ជាតិ
សង្គមជាតិ
ទីតាំងផលិតនិងលក់ស្រាជាង១,៦ពាន់កន្លែងត្រូវបិទបណ្ដោះអាសន្ន ក្រោយមានករណីពុលស្លាប់នៅកំពង់ឆ្នាំង ស្រាសដែលមានសារធាតុមេតាណុលខ្ពស់របស់ម្ចាស់អាជីករផលិត និងលក់ស្រានៅខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្តរក្សាទុកដើម្បីកម្ចេចចោល រូបភាពពីទូរទស្សន៍ខេត្តកំពង់ឆ្នាំង
× ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចុះទៅបិទកន្លែងផលិតស្រា និងលក់ស្រាជាង១,៦ពាន់កន្លែងនៅទូទាំងភូមិ ឃុំ និងស្រុក ក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបានដកហូតស្រាជិត៤ពាន់លីត្រ ក្រោយពីមានមនុស្សស្លាប់ដោយសារពុលស្រានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា។
លោក ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ចាប់តាំងពីមានករណីពុលស្រាបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់មក អាជ្ញាធរខេត្តក៏បានចុះទៅបិទទីកន្លែងផលិតស្រាចំនួន៥១៥កន្លែង និងកន្លែងលក់ស្រា១១១៥ទីតាំង បណ្ដោះអាសន្ន រួមទាំងឃាត់ខ្លួនមនុស្សចំនួន៦នាក់ដែលពាក់ព័ន្ធនឹងករណីពុលស្រា ដើម្បីបញ្ជូនសំណុំរឿងទៅកាន់តុលាការ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំងរូបនេះបានលើកឡើងថា មនុស្សទាំង៦នាក់នោះត្រូវបានតុលាការចោទពីបទការធ្វើពាណិជ្ជកម្មម្ហូបអាហារមានជាតិពុល និងបទមនុស្សឃាតដោយអចតនា។
បើតាមលោក ខូវ លី អាជ្ញាធរក៏បានដកហូតស្រាស និងស្រាថ្នាំជិត៤ពាន់លីត្រដែលសុទ្ធតែមានជាតិមេតាណុលខ្ពស់ពីម្ចាស់អាជីវកម្មក្នុងខេត្តកំពង់ឆ្នាំង ដើម្បីយកទៅកម្ទេចចោលនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ។
លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានពន្យល់ថា ករណីពុលស្រាបណ្តាលឲ្យមនុស្សស្លាប់នៅក្នុងស្រុកទឹកផុសនោះគឺបណ្តាលមកពីអាជីករផលិត និងលក់ស្រា លាយសារធាតុមេតាណុលលើសកម្រិតស្តង់ដារកំណត់ដោយទៅ១៥,៣ភាគរយ ដែលជាធម្មតាមានតែ០,១០ភាគរយ។
ដើម្បីបញ្ចៀសករណីពុលស្រា អភិបាលខេត្តកំពង់ឆ្នាំង ក៏បានណែនាំឲ្យពលរដ្ឋឈប់ទទួលទានស្រា។ជាពិសេសម្ចាស់អាជីវកម្ម ត្រូវបញ្ឈប់ការផលិត និងលក់ស្រាដែលគ្មានគុណភាពតទៅទៀត។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទនាថ្ងៃទី១៤ ខែធ្នូថា មនុស្សចំនួន១៥នាក់បានស្លាប់ដោយសារពុលស្រា ដែលកើតឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com