កីឡាអន្តរជាតិ
អន្តរជាតិ
Pep ថា គ្មាន​ជម្រើស​ណា​ល្អ​ជាង Arteta ឡើយ​សម្រាប់​តំណែង​គ្រូ Arsenal
15, Dec 2020 , 5:23 pm        
រូបភាព
​លោក Pep Guardiola អ្នកចាត់ការ Manchester City បាន​គាំទ្រ​អតីត​ជំនួយ​ការខ្លួន​លោក Mikel Arteta បើ​ទោះ​ដឹកនាំ Arsenal ទទួលលទ្ធផល​គួរ​សង្វេគ​នៅ​ដើមរដូវ​កាល​នេះ​ក៏ដោយ​។ Guardiola អះអាងថា គ្មាន​គ្រូ​ណា​ល្អ​ជាង Arteta សម្រាប់​តំណែង​នេះ​ទៀតឡើយ​។​


​ឆ្លងកាត់​ការប្រកួត​១២​លើក​ក្នុង​ក្របខណ្ឌ Premier League ក្រោម​ការដឹកនាំ​របស់​លោក Arteta កាំភ្លើង​ធំ​រក​បានតែ​១៣​ពិន្ទុ​ប៉ុណ្ណោះ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៥​។ យ៉ាងណាក៏ដោយ​ចាប់តាំងពី​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ឡើងទៅ​កាន់តំណែង​នេះ កាលពី​ខែធ្នូ​ឆ្នាំមុន បាន​ជួយ Arsenal ឈ្នះ FA Cup និង Community Shield រួចមកហើយ​។​
 
​លោក Guardiola បាន​និយាយ​នៅមុន​ការប្រកួត​លី​គរ​វាង Man City ទល់ West Brom នៅ​ថ្ងៃទី​១៥ ខែធ្នូ​ន​ថា​៖«Arsenal មិនមាន​អ្នកចាត់ការ​ណា​ល្អ​ជាង​នេះ ដើម្បី​អាចដឹកនាំ​ក្រុម​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយៗ​ទៀត​បានទេ​។ ខ្ញុំ​មិនចាំបាច់​ផ្តល់​ការគាំទ្រ​ជា​សាធារណៈ​ទេពី​ព្រោះ​គាត់ Arteta មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ហើយ​។ គាត់​ជា​អ្នកចាត់ការ​ដ៏​ឆ្នើម​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ធ្វើការ​ជាមួយ​»​។​
 
​អតីត​អ្នកចាត់ការ Barcelona និង Bayern Munich បន្ថែមថា លោក​ប្រាកដ​ណាស់​ថា​អតីត​ជំនួយការ​របស់ខ្លួន​រូ​ប​នេះ នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​កែប្រែ​ស្ថាន​ការ​ក្រុម​ដែល​កំពុង​យ៉ាន់​យ៉ឺ​ន​ឲ្យ​ល្អប្រសើរ​វិញ​បាន​។ «​ប្រសិនបើ​ខ្ញុំ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្លិប ខ្ញុំ​នឹងមិន​មានការ​សង្ស័យ​អំពី​សមត្ថភាព​របស់ Arteta បើ​ទោះ Arsenal ស្ថិតក្នុង​ស្ថានភាព​នេះ​ក្តី​»​។​
 
Arsenal កាន់តែ​ធ្លាក់​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន ក្រោយ​បន្ត​ចាញ់ Burnley ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ១-០ និង​ជា​បរាជ័យ​លើក​ទី​៧​ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។ អ្វីដែល​គួរ​ឲ្យ​អាម៉ាស​សម្រាប់​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Arteta គឺ​បរាជ័យ​ក្នុង​ដី​លើក​ទី​បួន​ជាប់​គ្នា​ជា​លើកដំបូង​ក្នុង​រយៈពេល ៦១ ឆ្នាំ​ផងដែរ​៕

Tag:
 Pep Guardiola
  Mikel Arteta
© រក្សាសិទ្ធិដោយ thmeythmey.com