ជាតិ
ផ្ទះ​សសរ ១០០ អាយុកាល​ជាង​១០០​ឆ្នាំ​នៅ​ខេត្តក្រចេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​នេះ​
14, Dec 2020 , 10:19 pm        
រូបភាព
ផ្ទះ​សសរ​១០០ អាយុកាល​ជាង ១០០​ឆ្នាំ ដែល​សាងសង់​ឡើងវិញ នៅ​ទីតាំង​វិហារ​រកា​កណ្ដាល សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ​។ (​រូប​ពី​មន្ទីរ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ ​)
ផ្ទះ​សសរ​១០០ អាយុកាល​ជាង ១០០​ឆ្នាំ ដែល​សាងសង់​ឡើងវិញ នៅ​ទីតាំង​វិហារ​រកា​កណ្ដាល សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ​។ (​រូប​ពី​មន្ទីរ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ ​)
ដោយ: ថ្មីៗ
ដោយ​៖ ប៉ូ សុភា 

​ផ្ទះ​សសរ​១០០ អាយុកាល​ជាង ១០០​ឆ្នាំ ដែល​សាងសង់​ឡើងវិញ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ នឹង​សាងសង់​រួចរាល់ នៅ​ចុងឆ្នាំ​២០២០​នេះ​។ ផ្ទះ​នេះ សាងសង់​ឡើងវិញ នៅ​ទីតាំង​វិហារ​រកា​កណ្ដាល សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ​។​


​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​លោក ទេព វាសនា បាន​បញ្ជាក់ថា ផ្ទះ​សសរ​១០០ ដែល ដំណើរការ​សាងសង់​នេះ បាន​៩៥​ភាគរយ​ហើយ ។ បើតាម​លោក វាសនា ផ្ទះ​សសរ​១០០​នេះ ជា​ផ្ទះ​បុរាណ​មួយ​ដែលមាន​អាយុកាល​ជាង ១០០​ឆ្នាំ ។​


 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ទេព វាសនា បាន​បញ្ជាក់ថា ៖«​ផ្ទះ​សសរ​១០០ នេះ​នឹងត្រូវ​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២០​នេះ​»​។​
 
​បើតាម​គម្រោង​មន្ទីរ​វប្បធម៌ ផ្ទះ​នេះ​នឹងត្រូវ​រៀបចំ​ឱ្យក្លាយ​ទៅជា​ទីតាំង​ទេសចរណ៍វប្បធម៌ និង​សិល្បៈ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តក្រចេះ​ផង​។​« នៅពេល​សាងសង់​រួចរាល់ ខាង​មន្ទីរ​នឹង​រៀបចំ​ឱ្យមាន​ការដាក់​តាំង​បង្ហាញ នូវ​ផលិតផល​ក្នុងស្រុក ដើម្បី​បង្ហាញ​ដល់​ទេសចរ និង​មាន​បង្កើតឱ្យមាន​កម្មវិធី​នានា ដើម្បី​ជាការ​ទាក់ទាញ​អ្នកទេសចរ​ឱ្យទៅ​កម្សាន្ត​នៅ​ទីតាំង​នេះ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេព វាសនា ។​
  


​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ទិញ​ផ្ទះ​សសរ​១០០​នេះ ពី​គ្រួសារ​មួយ នៅក្នុង​ភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ការសម្រេច​ទិញ​នេះ ដោយសារ​ម្ចាស់ផ្ទះ​មានបំណង​រើ​ផ្ទះ ព្រោះ​ត្រូវយក​ដី​ចែក​ឲ្យ​កូនៗ​បន្តទៀត ខណៈ​ផ្ទះ​នេះ​ក៏មាន​សភាព​ចាស់​ទ្រុឌទ្រោម​ផងដែរ​។ នៅពេលដែល​ក្រសួង​វប្បធម៌​សម្រេច​ទិញ​នេះ ផ្ទះ​នេះ​នៅសល់​សសរ​ត្រឹមតែ​៥០​ប៉ុណ្ណោះ ទើប​តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ​យកទៅ​សាងសង់​ឡើងវិញ តាម​ទ្រ​ង​ទ្រាយ​ដើម​។​
 
​ផ្ទះ​សសរ​១០០​នេះ ចាប់ផ្ដើម​រើចេញ​ដើម្បី​សាងសង់​ឡើងវិញ កាលពី​ថ្ងៃ​២១ មិថុនា ២០២០​។ ផ្ទះ​នេះ មិន​មានការ​បរិច្ឆេទ​ច្បាស់លាស់​នោះទេ ខណៈ​ម្ចាស់ផ្ទះ ដែល​កំពុង​រស់នៅ​បច្ចុប្បន្ននេះ គឺជា​កូនចៅ​ជំនា​ន់ទី​៧ ហើយ​។ ដោយសារតែ​ផ្ទះ​រស់នៅ​ត​កូនចៅ​ជំនា​ន់ទី​៧​នេះហើយ ទើប​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ សន្ម​ត់​ថា ផ្ទះ​នេះ មាន​អាយុកាល​ជាង​១០០​ឆ្នាំ​ហើយ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ លោក ទេព វាសនា ធ្លាប់​ប្រាប់​កន្លងមក​៕
 

 

Tag:
 ផ្ទះ​បុរាណ​
  វិស័យ​ទេសចរណ៍​
  រួចរាល់
© រក្សាសិទ្ធិដោយ thmeythmey.com