អន្តរជាតិ
ICC ច្រានចោល​បណ្ដឹង​របស់​ជនជាតិ​វី​ហ្គ័​រដែ​ល​ស្នើ​ឲ្យ​ស៊ើប​ឧក្រិដ្ឋកម្ម​នៅ​ស៊ីន​ជាំ​ង​
15, Dec 2020 , 1:59 pm        
រូបភាព
អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda ។ រូបភាព AFP
អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ Fatou Bensouda ។ រូបភាព AFP
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​ក្រុម​ជនជាតិភាគតិច​វី​ហ្គ័​រ ដែល​ស្នើ​ឲ្យ​ស៊ើបអង្កេត​ទៅលើ​ចិន​ជុំវិញ​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋអាជ្ញា​តុលាការ ICC លោកស្រី Fatou Bensouda នៅ​ថ្ងៃទី​១៤ ខែធ្នូ​។

 
​នៅក្នុង​ខែកក្កដា​កន្លងទៅ ក្រុម​ជនជាតិភាគតិច​វី​ហ្គ័​រ បានផ្តល់​ឯកសារ និង​ភស្តុតាង​ជាច្រើន​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដោយ​ចោទ​ចិន​ពី​ការឃុំខ្លួន​ជនជាតិ​វី​ហ្គ័​រ​ជាង ១​លាន​នាក់ និង​ជនជាតិភាគតិច​មូស្លីម​ផ្សេងទៀត នៅក្នុង​មណ្ឌល​កែប្រែ​ឡើងវិញ និង​ចាប់បង្ខំ​មិន​ឲ្យ​ស្ត្រី​ជនជាតិភាគតិច​អាច​បង្ក​កំណើត​បាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ជាការ​ឆ្លើយតប​នឹង​ភស្តុតាង​របស់​ជនជាតិ​វី​ហ្គ័​រ ការិយាល័យ​របស់លោក​ស្រី Fatou Bensouda រដ្ឋអាជ្ញា​តុលាការ ICC បាន​បញ្ជាក់ថា ពាក្យបណ្តឹង​នេះ មិនអាច​ទទួលស្គាល់​បានឡើយ ដោយសារតែ​សកម្មភាព​ទាំងនោះ បាន​ធ្វើឡើង​នៅក្នុង​ទឹកដី​ចិន ដែល​មិនមែនជា​ប្រទេស​ហត្ថលេខី នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។ «​លក្ខខណ្ឌ​ដើម​សម្រាប់​ការអនុវត្ត​យុត្តាធិការ​របស់​តុលាការ គឺ​មិនត្រូវ​គ្នា​ជាមួយ​ពាក្យបណ្តឹង​នៃ​ការចោទប្រកាន់​ឡើយ​»​។ នេះ​បើតាម​បញ្ជាក់​នៅលើ​របាយការណ៍​របស់​ការិយាល័យ​លោកស្រី Bensouda​។ 
 
​ទន្ទឹមនេះ រដ្ឋអាជ្ញា​តុលាការ ICC បានបញ្ជាក់​ផងដែរ​ថា វា​គ្មាន​មូលដ្ឋាន​ណាមួយ​ក្នុង​ដាក់ពាក្យ​បណ្តឹង​នៅពេលនេះ​លើ​ការតវ៉ា​ផ្សេងទៀត​ដែលថា មានការ​ចាប់បង្ខំ​ឲ្យ​ជនជាតិភាគតិច​វី​ហ្គ័​រ​ត្រលប់​ពី កម្ពុជា និង​តា​ហ្ស៊ី​គី​ស្ថាន ទៅ​ចិន​វិញ​ដែរ​។ ទាក់ទង​រឿងនេះ ខាង​ជនជាតិ​វី​ហ្គ័​រវិ​ញ បាន​លើកឡើងថា បើទោះបីជា ICC គ្មាន​យុត្តាធិការ​នៅក្នុង​ប្រទេស​ចិន​មែន ប៉ុន្តែ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​ចោទ​ចិន​បាន ព្រោះ​រឿង​ទាំងនោះ បានកើត​ឡើង​នៅ​តា​ហ្ស៊ី​គី​ស្ថាន និង​កម្ពុជា ដែលជា​ហត្ថលេខី​។ មេធាវី​របស់​ជនជាតិ​វី​ហ្គ័​រ ក៏បាន​ស្នើ​ទៅ ICC ឲ្យ​ពិចារណា​ឡើងវិញ លើ​ភស្តុតាង​ថ្មី ដែល​បានដាក់​ទៅ​ផងដែរ​។ 
 
​ដោយឡែក​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​វិញ បាន​ហៅ​ការចោទប្រកាន់​នេះ ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​បញ្ជាក់​ជាថ្មី​ថា មណ្ឌល​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង គ្រាន់តែ​ជា​កន្លែង​បណ្តុះបណ្តាល​ការងារ​ប៉ុណ្ណោះ ដើម្បី​បង្ការ​ជនជាតិភាគតិច​វី​ហ្គ័​រ​ពី​ភេរវកម្ម និង​ភាពជ្រុលនិយម​។ 
 
​សូមបញ្ជាក់ថា ពាក់ព័ន្ធ​បញ្ហា​ជនជាតិភាគតិច​វី​ហ្គ័​រ​នេះ ចិន បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​អាមេរិក​។ កន្លងមក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​វី​ហ្គ័​រ​នេះ ជា​បន្តបន្ទាប់​៕

Tag:
 ​វី​ហ្គ័​រ​
  ចិន​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com