អឺរ៉ុប សម្រេចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឲ្យបាន៥៥ភាគរយត្រឹមឆ្នាំ២០៣០
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប សម្រេចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឲ្យបាន៥៥ភាគរយត្រឹមឆ្នាំ២០៣០
12, Dec 2020 , 7:39 pm        
រូបភាព
ការបញ្ចេញផ្សែងពីរោងចក្រនៅប៊ុលហ្ការី។ រូបភាព AFP
ការបញ្ចេញផ្សែងពីរោងចក្រនៅប៊ុលហ្ការី។ រូបភាព AFP
សហភាពអឺរ៉ុបនៅថ្ងៃទី១១ ខែធ្នូ បានអនុម័តផែនការក្នុងការកាត់បន្ថយឧស្ម័នកាបូនិចឲ្យបាន៥៥ភាគរយ នៅត្រឹមឆ្នាំ២០៣០។ ការកាត់បន្ថយ៥៥ភាគរយនេះ គឺធៀបកម្រិតឧស្ម័នពុលដែលបញ្ចេញនៅឆ្នាំ១៩៩០។



ក្រោយការចចារគ្នារយៈពេល១០ម៉ោង រាប់ចាប់តាំងតែពីយប់ថ្ងៃទី១០ ហូតដល់ព្រឹកថ្ងៃទី១១ ធ្នូ មេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក៥៥ភាគរយនៅឆ្នាំ២០៣០ ។ ដំបូងឡើយប្រទេសជាសមាជិកដាក់គោលដៅក្នុងការកាត់បន្ថយត្រឹមតែ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែមន្រ្តីអឺរ៉ុបបានទាមទារឲ្យដំឡើងកម្រិតនៃការកាត់បន្ថយនេះកាលពីខែកញ្ញា។

តាមពិតទៅ ការដំឡើងកម្រិតកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកនេះ ត្រូវបានបដិសេធពីប្រទេសមួយចំនួន។ ជាក់ស្តែង ប៉ូឡូញ និងប្រទេសអឺរ៉ុបខាងកើតផ្សេងទៀតទាមទារឲ្យសហភាពអឺរ៉ុបធានាក្នុងការផ្តល់ប្រាក់ដើម្បីឲ្យពួកគេអាចឈានទៅរកថាមពលបៃតងបាន។ ប៉ូឡូញ បណ្តាប្រទេសតំបន់អឺរ៉ុបកណ្តាល និងខាងកើតមួយចំនួន ពឹងផ្អែកលើការប្រើប្រាស់ធ្យូងថ្មក្នុងការផលិតថាមពល។

ក្រោយសម្រេចបានការព្រមព្រៀងនេះលោកឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានបង្ហោះសារក្នុងបណ្តាញសង្គមTwitterថា អឺរ៉ុបជាអ្នកដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ»។ ចំណែកលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបអះអាងថា ការសម្រេចកាត់បន្ថតយបាន៥៥ភាគរយត្រឹមឆ្នាំ២០៣០នេះ នឹងបើកផ្លូវឲ្យអឺរ៉ុបសម្រេចគោលដៅក្នុងការឈានដល់កម្រិតបញ្ចេញឧស្ម័ន ស្មើទៅនឹងការស្រូបទៅវិញរបស់បរិយាកាស។

យ៉ាងណាក្តី កម្រិត៥៥ភាគរយនេះ នៅទាបជាងអ្វីដែលសភាអឺរ៉ុបចង់បាន។ សភាអឺរ៉ុប បានចេញច្បាប់តម្រូវឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នរហូតដល់ទៅ៦០ភាគរយឯណោះ។

ការបំពុលខ្យល់ដោយឧស្ម័នកាបូនិក ជាបញ្ហាប្រឈមចម្បងនៅអឺរ៉ុប។ របាយការណ៍របស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម៨នាក់(ឬ១៣ភាគរយ)ស្លាប់ដោយមានការពាក់ព័ន្ធទៅនឹងការបំពុលបរិស្ថាន។ របាយការណ៍នេះកត់សម្គាល់ថា ចំនួនអ្នកស្លាប់ដោយសារបរិស្ថាននៅអឺរ៉ុបខាងលិច មានចំនួនតិចជាងនៅអឺរ៉ុបខាងកើត ដែលវិស័យថាមពលក្នុងប្រទេសទាំងនោះអាស្រ័យខ្លាំងទៅលើហ្វូស៊ីលឥន្ធនៈដូចជាធ្បូងថ្មជាដើម។

រូម៉ានីដែលជាប្រទេសស្ថិតនៅអឺរ៉ុបខាងកើត មានចំនួនអ្នកស្លាប់ដោយសារកត្តាបំពុលបរិស្ថានដល់ទៅ២០ភាគរយ ធៀបទៅនឹងស៊ុយអែតដែលមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ ការបំពុលបរិយាកាស និងខ្យល់ពុលត្រូវចាត់ទុកថាមានការពាក់ព័ន្ធយ៉ាងចម្បងទៅនឹងជំងឺមហារីក ជំងឺបេះដូង និងជំងឺផ្លូវដង្ហើម៕ស



Tag:
 សហភាពអឺរ៉ុប
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com