏បាន​រិ​ច្ចាគ​បច្ច័យ​ជូន​រដ្ឋាភិបាល​ដែរ ហើយក៏​ប្រហែលជា​នៅមាន​សម្តេច​សង្ឃ មន្ត្រី​សង្ឃ និង​ព្រះសង្ឃ​ផ្សេងទៀត ដែល​បន្ត​បរិច្ចាគ​បច្ច័យ​ជូន​រដ្ឋាភិបាល​។ 
 
​សម្តេចព្រះសង្ឃរាជ ទេព វង្ស បាន​ប្រទាន​ព្រះរាជសារ ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជម្រាប​សម្តេចនាយក​រដ្ឋមន្ត្រី អំពី​ការបរិច្ចាគ​បច្ច័យ​១​ម៉ឺន​ដុល្លារ​របស់​ព្រះអង្គ ជូនទៅ​រដ្ឋាភិបាល​។ សម្តេចព្រះសង្ឃរាជ បាន​សរសេរ​ក្នុង​ព្រះរាជសារ​ដូច្នេះ​ថា​៖«​សូម​ឧទ្ទិស​បួងសួង ឲ្យ​ពិភពលោក​ទាំងមូល​បាន​សុខ សន្តិភាព​! សូម​ឲ្យ​អពមង្គល កាឡកិណី និមិត្ត​អាក្រក់​ទាំងឡាយ បរវាស​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​!»​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក បង្ហោះ​សារ​បួងសួង​ថា​៖«​សូម​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​និង​សព្វ​សត្វ​ទូទាំងប្រទេស មានតែ​សេចក្តីសុខ​និង​បាន​រួច​ផុតពី​សេចក្តី​ទុក្ខ​ទាំងឡាយ​ទាំងពួង ជាពិសេស​សូម​ចៀស​ឲ្យ​ផុតពី​ជំងឺ​កូ​វីដ​-១៩»​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់ Fresh News មកដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល ទទួលបាន​ថវិកា​ជាង​៤០​លាន​ដុល្លារ​ហើយ ពី​សប្បុរសជន សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ 
 
​រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ទិញ​វ៉ាក់សាំង ចាក់​ជូន​ប្រជាជន​ឲ្យ​បាន​ប្រមាណ​១០​លាន​នាក់​ឯណោះ ក្នុងចំណោម​ប្រជាជន​ខ្មែរ​ទាំងអស់​ជាង​១៦​លាន​នាក់​។ ប៉ុន្តែ ជា​ជំហាន​ដំបូង រដ្ឋាភិបាល​កម្ពុជា ដាក់​ផែន​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រឹម​១​លាន​ដូ​សសិន​ប៉ុណ្ណោះ ដែល​អាច​ចាក់​ជូន​ប្រជាជន​បាន​ប្រមាណ​កន្លះ​លាន​នាក់​។​
 
​ប្រមុខ​រដ្ឋាភិបាល ផ្តល់​អាទិភាព​ដល់​គ្រូពេទ្យ គ្រូបង្រៀន និង កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​មុនគេ ពេល​កម្ពុជា នាំចូល​វ៉ាក់សាំង​នេះ​។ ប្រមុខ​រដ្ឋាភិបាល យល់ថា ក្រុមមនុស្ស​ទាំង​៣​ប្រភេទ​នេះ ប្រឈម​នឹង​ហានិភ័យ​ជាងគេ​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ពួកគេ ត្រូវ​ជួប​ប្រជាជន​ច្រើនជាងគេ​។ 
 
​រដ្ឋាភិបាល​កម្ពុជា មិនទាន់​កំណត់​ជាក់លាក់​ថា នឹង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅពេលណា​ឡើយ ហើយក៏​មិនទាន់​សម្រេចចិត្ត​ដែរ​ថា នឹង​ទិញ​ពី​ប្រទេស​ណា​៕ 
 

Tag:
 សម្តេច​សង្ឃ​
  បរិច្ចាគ​បច្ច័យ​
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com