COVID-19
ជាតិ
សុខភាព
អ្នកជំងឺ​កូ​វីដ​-១៩ នៅសល់​៥០​នាក់​ទៀត ដោយ ៤០​នាក់​ជា​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​
14, Dec 2020 , 9:51 am        
រូបភាព
ភ្នំពេញ​៖ ស្ត្រី​និង​បុរស​ខ្មែរ​២​នាក់ បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​ហើយ​។ ការ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​របស់​អ្នក​ទាំងពីរ​នេះ បានធ្វើឱ្យ​កម្ពុជា កើន​អ្នកជា​សះស្បើយ​៣០៩​នាក់ ខណៈ​អ្នកជំងឺ​៥០​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​សាធារណៈ​នានា​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១៤ ធ្នូ​។​



​ជនជាតិខ្មែរ​ទាំង​២​នាក់ ដែល​បានជា​សះស្បើយ​ពី​កូ​វីដ​-១៩​នោះ មាន​ស្ត្រី​វ័យ​៣៥​ឆ្នាំ​ម្នាក់  មាន​អាសយដ្ឋាន​នៅ ស្រុក​ទឹកឈូ ខេត្តកំពត​។ ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ចិន  ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៨​វិច្ឆិកា ឆ្នាំ​២០២០​។ រីឯ អ្នកជា​សះ​ស្បី​យ​ពី​កូ​វីដ​-១៩​ម្នាក់ទៀត ជា​បុរស​ខ្មែរ​-​អាមេរិក មាន​វ័យ​៤៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បុរស​រូបនេះ ត្រូវបាន​ក្រសួងសុខាភិបាល រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៤​ធ្នូ បន្ទាប់ពី​ធ្វើដំណើរ​មកពី​សហរដ្ឋ​អាមេរិក ហើយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន​។ 
 
​ដោយឡែក ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា សម្រាប់​នា​ថ្ងៃទី​១៤​ធ្នូ​នេះ  ក្រសួងសុខាភិបាល​ប្រកាសថា មិនមាន​ករណី​ថ្មី​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះឡើយ​។ ក្រសួងសុខាភិបាល ដោយ​បញ្ជាក់ថា សំណាក ៣,៨៣៨ នៃ​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​នៅក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា ត្រូវបាន​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ធ្នូ ដោយ​លទ្ធ​បង្ហាញថា​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់​។  សម្រាប់​សំណាក​នៅសល់​ជាង ៣,០០០​ទៀត មន្ត្រី​ជំនាញ​នឹង​បន្ត​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ នា​ថ្ងៃទី​១៤​ធ្នូ​នេះ ។ 
 
​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ក្រសួងសុខាភិបាល​រកឃើញ​នៅក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា មាន​ចំនួន​៤០​នាក់​។ ក្នុងនោះ​ប្រុស​២១​នាក់ និង​ស្រី​មាន​១៩​នាក់​។ សម្រាប់​កម្ពុជា​ទាំងមូល អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣៥៩​នាក់ ដោយ​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​៣០៩​នាក់ និង​៥០​ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​, នៅ​មណ្ឌល​សុខភាព​ចាក់អង្រែលើ និង​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង និង​ហង់​សិន​៕ 
 
 

Tag:
 COVID-19
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com