កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Messi ជាប់​ជម្រើស​១១​នាក់​ល្អ​បំផុត​ប្រចាំ​សតវត្សរ៍​
15, Dec 2020 , 9:59 pm        
រូបភាព
​ទស្សនា​វ​ដ្តី​បាល់ទាត់​បារាំង (France Football) បានប្រកាស​ឈ្មោះ​ជម្រើស​កីឡាករ​ឆ្នើម​ល្អ​បំផុត​លើ​លោក​១១​រូប (Ballon d’Or Dream Team) ប្រចាំ​សតវត្សរ៍ ដោយមាន​ទម្រង់​៣-៤-៣ ។ Cristiano Ronaldo និង Leonel Messi ក៏​ស្ថិតក្នុង​ជម្រើស​នោះដែរ​។


​កីឡាករ​ទាំង​១១​រូប​ដែល France Football សម្រេច​ដាក់​ឈ្នោះ​ក្នុង Ballon d’Or Dream Team រួមមាន​អ្នកចាំទី​ម្នាក់ ខ្សែការពារ​៣​នាក់ បម្រើ​៤​នាក់ និង​ខ្សែប្រយុទ្ធ​៣​នាក់​។ ទាំង​១១​រូបនោះ​មានដូចជា​អ្នកចាំទី Lev Yashin (​រុស្ស៊ី​) ខ្សែការពារ Cafu (​ប្រេ​ស៊ី​ល​), Franz Beckenbauer (​អាល្លឺម៉ង់​) និង Paolo Maldini (​អ៊ីតាលី​) ខ្សែបម្រើ Pele (​ប្រេ​ស៊ី​ល​), Xavi (​អេ​ស្ប៉ា​ញ​), Lothar Matthaus (​អាល្លឺម៉ង់​) និង Diego Maradona (​អា​ហ្ស​ង់​ទីន​) ឯ​ខ្សែប្រយុទ្ធ Lionel Messi (​អា​ហ្ស​ង់​ទីន​), Ronaldo Nazario (​ប្រេ​ស៊ី​ល​) និង Cristiano Ronaldo (​ព័រ​ទុយ​ហ្គា​ល់​)​។​
 
​ដោយសារ​មិន​មានការ​ផ្តល់ជូនពាន​រង្វាន់ Ballon d'Or សម្រាប់​កីឡាករ​ឆ្នើម​នៅ​ឆ្នាំ​២០២០ ព្រោះ​ជំងឺឆ្លង COVID-19 រាតត្បាត អ្នករៀបចំ​កម្មវិធី​បាន​យក​ឱកាស​នេះ​ដើម្បី​ជ្រើសរើស​ក្រុម​១១​នាក់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​រយៈពេល​១០០​ឆ្នាំ​ចុងក្រោយ​។ ក្រៅពី​អ្នកចាំទី ការសម្រេច​ជ្រើស​យក​កីឡាករ ១០ នាក់​គឺ​តាមរយៈ​អ្នកយកព័ត៌មាន​កីឡាបាល់ទាត់​ចំនួន​១៤០​រូប មកពី​ជុំវិញ​ពិភពលោក​ក្នុងនោះ​មាន​ពី​កម្ពុជា​ផងដែរ​។​
 
​អ្នកកាសែត​កីឡាបាល់ទាត់​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​ដែល​ត្រូវ​សម្រេច​ជ្រើស​យក​កីឡាករ​ទាំង​១១​រូប​ក្នុង​រយៈពេល​១០០​ឆ្នាំ​ចុងក្រោយ ត្រូវ​មើល​លើ​សមត្ថភាព​កីឡាករ​ជាច្រើនរូប និង​ច្រើន​សម័យកាល​ផង​។ យ៉ាងណាក៏ដោយ​ជម្រើស Dream Team នេះ គឺ​មិនមាន​វត្តមាន Zinedine Zidane វីរបុរស​បារាំង ឬ Johan Cruyff របស់​ហូ​ឡង់​នោះទេ​។ 
 
​បើតាម​ការផ្សាយ​របស់​កាសែត AS នៅ​ថ្ងៃទី​១៤ ខែធ្នូ France Football បាន​ផ្លាស់ប្តូរ​បេក្ខភាព​មួយចំនួន​ដែល​ពួកគេ​រើស​ហើយ ដូចជា​អ្នកចាំទី Lev Yashin ដែល​ត្រូវ​ជំនួស Iker Casillas អតីត​អ្នកចាំទី​អេ​ស្ប៉ា​ញ និង Real Madrid៕
 

Tag:
 Ballon d’Or Dream Team
  France Football
  Ballon d’Or
© រក្សាសិទ្ធិដោយ thmeythmey.com