កីឡាអន្តរជាតិ
អន្តរជាតិ
Neymar របួសធ្ងន់ ខណៈ PSG ចាញ់ Lyon
14, Dec 2020 , 2:29 pm        
រូបភាព
Neymar ទទួលរង​របួស​ជើង​ធ្ងន់ធ្ងរ​រហូត​ត្រូវ​សែង​ចេញពី​ទីលាន ក្នុងការ​ប្រកួត​ដែល Paris St-Germain ចាញ់ Lyon ១-០ ក្នុង​ពានរង្វាន់ Ligue 1 នៅ​រាត្រី​ថ្ងៃទី​១៣ ខែធ្នូ​។



​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​ស្រែកយំ និង​ដេក​ឱប​ជើង​ដែល​រងរបួស​ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ Thiago Mendes របស់ Lyon ដែល​ត្រូវបាន​កាត់​ក្រហម​បណ្តេញចេញ នៅក្នុង​ម៉ោង​បន្ថែម​វគ្គ​ទី​២​។​
 
PSG បាន​ចាញ់​ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ១-០ តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Tino Kadewere នៅ​នាទី​៣៥ ដើម្បី​ជួយ Lyon ទទួលបាន​៣​ពិន្ទុ​បន្ថែម​។ តាមរយៈ​ជ័យជម្នះ​នេះ Lyon បាន​ឡើងទៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​លី​គ​កំពូល​បារាំង ហើយ PSG ធ្លាក់​ទៅ​លេខ​៣​ដោយ​ខុសគ្នា​១​ពិន្ទុ​។ Lille ឈរ​កំពូល​តារាង​មាន​២៩​ពិន្ទុ ស្មើគ្នា​ជាមួយ Lyon ដ្បិត​មាន​សំណល់​គ្រាប់​ស៊ុត​ល្អ​ជាង​។​
 
​បន្ទាប់ពី​ក្រុម​បរាជ័យ ហើយ Neymar ដែលជា​កីឡាករ​សំខាន់​ត្រូវរបួស​ផង អ្នកចាត់ការ​ទូទៅ​លោក Thomas Tuchel ព្រួយបារម្ភ​យ៉ាងខ្លាំង​។ លោក Tuchel ថា ខ្សែបម្រើ​ឆ្នើម​របស់លោក​នឹងត្រូវ​ធ្វើតេស្ត​ដើម្បី​បញ្ជាក់ថា តើ​របួស​នោះ​ធ្ងន់ធ្ងរ​ប៉ុណ្ណា​?
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ប្រាប់​ទូរទស្សន៍​បារាំង Telefoot ថា Neymar កំពុង​ស្ថិតនៅ​ជាមួយ​គ្រូពេទ្យ ហើយ​ត្រូវ​រង់ចាំ​ការធ្វើ​តេស្ត​នៅ​ថ្ងៃស្អែក​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ជា​កំលាំង​ស្នូល​ក្នុង​ការជួយ​ក្រុម​យក្ស​បារាំង​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល​មុន ខណៈ​រដូវ​កាល​ក្រុម​បាន​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផងដែរ​។ ដូច្នេះ​បើសិន Neymar មាន​របួស​ធ្ងន់ធ្ងរ​នឹង​ប៉ះពាល់​ដល់​ក្រុម​មិន​ខាន​។​
 
Neymar បាន​ចូលរួម​ជាមួយ PSG ក្នុងតម្លៃ​កំណត់ត្រា​ពិភពលោក ២៦៦ លាន​ដុល្លារ​ពី  Barcelona កាលពី​ខែសីហា​ឆ្នាំ ២០១៧​។  រយៈពេល​៣​រដូវ​កាល រូបគេ​បាន​ជួយ​ក្រុម​ឈ្នះ Ligu1 បារាំង​៣​លើក​ជាប់ៗ​គ្នា​៕
 

Tag:
 Neymar
  Paris St-Germain
© រក្សាសិទ្ធិដោយ thmeythmey.com