COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ៖ គ្មាន​ការបញ្ចប់​តំណែង​លោក ឆែម សាវុធ ដែលជា​ជនរងគ្រោះ​ដោយសារ​កូ​វីដ​-១៩​ឡើយ​
15, Dec 2020 , 9:48 am        
រូបភាព
ភ្នំពេញ៖ ថ្លែង​ចេញពី​គេហដ្ឋាន តាមរយៈ​ទូរទស្សន៍ជាតិកម្ពុជា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ គ្មាន​កំហុស​អ្វី​ឡើយ លើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។ សម្ដេច ថ្លែង​បែបនេះ ទៅកាន់​អ្នកផ្ដល់យោបល់​ឲ្យ​សម្ដេច ដាក់​លោក ឆែម សាវុធ ចូល​និវត្ត​ដោយសារ​លោក​មាន​កូ​វីដ​-១៩ ដែល​បង្ក​ឲ្យ​មានការ​ឆ្លង​ចូល​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​។​


 
​សម្ដេច ហ៊ុន សែន បានប្រកាសថា ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មិនមែនជា​ពេលដែល​ត្រូវ​ចាប់ទោស​ពៃរ៍​លើ​អ្នកណាម្នាក់​ទេ ព្រោះ​មនុស្ស​គ្រប់រូប​សុទ្ធតែ​រងគ្រោះ​ដោយសារ​ជំងឺ​កាច​សាហាវ​មួយ​នេះ​។ ដូច្នេះ​សម្រាប់ សម្ដេច លោក ឆែម សាវុធ គ្មាន​ទោសកំហុស​អ្វីដែល​ត្រូវ​បញ្ចប់​តំណែង​ឡើយ​។ «​គាត់(លោក ឆែម សាវុធ) ​មិនមែនជា​អ្នកសាង​កំហុស​ទេ គឺ​កូ​វីដ​-១៩ ជា​អ្នក​សាង​បញ្ហា​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​បន្ថែមថា បើសិនជា​សម្ដេច ដាក់​លោក ឆែម សាវុធ ឲ្យ​ចូល​និវត្ត​ពី​អគ្គនាយកពន្ធនាគា​រ​នោះ គឺ​ស្មើនឹង​ទង្វើ​អសីលធម៌​មួយ ចំពោះ​លោក សាវុធ ដែលជា​ជនរងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នេះ​។​

ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ករណី​ជំងឺ​កូ​វីដ​-១៩ ដែល​ឆ្លង​ចូល​សហគមន៍ នៃ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​នេះ គឺ​គួរតែ​អរគុណ​លោក ឆែម សាវុធ និង​ភរិយា ដែល​ដឹងថា​មាន​បញ្ហា​សុខភាព ហើយ​ទៅពិនិត្យ​សុខភាព​ទាន់ពេលវេលា ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​អាចឈាន​ទៅដល់​ការ​គ្រប់​គ្រង់​ស្ថានការណ៍​បាន​ភ្លាមៗ​។ ដ្បិត​សម្ដេច ហ៊ុន សែន អះអាងថា គ្រប់គ្រង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា បាន​ក្តី ប៉ុន្តែ​មិនទាន់​អាច​សន្ម​ត់​ថា បញ្ចប់​ស្ថានការណ៍​នេះឡើយ​។ 
 
​បច្ចុប្បន្ន ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា មាន​អ្នកជំងឺ​៤១​នាក់ ក្នុងនោះ​ករណី​ចុងក្រោយ គឺជា​ទារក​អាយុ​៧​ខែ​ម្នាក់ ដែល​ឃើញ​វិជ្ជមាន​ក្រោយ​តេស្ត​លើក​ទី​៣ ខណៈ​ម្តាយ​របស់​ទារក​ដែលជា​សះស្បើយ​រួចហើយ ត្រូវ​បន្ត​នៅ​មន្ទីរពេទ្យ​ដើម្បី​ថែទាំ​កូន​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៥ ធ្នូ នេះ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់ នៃ​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានជា​សះស្បើយ​ហើយ​។ ក្នុងនោះ មាន​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ , ស្ត្រីជន​ជាតិខ្មែរ អាយុ​៣០​ឆ្នាំ សមាជិកគ្រួសារ​របស់​អ្នកបើកបរ​ឲ្យ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ និង​បុរស អាយុ​៣៤​ឆ្នាំ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ដែលជា​អ្នក​ប៉ះពាល់​ជាមួយ​លោក​អគ្គនាយក​ពន្ធនាគា​រ​ផ្ទាល់​។​
 
​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ឡើងដល់​៣៦២​នាក់ ក្នុងនោះ​៣១២​នាក់ បានជា​សះស្បើយ​។ អ្នកជំងឺ​ដែល​បន្ត​សម្រាក​ព្យាបាល មាន​៣៣​នាក់​នៅ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ១០​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ និង​៧​នាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន​៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com