COVID-19
អន្តរជាតិ
UNESCO៖ គ្រូបង្រៀន គួរ​ស្ថិត​ក្នុងចំណោម​អ្នកទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​
15, Dec 2020 , 10:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​អង្គការសហប្រជាជាតិ​លើ​ប្រព័ន្ធ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ (UNESCO) នៅ​ថ្ងៃទី​១៤ ខែធ្នូ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​បណ្តា​ប្រទេស​មួយចំនួន​គិតគូរ​ពី​អាទិភាព​របស់​គ្រូបង្រៀន​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ។ បើតាម​អង្គការ​អន្តរជាតិ​នេះ គ្រូបង្រៀន​ក៏​ជា​បុគ្គលិក​ជួរមុខ ដែល​ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ពី​កូ​វីដ​-១៩ ផងដែរ​។ 

 
​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​អង្គការ​ប្រព័ន្ធ​អប់រំ​អន្តរជាតិ (EI) ប្រធាន​អង្គការ UNESCO  លោកស្រី Audrey Azoulay បាន​លើកឡើងថា ពិភពលោក​កំពុង​តែមាន​ការវិវឌ្ឍ​ដ៏​វិជ្ជមាន​មួយ តាមរយៈ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​។ ក្នុងន័យនេះ លោកស្រី ស្នើ​ឲ្យ​បញ្ចូល​គ្រូបង្រៀន​ក្នុង​ក្រុម​ដែល​ទទួលបាន​វ៉ាក់សាំង​មុន​។​
 
«​យើង​ជឿថា គ្រូបង្រៀន និង​បុគ្គលិក​ប្រព័ន្ធ​អប់រំ ត្រូវតែ​ត្រូវបាន​ចាត់ទុកថា​ជា​ក្រុម​អាទិភាព​»​។ ប្រធាន​អង្គការ UNESCO បន្ថែម​បែបនេះ​ក្នុង​សារ​វីដេអូ​។ 
 
​ក្នុង​សារ​វីដេអូ​ដដែល លោកស្រី​ប្រធាន UNESCO និង​ប្រធាន​អង្គការ​ប្រព័ន្ធ​អប់រំ​អន្តរជាតិ លោក David Edwards បាន​យល់ឃើញ​ដូចគ្នា​ថា នៅពេល​សាលារៀន និង​មជ្ឈមណ្ឌល​អប់រំ​ផ្សេងទៀត ត្រូវបាន​បិទ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស គ្រូបង្រៀន និង​បុគ្គលិក​ប្រព័ន្ធ​អប់រំ​ផ្សេងទៀត នៅតែ​ជា​បុគ្គលិក​ជួរមុខ ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ​-១៩​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​AFP លោកស្រី​Azoulay និង លោក Edwards បន្តទៀតថា នៅពេល​បិទ​សាលា ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវបាន​បង្កើតឡើង ហើយ​គ្រូបង្រៀន ក៏បាន​រៀន​សម្រប​ខ្លួន​តាមបែប​នោះដែរ ហើយ​នៅពេល​សាលា​បើក​ឡើងវិញ គ្រូបង្រៀន គឺ​ពេញចិត្ត​ជាខ្លាំង ក្នុង​ការបន្ត​កិច្ចការងារ​របស់ខ្លួន​នៅ​សាលា​។ សាលារៀន ជា​កន្លែង​ដែល​មិនអាច​ជំនួស​បាន​។ 
 
​ការអំពាវនាវ​ខាងលើនេះ ធ្វើឡើង​ស្របពេល​អាមេរិក បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ខ្លួន​លើ​ក្រុមគ្រូពេទ្យ និង​អង់គ្លេស​លើ​ក្រុមមនុស្ស​ចាស់ ដែលមាន​អាយុ​ចាប់ពី ៨០​ឆ្នាំ​ឡើងទៅ និង​ក្រុម​ងាយ​រងគ្រោះ​។ អាមេរិក គ្រោង​នឹង​ចាក់​វ៉ាក់សាំង​លើ​មនុស្ស​ឲ្យ​បាន ២០​លាន​នាក់ មុន​ដំណាច់ឆ្នាំ ២០២០ ។​
 
​ខណៈ​ក្រុមគ្រូពេទ្យ ជា​អ្នក​ឈរ​ជួរមុខ​ក្នុង​ការទទួល​វ៉ាក់សាំង​មុនគេ គ្រូបង្រៀន ក៏​ស្ថិតនៅ​ជួរ​បន្ទាប់​នៃ​ការទទួល​វ៉ាក់សាំង​ដែរ​។ លើសពី​មនុស្ស​ទាំងពីរ​ក្រុម​នេះ ក្រុមមនុស្ស​វ័យ​ចំណាស់ និង​អ្នក​ងាយ​រងគ្រោះ ក៏​ស្ថិត​ក្នុងចំណោម​ក្រុមមនុស្ស​អាទិភាព​ដែរ​៕

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com